Krungsri ជំរុញកំណើនសេដ្ឋកិច្ចឌីជីថលក្នុងតំបន់អាស៊ាន ចាប់ដៃជាមួយដៃគូយុទ្ធសាស្ត្រ ដើម្បីបង្កើនសក្តានុពលនៃធុរកិច្ចថ្មីនៅកម្ពុជា

ទីក្រុងបាងកក (ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២២) – ធនាគារក្រុងស្រ៊ី (ធនាគារ អយុធ្យា ម.ក) និង Krungsri Finnovate បន្តគាំទ្រការវិនិយោគលើបច្ចេកវិទ្យា និងធុរកិច្ចថ្មីៗ ក្នុងប្រទេសអាស៊ាន តាមរយៈការចាប់ដៃជាមួយធនាគារ ហត្ថា ដើម្បីសហការជាមួយ មជ្ឈមណ្ឌលបណ្តុះបណ្តាលធុរកិច្ចថ្មី«តេជោ»  ដែលជាស្ថាប័នផ្តល់មូលនិធិដោយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីលើកកម្ពស់កំណើននៃធុរកិច្ចថ្មីនៅកម្ពុជា។ កិច្ចសហការនេះមានគោលបំណងពង្រីកសក្តានុពល និងជំរុញកំណើននៃធុរកិច្ចថ្មីនៅកម្ពុជាឆ្ពោះទៅកាន់ស្តង់ដារអន្តរជាតិ។

ពិធីចុះហត្ថលេខាតាមប្រព័ន្ធនិម្មិតលើអនុស្សរណៈនៃការយោគយល់គ្នារវាងស្ថាប័នទាំងបួនបានធ្វើឡើងនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២ ដោយមានការចូលរួមពី លោក Seiichiro Akita ប្រធានអគ្គនាយក ធនាគារក្រុងស្រ៊ីនៃព្រះរាជាណាចក្រថៃឡង់ដ៏ លោក Yoshiyuki Horio នាយក ប្រព័ន្ធធនាគារសាជីវកម្ម និងពហុជាតិជប៉ុន (JPC/MNC Banking) នៃធនាគារ ក្រុងស៊្រី លោក Sam Tanskul នាយកគ្រប់គ្រង Krungsri Finnovate លោកបណ្ឌិត ងួន លី តាំង នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលបណ្តុះបណ្តាលធុរកិច្ចថ្មី«តេជោ» និងលោកឧកញ៉ា ហួត អៀងតុង ប្រធានអគ្គនាយកនៃធនាគារ ហត្ថា។ អនុស្សរណៈនៃការយោគយល់គ្នានេះត្រូវបានធ្វើឡើងក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសថៃ និងប្រទេសកម្ពុជាលើវិស័យផ្សេងៗទាក់ទងនឹងឌីជីថល។ ក្រុមហ៊ុន Krungsri Finnovate នឹងចូលរួមជាមួយ មជ្ឈមណ្ឌលបណ្តុះបណ្តាលធុរកិច្ចថ្មី«តេជោ» ក្នុងការបណ្ដុះបណ្ដាលអ្នកធុរកិច្ចថ្មីនៅកម្ពុជា តាមរយៈកម្មវិធីបណ្តុះបណ្តាលចំណេះដឹង ក៏ដូចជាការផ្សព្វផ្សាយឱកាសទីផ្សារសម្រាប់ធុរកិច្ចថ្មីទាំងនេះឱ្យមានការទទួលស្គាល់នៅក្នុងប្រទេសថៃ។

