ភ្នំពេញ ថ្ងៃពុធ ទី១១ ខែឧសភា ឆ្នាំ២០២២៖ បុគ្គលិករបស់ ធនាគារ ហត្ថា ប្រមាណជាង១០០នាក់មកពីការិយាល័យកណ្តាល
និងសាខានានាស្ថិតក្នុងរាជធានីភ្នំពេញបានរួមគ្នាបរិច្ចាគឈាម ក្រោមប្រធានបទ “បរិច្ចាគឈាម សង្រ្គោះជីវិត ពិតជួយសង្គមជាតិ”។ កម្មវិធីនេះបានប្រព្រឹត្តិទៅនៅធនាគារ
ហត្ថា សាខាចំការមន ដែលស្ថិតនៅតាមបណ្តោយមហាវិថីព្រះមុន្នីវង្ស
ដោយមានការអញ្ជើញចូលរួមពីលោកស្រីវេជ្ជបណ្ឌិត មើក សាមាន
អនុប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម ព្រមទាំងសហការី និង លោកឧកញ៉ា ហួត អៀងតុង
ប្រធានអគ្គនាយក ធនាគារ ហត្ថា ព្រមទាំងថ្នាក់គ្រប់គ្រង និងបុគ្គលិកនៃធនាគារ ហត្ថា
សរុបប្រមាណជា ១៥០នាក់។
ការបរិច្ចាគឈាមរបស់បុគ្គលិក ធនាគារ ហត្ថា
ក្នុងថ្ងៃនេះបានសបញ្ជាក់យ៉ាងច្បាស់អំពីការចូលរួមយ៉ាងសកម្មក្នុងសកម្មភាពទំនួលខុសត្រូវសង្គមជាមួយនឹងការយកចិត្តទុកដាក់
ការស្រលាញ់ និងចូលរួមដើម្បីជាប្រយោជន៍ដល់សហគមន៍ និងសង្គមជាតិ។
លោក លោកស្រីវេជ្ជបណ្ឌិត មើក
សាមាន អនុប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាមបានសម្តែងនូវសេចក្តីសប្បាយរីករាយដោយឃើញបុគ្គលិក
ធនាគារ ហត្ថា បានផ្តួចផ្តើមរៀបចំកម្មវិធីនេះឡើង។ លោកស្រីបានលើកឡើងថា “ខ្ញុំពិតជាសប្បាយរីករាយជាខ្លាំង ដែលក្រុមការងារធនាគារ ហត្ថា
បានរួមគ្នាស្ម័គ្រចិត្តដើម្បីបរិច្ចាគឈាមជូនមជ្ឈមណ្ឌលជាតិ
ផ្តល់ឈាមក្នុងថ្ងៃនេះហើយឈាមដែលបរិច្ចាគនេះនឹងជួយសង្គ្រោះអាយុជីវិតអ្នកជំងឺបានទាន់ពេលវេលា
ពីព្រោះមជ្ឈមណ្ឌលនឹងផ្តល់ឈាមជូនអ្នកជំងឺភ្លាមៗប្រសិនបើគាត់ត្រូវការបន្ទាន់
និងចាំបាច់ដោយមិនតម្រូវឱ្យរកមនុស្សមកបរិច្ចាគដើម្បីផ្លាស់ប្តូរឡើយ“ ។
លោកឧកញ៉ា ហួត អៀងតុង ប្រធានអគ្គនាយក ធនាគារ ហត្ថា បានមានប្រសាសន៍ថា “គណៈគ្រប់គ្រងនិងបុគ្គលិកទាំងអស់របស់ធនាគារ ហត្ថា
ពិតជាមានសេចក្តីសោមនស្សរីករាយ និងកិត្តិយស
ដែលបានរៀបចំកម្មវិធី ទំនួលខុសត្រូវសង្គម ក្រោមប្រធានបទ “បរិច្ចាគឈាម សង្រ្គោះជីវិត ពិតជួយសង្គមជាតិ” ដែលរៀបចំដោយធនាគារ ហត្ថា និងមានការសហការពីមជ្ឈមណ្ឌលជាតិផ្តល់ឈាម
