កិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុន ខេមឡៃហ្វ និងធនាគារ ហត្ថា ក្នុងការចូលរួមលើកកម្ពស់កិច្ចការពារហិរញ្ញវត្ថុដល់អតិថិជន

រាជធានីភ្នំពេញ៖​ ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២២ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត​ខ្នាតតូចកម្ពុជា​ “ខេមឡៃហ្វ” ម.ក ជាក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូចដែលទទួលបានពានរង្វាន់ជ័យលាភីក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូចល្អបំផុតនៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២១ ពីស្ថាប័ន CFI.co ដែលមានមូលដ្ឋាននៅក្នុងចក្រភពអង់គ្លេស និង ធនាគារ​ ហត្ថា ម.ក ដែលជាធនាគារមួយក្នុងចំណោមធនាគារឈានមុខគេក្នុង ព្រះរាជាណាចក្រកម្ពុជា បានចុះកិច្ចព្រមព្រៀងអាជីវកម្មប៊េងការសួរេន ដើម្បីចូលរួមលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុតាមរយៈការបង្កើនលទ្ធភាពឱ្យអតិថិជន ធនាគារ ហត្ថា​ និងសាធារណជនទទួលបានសេវាធានារ៉ាប់រង និងពង្រឹងកិច្ចការពារអតិថិជននៅក្នុង ព្រះរាជាណាចក្រកម្ពុជា។

កិច្ចសហប្រតិបត្តិការនេះគឺស្របតាមយុទ្ធសាស្ត្រប៊េងកាសួរេនរបស់ក្រុមហ៊ុន ខេមឡៃហ្វ និង ធនាគារ ហត្ថា ដើម្បីបង្កើនការយល់ដឹងដល់ប្រជាជនកម្ពុជាឱ្យយល់ច្បាស់អំពីអត្ថប្រយោជន៍នៃការប្រើប្រាស់សេវាកម្មធានារ៉ាប់រងចំពោះ សុវត្ថិភាពហិរញ្ញវត្ថុ សុខភាព និងសុខុមាលភាព។ ភាពជាដៃគូនេះ អនុញ្ញាតឱ្យទីប្រឹក្សាធានារ៉ាប់រងប្រកបដោយវិជ្ជាជីវៈរបស់ក្រុមហ៊ុន ខេមឡៃហ្វ    ផ្តល់ជូនការប្រឹក្សា ការណែនាំនូវដំណោះស្រាយ និងកិច្ចការពារហិរញ្ញវត្ថុប្រកបដោយគុណភាព និងប្រសិទ្ធភាពជូនដល់អតិថិជន។

 

លោក Johnson Chai អគ្គនាយកក្រុមហ៊ុន​ ខេមឡៃហ្វ មានប្រសាសន៍ថា “យើងមានសេចក្តីសោមនស្សរីករាយក្រៃលែងដែលក្លាយជាដៃគូយុទ្ធសាស្ត្រធានារ៉ាប់រងថ្មីរបស់ ធនាគារ ហត្ថា។ យើងមានការប្តេជ្ញាចិត្តក្នុងការបន្តអភិវឌ្ឍផលិតផលធានារ៉ាប់រងខ្នាតតូចបន្ថែមទៀតដើម្បីបំពេញសេចក្តីត្រូវការរបស់អតិថិជនធនាគារដែលមានចំណូលទាប និងមធ្យមក្នុងគោលបំណង ឱ្យពួកគាត់រស់នៅប្រកបដោយសុខុមាលភាព ជាមួយនឹងសុវត្ថិភាពហិរញ្ញវត្ថុ និងភាពកក់ក្តៅក្នុងចិត្ត ដោយដឹងថា ក្រុមហ៊ុន ខេមឡៃហ្វ តែងតែការរពារពួកគាត់គ្រប់ពេលវេលា។ ដើម្បីបំពេញតាមការសន្យារបស់យើងក្នុងការចូលរួមជំរុញឱ្យមានភាពរីកចម្រើនក្នុងវិស័យធានារ៉ាប់រង ធនាគារ ហត្ថា និងក្រុមហ៊ុន ខេមឡៃហ្វ នឹងសហការគ្នាឱ្យអស់ពីលទ្ធភាពក្នុងការស្វែងយល់ឱ្យច្បាស់អំពីតម្រូវការរបស់អតិថិជន ធ្វើយ៉ាងណាបម្រើសេវាឱ្យបានចំគោលដៅ ប្រកបដោយប្រសិទ្ធភាព និងបង្កើនភាពសម្បូរបែបនៃបណ្តាញចែកចាយក៏ដូចជាបង្កើនចំនួនអតិថិជនសម្រាប់ស្ថាប័នរបស់យើង”។     

