ធនាគារ ហត្ថា បរិច្ចាគគ្រែពេទ្យដល់មន្ទីរពេទ្យបង្អែកឧដុង្គដើម្បីឱ្យប្រជាពលរដ្ឋទទួលបានការព្យាបាលគ្រប់គ្រាន់ និងមានផាសុកភាព

ខេត្តកំពង់ស្ពឺ ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១៖ ធនាគារ ហត្ថា ដែលជាធនាគារពាណិជ្ជមានបណ្តាញការិយាល័យធំជាងគេលំដាប់ទី២ក្នុងប្រទេសកម្ពុជា បានបរិច្ចាគគ្រែពេទ្យចំនួន ១០ ជូនដល់មន្ទីរពេទ្យបង្អែកឧដុង្គ នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១។ ការចូលរួមបរិច្ចាគនេះផងដែរ គឺធ្វើឡើងក្នុងគោលបំណងឱ្យប្រជាពលរដ្ឋនៅក្នុងសហគមន៍ទាំងមូលទទួលបានសេវាថែទាំសុខភាព និងការថែទាំជំងឺពេញលេញប្រកបដោយផាសុកភាពបំផុត ជាពិសេសស្របពេលដែរមន្ទីរពេទ្យកំពុងតែត្រូវការគ្រែជាចាំបាច់សម្រាប់ត្រៀមថែទាំអ្នកជំងឺក្នុងកំឡុកពេលដែលជំងឺកូវីដ១៩ កំពុងតែរីករាលដាលយ៉ាងខ្លាំងក្នុងប្រទេសកម្ពុជាយើងផងដែរ។

គួរបញ្ជាក់ផងដែរថា ការឧបត្ថម្ភគ្រែពេទ្យនេះមិនមែនជាសកម្មភាពការងារសង្គមលើកទីមួយរបស់ ធនាគារ ហត្ថានោះទេ។ កន្លងមក ធនាគារ បានផ្តួចផ្តើម និងចូលរួមការងារសង្គមផ្សេងៗទៀតយ៉ាងសកម្មបំផុត និងបានឧបត្ថម្ភគ្រែពេទ្យជាច្រើនដល់មន្ទីរពេទ្យបង្អែកនៅតាមទីជនបទ ដើម្បីឱ្យមន្ទីរពេទ្យមានគ្រែគ្រប់គ្រាន់សម្រាប់អ្នកជំងឺសំរាកព្យាបាល និងប្រាកដថាប្រជាពលរដ្ឋនឹងទទួលបានសេវាថែទាំសុខភាពបានយ៉ាងល្អពីសំណាក់លោកគ្រូអ្នកគ្រូពេទ្យរបស់យើង។ ទន្ទឹមនឹងនេះផងដែរ គណៈគ្រប់គ្រង ព្រមទាំងបុគ្គលិកទាំងអស់ នៃធនាគារ ហត្ថា តែងតែផ្តោតសំខាន់ និងចូលរួមយ៉ាងសស្រាក់សស្រាំក្នុងការលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋតាមសហគមន៍ឱ្យទទួលបានសេវាថែទាំសុខភាពស្មើៗគ្នា និងប្រកបដោយគុណភាពខ្ពស់។

ការឧបត្ថម្ភមួយនេះមិនត្រឹមតែជួយលើកកម្ពស់សុខុមាលភាពតែមួយមុខនោះទេ តែនេះគឺជាទង្វើដ៏ល្អប្រពៃមួយដែរបញ្ជាក់ពីការជួយគ្នាក្នុងគ្រាខ្វះខាត ជាពិសេសជាការឆ្លើយតបខណៈពេលដែលប្រទេសជាតិយើងកំពុងតែជួបទុក្ខលំបាកដោយសារជំងឺកូវីដ១៩។

អំពីធនាគារ ហត្ថា

គួររំលឹកផងដែរថា ធនាគារ ហត្ថា បានកម្លាយខ្លួនជាផ្លូវការទៅជាធនាគារពាណិជ្ជពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុហត្ថា កសិករ លីមីតធីត នៅខែសីហា ឆ្នាំ២០២០ បន្ទាប់ពីបានផ្តល់សេវាហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជាជាង ២៦ឆ្នាំ។ គិតត្រឹមខែមីនា ឆ្នាំ២០២១ ធនាគារ ហត្ថា មានការិយាល័យសាខាសរុបចំនួន ១៧៧ ម៉ាស៊ីនអេធីអឹមចំនួន ១៣៧ សមតុល្យប្រាក់បញ្ញើសន្សំសរុប ៨២២លានដុល្លារអាមេរិក និងផលប័ត្រឥណទានសម្រេចបាន ១,៤១២លានដុល្លារអាមេរិក។ នាពេលបច្ចុប្បន្ននេះ ធនាគារ ហត្ថា ផ្តល់សេវាកម្មហិរញ្ញវត្ថុយ៉ាងច្រើនសម្បូរបែបដល់អតិថិជនដូចជា៖ សេវាឥណទាន សេវាប្រាក់បញ្ញើសន្សំ សេវាផ្ទេរប្រាក់ក្នុងស្រុក សេវាផ្ទេរប្រាក់ឆ្លងធនាគារក្នុងស្រុក សេវាអេធីអឹម សេវាធនាគារចល័ត សេវាបើកប្រាក់បៀវត្ស ព្រមទាំងជាភ្នាក់ងារណែនាំលក់សេវាធានារ៉ាប់រង។

ធនាគារ ហត្ថា គឺជាបុត្រសម្ព័ន្ធរបស់ធនាគារក្រុងស្រ៊ី ដែលជាធនាគារពាណិជ្ជធំជាងគេលំដាប់ទី ៥ នៅព្រះរាជាណាចក្រថៃឡង់ដ៏ និងជាសមាជិករបស់សម្ព័ន្ធហិរញ្ញវត្ថុអន្តរជាតិ Mitsubishi UFJ Financial Group (MUFG) ដែលជាសម្ព័ន្ធហិរញ្ញវត្ថុធំជាងគេបំផុតនៅប្រទេសជប៉ុន ព្រមទាំងជាសម្ព័ន្ធសេវាហិរញ្ញវត្ថុដ៏ធំមួយក្នុងចំណោមសម្ព័ន្ធហិរញ្ញវត្ថុធំជាងគេលើសកលលោក។