លោក Seiichiro Akita, ប្រធានអគ្គនាយក ធនាគារក្រុងស្រ៊ីនៃព្រះរាជាណាចក្រថៃឡង់ដ៏បានមានប្រសាសន៍ក្នុងពិធីចុះហត្ថលេខានេះថា "យោងតាមផែនការអាជីវកម្មរយៈពេលមធ្យម(MTBP)ឆ្នាំ ២០២១-២០២៣ របស់ធានាគារ ក្រុងស្រ៊ី យើងមានគោលបំណងកសាងប្រព័ន្ធអេកូឡូស៊ី និងភាពជាដៃគូ ព្រមទាំងអភិវឌ្ឍបច្ចេកវិទ្យាឌីជីថល និងព័ត៌មានវិទ្យា។ ការពង្រឹង និងការពង្រីកនៅតំបន់អាស៊ានក៏ជាទិសដៅយុទ្ធសាស្ត្រដ៏សំខាន់មួយស្ថិតក្រោម MTBP ដែលយើងប្តេជ្ញាកសាងការតភ្ជាប់ទូទាំងទីផ្សារអាស៊ាន ដើម្បីបន្តភាពជាអ្នកដឹកនាំរបស់យើងនៅក្នុងតំបន់នេះ។ កិច្ចសហការតាមរយៈ អនុស្សរណៈនៃការយោគយល់គ្នានេះអនុលោមតាមចក្ខុវិស័យ និងបេសកកម្មរបស់យើងក្នុងការពង្រឹងភាពជឿនលឿនផ្នែកបច្ចេកវិទ្យានៅក្នុងប្រទេសថៃឡង់ដ៏ ក៏ដូចជាកំណើនអាជីវកម្មនៅក្នុងតំបន់អាស៊ាន។ យើងជឿជាក់ថាជំនាញរបស់យើងរួមជាមួយនឹងបណ្តាញដ៏រឹងមាំរបស់ MUFG អាចគាំទ្រដល់ការពង្រីកធុរកិច្ចថ្មីនៅក្នុងប្រទេសកម្ពុជា និងបន្តពង្រឹងកំណើនសេដ្ឋកិច្ចនៃប្រទេសទាំងពីរ។ ធនាគារក្រុងស្រ៊ី មានសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំងចំពោះភាពជាដៃគូនេះ ហើយយើងត្រៀមខ្លួនជាស្រេចក្នុងការចូលរួមក្នុងការអភិវឌ្ឍន៍ជាបន្តបន្ទាប់នៃឧស្សាហកម្មបច្ចេកវិទ្យាតាមរយៈការសហការពេញលេញរបស់យើង។

លោកបណ្ឌិត ងួន លី តាំង នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលបណ្តុះបណ្តាលធុរកិច្ចថ្មី«តេជោ» បានមានប្រសាសន៍ថា “រាជរដ្ឋាភិបាលកម្ពុជាបានកំណត់គោលដៅជំរុញទម្រង់ថ្មីនៃការអភិវឌ្ឍជាតិជាមួយនឹងសេដ្ឋកិច្ចឌីជីថល និងបានផ្សព្វផ្សាយក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ចឌីជីថល និងសង្គមសម្រាប់ប្រទេសជាតិតាមរយៈការកសាងមូលដ្ឋានគ្រឹះដើម្បីលើកកម្ពស់ការចាប់យកប្រព័ន្ធឌីជីថល ដែលនឹងនាំទៅដល់ការផ្លាស់ប្តូរសង្គមគ្រប់ទម្រង់ ដើម្បីពន្លឿនកំណើនសេដ្ឋកិច្ច និងលើកកម្ពស់សុខុមាលភាពសង្គមក្នុងទម្រង់ថ្មី។ ដើម្បីជួយសម្រួលដល់កិច្ចខិតខំប្រឹងប្រែងនេះ រាជរដ្ឋាភិបាលបានផ្តួចផ្តើមបង្កើតស្ថាប័នពាក់ព័ន្ធនានា រួមទាំងមជ្ឈមណ្ឌលបណ្តុះបណ្តាលធុរកិច្ចថ្មី«តេជោ» ដែលមានបេសកកម្មសំខាន់ៗចំនួន ៤ ដូចខាងក្រោម៖ ១) បណ្តុះបណ្តាលធុរកិច្ចថ្មីឱ្យក្លាយទៅជាអាជីវកម្មជោគជ័យ 2) កសាងប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីនៅកម្ពុជា តាមរយៈកម្មវិធី និងសកម្មភាពដ៏ធំទូលាយ។ 3) ធ្វើការសិក្សាស្រាវជ្រាវ និងពង្រាងអនុសាសន៍គោលនយោបាយក្នុងវិស័យសេដ្ឋកិច្ចឌីជីថល និង 4) ដើម្បីបង្កើតកត្តាជំរុញការផ្លាស់ប្តូរឌីជីថល។ ដើម្បីសម្រេចបាននូវបេសកកម្មទាំងនេះ មជ្ឈមណ្ឌលបណ្តុះបណ្តាលធុរកិច្ចថ្មី«តេជោ» ត្រូវធ្វើការរួមគ្នាជាមួយស្ថាប័នក្នុងស្រុក និងអន្តរជាតិ ដើម្បីបង្កើនប្រសិទ្ធភាពប្រតិបត្តិការ និងបង្កើតការយល់ដឹង។ បច្ចុប្បន្នយើងកំពុងសហការយ៉ាងល្អជាមួយធនាគារ ហត្ថា ហើយក៏សូមអរគុណ ធនាគារ ក្រុងស្រ៊ី និង Krungsri Finnovate ដែលបានចូលរួមជាមួយពួកយើងក្នុងការចុះហត្ថលេខាលើលើអនុស្សរណៈនៃការយោគយល់គ្នានេះ។ យើងសង្ឃឹមថាកិច្ចសហការនេះនឹងនាំមកនូវការគាំទ្រ និងការផ្សព្វផ្សាយប្រកបដោយជោគជ័យសម្រាប់ធុរកិច្ចថ្មី ការបង្កើតប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មី និងការពង្រីកឱកាសវិនិយោគសម្រាប់អាជីវកម្មឌីជីថលនៅកម្ពុជា។