លោកឧកញ៉ា ហួត អៀងតុង ប្រធានអគ្គនាយក ធនាគារ ហត្ថា មានប្រសាសន៍ថា បន្ទាប់ពីបានបម្រើសេវាហិរញ្ញវត្ថុនៅកម្ពុជាអស់រយៈកាល ៣ទសវត្សកន្លងមក ធនាគារ ហត្ថា សម្រេចបាននូវសមិទ្ធផលយ៉ាងល្អគាប់ជាច្រើនក្នុងនោះរាប់បញ្ចូលទាំងភាពងាយស្រួលក្នុងការប្រើប្រាស់សេវាឌីជីថល និងការបម្រើសេវាដោយផ្ទាល់ពីបុគ្គលិករបស់យើងយ៉ាងទូលំទូលាយទូទាំងប្រទេសតាមរយៈសាខាទាំង១៧៧ ការផ្តល់ជូននូវអត្រាការប្រាក់ដែលមានប្រកួតប្រជែងខ្ពស់លើទីផ្សារ និងការផ្តល់ជូនសេវាហិរញ្ញវត្ថុដែលប្រកបដោយទំនុកចិត្តខ្ពស់។ នៅថ្ងៃនេះ យើងនឹងពាំនាំនូវការផ្តល់ជូនថ្មីបន្ថែមទៀតសម្រាប់អតិថិជនរបស់យើងក្នុងការទទួលបានជម្រើសកាន់តែប្រសើរ ប្រកបដោយភាពកក់ក្តៅពីការប្រើប្រាស់សេវាហិរញ្ញវត្ថុរបស់ ធនាគារ ហត្ថា និងខេមឡៃហ្វ។ លោកបានបន្ថែមថា ការប្រើប្រាស់សេវាធានារ៉ាប់រងគឺត្រូវបានលើកទឹកចិត្តយ៉ាងទូលំទូលាយពីសំណាក់អ្នកជំនាញក្នុងការទទួលបាននូវការការពារ និងធានាបាននូវភាពជោគជ័យប្រកបដោយស្ថិរភាពគ្រប់កាលៈទេសៈ ទាំងនៅក្នុងអាជីវកម្ម និងក្នុងជីវភាពរស់នៅប្រចាំថ្ងៃគ្រប់ក្រុមគ្រួសារ

ដើម្បីអបអរសាទរភាពជាដៃគូអាជីវកម្មនេះ​ សម្រាប់អតិថិជនរបស់ ធនាគារ ហត្ថា ទាំងអស់ដែលបានប្រើប្រាស់សេវាធានារ៉ាប់រងរបស់ក្រុមហ៊ុន ខេមឡៃហ្វ នឹងទទួលបានការបញ្ចុះតម្លៃ ១២% រហូតដល់ដំណាច់ខែឧសភា ឆ្នាំ ២០២២ ផងដែរ។

អំពីក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតខ្នាតតូចកម្ពុជា “ខេមឡៃហ្វ” ម.ក​

ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតខ្នាតតូចកម្ពុជា “ខេមឡៃហ្វ” ម.ក​គឺជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ដំបូងបំផុតដែលបានបើកដំណើរការក្នុង ព្រះរាជាណាចក្រកម្ពុជា។ ក្នុងឆ្នាំ ២០១៥ ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ដែលគ្រប់គ្រងដោយ អ្នកឧកញ៉ា គិត ម៉េង បានទិញភាគហ៊ុន ១០០% ពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បច្ចុប្បន្ននេះ ខេមឡៃហ្វមិនត្រឹមតែជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតទី១ ដែលចាប់ផ្ដើមដំណើរការរបស់ខ្លួនក្នុង ព្រះរាជាណាចក្រកម្ពុជា តែប៉ុណ្ណោះទេ ថែមទាំងជាក្រុមហ៊ុនដែលត្រូវបានគ្រប់គ្រង និង ដំណើរការ ១០០% ដោយប្រជាជនកម្ពុជាមួយរូប។ ក្រុមហ៊ុនជឿជាក់ថានេះគឺជាអ្វីដែលប្រជាជនកម្ពុជាទាំងអស់អាចនឹងមានមោទកភាព។

លេខទូរសព្ទ៖​ ០៦១ ៤៣ ១១១១ ឬ ទំព័រហ្វេសប៊ុក​៖ CamlifeClub

អំពីធនាគារ ហត្ថា ម.ក

ធនាគារ ហត្ថា ម.ក គឺជាធនាគារមួយក្នុងចំណោមធនាគារឈានមុខផ្សេងទៀតនៅកម្ពុជា ដែលទទួលបានអាជ្ញាប័ណ្ណធ្វើប្រតិបត្តិការធនាគារពាណិជ្ជពី ធនាគារជាតិនៃកម្ពុជា និងក្រសួងពាណិជ្ជកម្ម ចាប់ពីថ្ងៃទី ២៦ ខែ សីហា ឆ្នាំ ២០២០។ ជាមួយបទពិសោធន៍ក្នុងការបម្រើសេវាហិរញ្ញវត្ថុទៅកាន់ប្រជាជនកម្ពុជាអស់រយៈពេលជិត ៣០ឆ្នាំ ក្រោយការផ្លាស់ប្តូរមុខមាត់ថ្មីរបស់ខ្លួន ធនាគារ ហត្ថា បានកែលម្អ និងដាក់ឱ្យប្រើប្រាស់បន្ថែមនូវសេវាកម្មហិរញ្ញវត្ថុជាច្រើនផ្សេងទៀតក្នុងនោះមានដូចជា៖ ការផ្ទេរប្រាក់ឆ្លងប្រទេសទៅកាន់ប្រទេសថៃតាមរយៈ Hattha Mobile និងសាខាទូទាំងប្រទេស សេវាទូទាត់តាម QR Code របស់ Hattha Mobile នៅប្រទេសថៃ ការដាក់ឱ្យប្រើប្រាស់ Hattha Smart Banking និងបានធ្វើការយ៉ាងជិតស្និទ្ធជាមួយធនាគារជាតិនៃកម្ពុជា ដើម្បីបើកដំណើរការផ្ទេរប្រាក់ឆ្លងធនាគារ (ប្រព័ន្ធបាគង) បានគ្រប់ទីកន្លែង គ្រប់ពេលវេលា (24/7) កាន់តែងាយស្រួល និងលឿនជាងមុន ដោយមិនចាំបាច់ទៅសាខាធនាគាដោយផ្ទាល់ និងសេវាហិរញ្ញវត្ថុជាច្រើនផ្សេងទៀត បន្ថែមលើសេវាដែលមានស្រាប់ដូចជា៖ សេវាឥណទាន សេវាប្រាក់បញ្ញើសន្សំ សេវាផ្ទេរប្រាក់ក្នុងស្រុក សេវាអេធីអឹម សេវាបើកប្រាក់បៀវត្ស និងជាអ្នកណែនាំលក់សេវាធានារ៉ាប់រងផងដែរ។

លេខទូរសព្ទ៖ ១៨០០ ២១២ ២២២ (ឥតគិតថ្លៃ)/ ០២៣ ៩៩៩ ២៦៦