ធនាគារ ហត្ថា ម.ក វិនិយោគ ១៥លានដុល្លាអាមេរិកលើមូលបត្របំណុលរបស់ក្រុមហ៊ុនCAIC ដើម្បីចូលរួមគាំទ្រគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ

កាលបរិច្ឆេទ៖ ថ្ងៃសុក្រ ទី ខែមីនា ឆ្នាំ២០២២ ពិធីចុះហត្ថលេខានេះធ្វើឡើងរវាងក្រុមហ៊ុន Cambodia Airport Investment Co., Ltd (CAIC) តំណាងដោយ​ លោក​ឆារស៍​ វ៉ាន់ Charles Vann ជាអគ្គនាយករង និងធនាគារ ហត្ថា ម.ក​​ តំណាងដោយ លោកឧកញ៉ា ហួតអៀងតុង ជាប្រធានអគ្គនាយក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់អ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ ប្រធានក្រុមប្រឹក្សា   ភិបាលក្រុមហ៊ុន OCIC សម្រាប់ការវិនិយោគលើសញ្ញាបណ្ណមានបុគ្គលធានា ១៥លានរៀល របស់គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ (ការបោះផ្សាយជាលក្ខណៈបុគ្គល)

ទឹកប្រាក់វិនិយោគដែលទទួលបានពីសញ្ញាបណ្ណនេះ នឹងត្រូវប្រើប្រាស់សម្រាប់ការសាងសង់ និងការអភិវឌ្ឍ គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ នៅខេត្តកណ្តាល។ គម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោ បច្ចុប្បន្នសម្រេចបាន ៣% ដែលបានចំណាយទឹកប្រាក់សរុប ៤១៤ លានដុល្លារអាមេរិក (ដោយមិនរាប់បញ្ចូលថ្លៃដីដែលវិនិយោគរួចដោយ​ CAIC)។

អត្រាការប្រាក់(Coupon rate) របស់សញ្ញាបណ្ណនេះគឺ 5.5% ក្នុងមួយឆ្នាំ ជាមួយនឹងរយៈពេល ​(tenor) 3ឆ្នាំ ហើយត្រូវបានធានាដោយក្រុមហ៊ុន OCIC

ក្រុមហ៊ុន OCIC គឺជាក្រុមហ៊ុនវិនិយោគក្នុងស្រុកមួយធំជាងគេក្នុងប្រទេសកម្ពុជា ​ដែលជំនាញនៅក្នុងការអភិវឌ្ឍ លើវិស័យហេដ្ឋារចនាសម្ព័ន្ធ អចលនទ្រព្យ សំណង់ ការគ្រប់គ្រងអចលនទ្រព្យ ការអប់រំ វេជ្ជសាស្ត្រ ផ្សារទំនើប សណ្ឋាគារ រោងម៉ាស៊ីនកិនស្រូវ និងសង្វាក់ផលិតកម្មជាដើម ជាមួយនឹងគម្រោងសំខាន់ៗជាច្រើនដូចជា អាកាសយាន្តដ្ឋានអន្តរជាតិតេជោ ទីក្រុងកោះពេជ្រ កោះនរា ទីក្រុងរណបជ្រោយចង្វារ និង ទីក្រុងទំនើប Olympia​ ជាដើម

CAIC គឺជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា​ (RGC) ដែលតំណាងដោយរដ្ឋលេខាធិកាដ្ឋាន អាកាសចរស៊ីវិល និង ក្រុមហ៊ុន OCIC ។ រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់សិទ្ធិឱ្យ ក្រុមហ៊ុនCAIC ក្នុងការកាន់កាប់  រចនា ប្លង់ សាងសង់ ធ្វើហិរញ្ញប្បទាន និងគ្រប់គ្រងប្រតិបត្តិការគម្រោង អាកាសយានដ្ឋានអន្តរជាតិតេជោ

ធនាគារ ហត្ថា ម.ក គឺជាធនាគារមួយក្នុងចំណោមធនាគារឈានមុខផ្សេងទៀតនៅកម្ពុជា ដែលទទួលបានអាជ្ញាប័ណ្ណធ្វើប្រតិបត្តិការធនាគារពាណិជ្ជពី ធនាគារជាតិនៃកម្ពុជា និងក្រសួងពាណិជ្ជកម្ម ចាប់ពីថ្ងៃទី ២៦ ខែ សីហា ឆ្នាំ ២០២០។ ជាមួយបទពិសោធន៍ក្នុងការបម្រើសេវាហិរញ្ញវត្ថុទៅកាន់ប្រជាជនកម្ពុជាអស់រយៈពេលជិត ៣០ឆ្នាំ ក្រោយការផ្លាស់ប្តូរមុខមាត់ថ្មីរបស់ខ្លួន ធនាគារ ហត្ថា បានកែលម្អ និងដាក់ឱ្យប្រើប្រាស់បន្ថែមនូវសេវាកម្មហិរញ្ញវត្ថុជាច្រើនផ្សេងទៀតក្នុងនោះមានដូចជា៖ ការធ្វើឱ្យកាន់តែប្រសើរឡើងនូវសេវាធនាគារចល័ត (Hattha Mobile) ដាក់ឱ្យប្រើប្រាស់នូវសេវាផ្ទេរប្រាក់ឆ្លងធនាគារ សេវាផ្ទេរប្រាក់ឆ្លងប្រទេស សេវាឥណទានវិបារូបន៍ សេវាបញ្ញើសន្សំផលច្រើន (HYSA Flexi and HYSA Corporate) និងការត្រៀមខ្លួនក្នុងការផ្តល់ជូនសេវាធនាគារថ្មីៗផ្សេងទៀត បន្ថែមលើសេវាដែលមានស្រាប់ដូចជា៖   សេវាឥណទាន សេវាប្រាក់បញ្ញើសន្សំ សេវាផ្ទេរប្រាក់ក្នុងស្រុក សេវាអេធីអឹម សេវាបើកប្រាក់បៀវត្ស និងជាអ្នកណែនាំលក់សេវាធានារ៉ាប់រងផងដែរ។

ធនាគារ ហត្ថា គឺជាបុត្រសម្ព័ន្ធរបស់ ធនាគារ ក្រុងស្រ៊ី។ ធនាគារ ក្រុងស៊្រី (ធនាគារ អាយុធ្យា ម.ក និង ក្រុមហ៊ុនជាបុត្រសម្ព័ន្ធ) គឺជាសម្ព័ន្ធហិរញ្ញវត្ថុធំជាងគេលំដាប់ទី៥ នៅក្នុងព្រះរាជាណាចក្រថៃ ដោយយោងលើទំហំទ្រព្យសកម្ម ផលប័ត្រឥណទាន និងប្រាក់បញ្ញើសន្សំ និងជាធនាគារមួយក្នុងចំណោមធនាគារ D-SIBs ចំនួនប្រាំ ដែលបានធ្វើប្រតិបត្តិការអាជីវកម្មជូនអតិថិជនរបស់ខ្លួនអស់រយៈពេល ៧៥ ឆ្នាំ មកហើយនៅក្នុងព្រះរាជាណាចក្រថៃ។ ធនាគារ ក្រុងស៊្រី គឺជាសមាជិកយុទ្ធសាស្ត្ររបស់សម្ព័ន្ធហិរញ្ញវត្ថុ MUFG ដែលជាសម្ព័ន្ធហិរញ្ញវត្ថុធំជាងគេបង្អស់នៅជប៉ុន។