--ចប់--

អំពី ធនាគារក្រុងស្រ៊ី

ធនាគារ ក្រុងស៊្រី (ធនាគារ អយុធ្យា ម.ក និង ក្រុមហ៊ុនជាបុត្រសម្ព័ន្ធ) គឺជាសម្ព័ន្ធហិរញ្ញវត្ថុ ធំជាងគេលំដាប់ទី៥ នៅក្នុងព្រះរាជាណាចក្រថៃ ដោយយោងលើទំហំទ្រព្យសកម្ម ផលប័ត្រឥណទាន និងប្រាក់បញ្ញើសន្សំ និងជាធនាគារមួយក្នុងចំណោមធនាគារ D-SIBs ចំនួនប្រាំមួយ ដែលបានធ្វើប្រតិបត្តិការ អាជីវកម្មជូនអតិថិជនរបស់ខ្លួនអស់រយៈពេល ៧៧ ឆ្នាំ មកហើយ។ ធនាគារក្រុងស៊្រីគឺជា សមាជិកយុទ្ធសាស្ត្ររបស់សម្ព័ន្ធហិរញ្ញវត្ថុ MUFG ដែលជាសម្ព័ន្ធហិរញ្ញវត្ថុធំជាងគេបង្អស់នៅជប៉ុន ក៏ដូចជាសម្ព័ន្ធហិរញ្ញវត្ថុដ៏ធំមួយក្នុងចំណោមសម្ព័ន្ធហិរញ្ញវត្ថុធំៗផ្សេងទៀតនៅលើពិភពលោក។ ធនាគារក្រុងស៊្រី ផ្តល់ជូនអតិថិជនរបស់ខ្លួនយ៉ាងទូលំទូលាយនូវសេវាធនាគារ និងហិរញ្ញវត្ថុ ការវិនិយោគ ការគ្រប់គ្រងទ្រព្យសកម្ម និងសេវាហិរញ្ញវត្ថុជាច្រើនផ្សេងទៀត ទៅកាន់អតិថិជនជាបុគ្គល ជាសហគ្រាសខ្នាតតូច និងមធ្យម និងជាសាជីវកម្មធំៗ តាមរយៈបណ្តាញការិយាល័យ ៦២៩ ទីតាំង (ការិយាល័យសាខាចំនួន ៥៩០ ទីតាំង និងការិយាល័យស្វ័យធនាគារចំនួន ៣៩ ទីតាំង) និង តំណាងចែកចាយចំនួន ៣៤.២៥៨ ទីតាំង នៅទូទាំងប្រទេស។ ធនាគារ ក្រុងស្រ៊ី គឺជាស្ថាប័នដែលបានចេញប័ណ្ណច្រើនជាងគេបង្អស់នៅក្នុងព្រះរាជាណាចក្រថៃ ក្នុងនោះរួមមានប័ណ្ណឥណទានចំនួន ៩,៧ លានប័ណ្ណ ការចេញប័ណ្ណសម្រាប់សេវាហិរញ្ញវត្ថុផ្សេងៗ និងសេវាឥណទានផ្ទាល់ខ្លួន គឺជាក្រុមហ៊ុនផ្តល់សេវាឥណទានបង់រំលស់យានយន្ត(ក្រុងស្រ៊ីអូតូ) គឺជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនគ្រប់គ្រងទ្រព្យសកម្មដែលមានការរីកចម្រើនយ៉ាងឆាប់រហ័សបំផុត និងជាក្រុមហ៊ុនដំបូងគេដែលបានផ្តល់ជូនសេវាមីក្រូហិរញ្ញវត្ថុតាមរយៈក្រុមហ៊ុន Ngern Tid Lor