ដែលមានវត្តមានរបស់លោកស្រីវេជ្ជបណ្ឌិត មើក សាមាន ជាអនុប្រធានមជ្ឈមណ្ឌល”។ លោកបន្តថា “កម្មវិធីខាងលើនេះគឺ ផ្តោតសំខាន់លើការលើកកម្ពស់សុខមាលភាពសង្គម
ព្រមទាំងកាត់បន្ថយអត្រាបាត់បង់ជីវិតរបស់ប្រជាជនកម្ពុជាដោយសារកង្វះខាតឈាមនៅពេលមានតម្រូវការ”។
ជាចុងក្រោយ លោកជឿជាក់ថាសកម្មភាពថ្ងៃនេះ នឹងក្លាយជាគំរូដ៏ល្អមួយក្នុងការផ្សព្វផ្សាយ
និងលើកទឹកចិត្តឱ្យមានការបរិច្ចាគឈាម ដោយស្ម័គ្រចិត្តបន្ថែមទៀត
សូមបញ្ជាក់ថា ធនាគារ ហត្ថា បានកម្លាយខ្លួនជាផ្លូវការពី
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុហត្ថា កសិករ លីមីតធីត មកជាធនាគារពាណិជ្ជ នៅខែសីហា
ឆ្នាំ២០២០ បន្ទាប់ពីបានផ្តល់សេវាហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជាជាង ២៧ឆ្នាំ។ គិតត្រឹមខែមេសា ឆ្នាំ២០២២ ធនាគារ ហត្ថា មានការិយាល័យសាខាសរុបចំនួន ១៧៧
ម៉ាស៊ីនអេធីអឹមចំនួន ១៣៧ ហើយមានអតិថិជនបានបើកគណនីសរុបជាង ៥០០.០០០ គណនី ជាមួយផលប័ត្រឥណទានសរុបជាង ១.៩០០ លានដុល្លារអាមេរិក
និងប្រាក់បញ្ញើសន្សំសរុបជិត ១.២០០ លានដុល្លារអាមេរិក។
ចំណែកឯអតិថិជនដែលកំពុងប្រើប្រាស់កាតអេធីអឹមរបស់ធនាគារ ហត្ថា មានសរុបជិត ៨០.០០០នាក់ និងមានអតិថិជនប្រើប្រាស់សេវា Hattha Mobile មានសរុប ចំនួនជាង ៩០.០០០នាក់។
ជាមួយនឹងការផ្តល់សេវាហិរញ្ញវត្ថុយ៉ាងច្រើនសម្បូរបែបដល់អតិថិជនដូចជា៖
សេវាឥណទាន សេវាប្រាក់បញ្ញើសន្សំ សេវាផ្ទេរប្រាក់ក្នុងស្រុក
សេវាផ្ទេរប្រាក់ឆ្លងធនាគារក្នុងស្រុក សេវាអេធីអឹម សេវាធនាគារចល័ត
សេវាបើកប្រាក់បៀវត្ស ព្រមទាំងជាភ្នាក់ងារណែនាំសេវាធានារ៉ាប់រង
និងសេវាហិរញ្ញវត្ថុជាច្រើនផ្សេងទៀត។
ធនាគារ ហត្ថា
គឺជាបុត្រសម្ព័ន្ធរបស់ធនាគារក្រុងស្រ៊ី ដែលជាធនាគារពាណិជ្ជធំជាងគេលំដាប់ទី ៥
នៅព្រះរាជាណាចក្រថៃឡង់ដ៏ និងជាសមាជិករបស់សម្ព័ន្ធហិរញ្ញវត្ថុអន្តរជាតិ Mitsubishi UFJ Financial Group
(MUFG) ដែលជាសម្ព័ន្ធហិរញ្ញវត្ថុធំជាងគេបំផុតនៅប្រទេសជប៉ុន
ព្រមទាំងជាសម្ព័ន្ធសេវាហិរញ្ញវត្ថុដ៏ធំមួយក្នុងចំណោមសម្ព័ន្ធហិរញ្ញវត្ថុធំជាងគេលើសកលលោក។