ធនាគារ ក្រុងស្រ៊ី មានការប្តេជ្ញាចិត្តខ្ពស់បំផុតក្នុងការធ្វើអាជីវកម្មប្រកបដោយសុចរិតភាព។ គ្រប់ក្រុមហ៊ុនដែលជាបុត្រសម្ព័ន្ធ ទាំងអស់ទទួលបានការវាយតម្លៃពីសម្ព័ន្ធភាពសកម្មភាពឯកជនប្រឆាំងអំពើពុករលួយ (CAC) សហការជាមួយដៃគូពាណិជ្ជកម្ម និងភាគីពាក់ព័ន្ធរបស់ខ្លួន ដើម្បីធានាបានថាគ្មានអំពើពុករលួយនៅក្នុងកិច្ចប្រតិបត្តិការអាជីវកម្មរបស់ខ្លួន។

អំពីក្រុមហ៊ុន MUFG (Mitsubishi UFJ Financial Group, Inc. )

ក្រុមហ៊ុន MUFG គឺជាសម្ព័ន្ធហិរញ្ញវត្ថុដ៏ធំមួយក្នុងចំណោមសម្ព័ន្ធហិរញ្ញវត្ថុធំៗផ្សេងទៀតនៅលើពិភពលោក។ MUFG មានទីតាំងការិយាល័យកណ្តាលស្ថិតនៅទីក្រុងតូក្យូ និងមានប្រវត្តិប្រតិបត្តិការជាង ៣៦០ ឆ្នាំមកហើយ និងជាក្រុមហ៊ុនបណ្តាញសកលដែលមានការិយាល័យជាង ២.៤០០ ទីតាំង ក្នុងជាង ៥០ប្រទេស។ ក្រុមហ៊ុន MUFG មាននិយោជិតសរុបជាង ១៧០.០០០ នាក់ និងធ្វើការផ្តល់ជូនសេវាកម្មជាច្រើនដូចជា៖ សេវាធនាគារពាណិជ្ជ Trust Banking ទីផ្សារមូលប័ត្រ ប័ណ្ណឥណទាន សេវាហិរញ្ញវត្ថុ ការគ្រប់គ្រងទ្រព្យសកម្ម និងសេវាកម្មជួល។ គោលដៅរបស់ MUFG គឺក្លាយជាសម្ព័ន្ធហិរញ្ញវត្ថុដ៏ធំ និងគួរឲ្យទុកចិត្តបំផុតលំដាប់ពិភពលោក តាមរយៈការសហការគ្នាយ៉ាងជិតស្និទ្ធរវាងក្រុមហ៊ុនជាបុត្រសម្ព័ន្ធរបស់ខ្លួន និងមានភាពបត់បែនខ្ពស់ដើម្បីឆ្លើយតបទៅនឹងតម្រូវការហិរញ្ញវត្ថុរបស់អតិថិជន ក៏ដូចជាបម្រើ និងជំរុញភាពរីកចម្រើនប្រកបដោយចីរភាពសម្រាប់ពិភពលោកទាំងមូល។