ធនាគារ ហត្ថា ដាក់ឱ្យដំណើរការជាផ្លូវការនូវ Hattha Smart Banking ដើម្បីបន្តផ្តល់នូវសេវាហិរញ្ញវត្ថុយ៉ាងសម្បូរបែប និងទាន់សម័យ

រាជធានីភ្នំពេញ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២៖ ធនាគារ ហត្ថា គឺជាធនាគារពាណិជ្ជដែលមានបណ្តាញធំជាងគេលំដាប់ទី២ ផ្អែកទៅលើសាខាប្រតិបត្តិការ​ក្នុងព្រះរាជាណាចក្រកម្ពុជា បានរៀចំពិធីដាក់ឱ្យដំណើរការជាផ្លូវការនូវ Hattha Smart Banking ដើម្បីផ្តល់ជូននូវស្វ័យសេវាធនាគារ ប្រកបដោយភាពឆ្លាតវៃ ងាយស្រួលប្រើប្រាស់បាន ២៤ ម៉ោង ជាពិសេសបំពាក់ដោយបចេ្ចកវិទ្យាដ៏ទាន់សម័យដែលមានដូចជា៖ ម៉ាស៊ីនអេធីអឹមដក-ដាក់ប្រាក់ ម៉ាស៊ីនបើកគណនីប្រាក់បញ្ញើសន្សំ និងសេវាកម្មផ្សេងៗជាច្រើនទៀត។ 

លោកឧញ៉ា ហួត អៀងតុង ប្រធានអគ្គនាយក ធនាគារ ហត្ថា បានមានប្រសាសន៍ថា៖ ធនាគារ ហត្ថា បានយល់យ៉ាងច្បាស់អំពីតម្រូវការរបស់អតិថិជន ជាពិសេសតម្រូវការសេវាកម្មធនាគារតាមបែបឌីជីថល ដូចនេះបានជាធនាគារវិនិយោគនូវទឹកប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ ដើម្បីបង្កើត និងដាក់អោយប្រើប្រាស់ Hattha Smart Banking នៅថ្ងៃនេះ ។ យើងជឿជាក់ថា Hattha Smart Banking ពិតជាអាចជួយសម្រួលដល់ការធ្វើប្រតិបតិ្តការហរិញ្ញវត្ថុរបស់អតិថិជនឱ្យកាន់តែមានភាពងាយស្រួល ចំណេញពេលវេលា ជាពិសេសជាផ្នែកមួយដ៏សំខាន់សម្រាប់ការរស់នៅ និងការប្រកបអាជីវកម្មតាមបែបគន្លងប្រក្រតីភាពថ្មី ក្នុងបរិបទនៃជំងឺកូវីដ១៩”។ លោកបានបន្ថែមទៀតថា៖ “ជាជំហានដំបូង យើងដាក់អោយប្រើប្រាស់នៅសាខាចំការមននេះមួយសិន ហើយក្នុងពេលឆាប់ៗខាងមុខនេះ Hattha Smart Banking នឹងត្រូវដាក់ឱ្យប្រើប្រាស់ជាច្រើនកន្លែងផ្សេងទៀតក្នុងក្រុងភ្នំពេញ និងបណ្តាខេត្តធំៗមួយចំនួនទៀត។”

លោក នួន វីរ:ដារ៉ា អគ្គនាយកឌីជីថល ធនាគារ ហត្ថា បានមានប្រសាសន៍ថា៖ “ជាមួយ Hattha Smart Banking   អតិថិជនអាចធ្វើប្រតិបត្តិការហិរញ្ញវត្ថុយ៉ាងសម្បូរបែប ២៤/៧ បានយ៉ាងងាយស្រួល មិនអស់កម្រៃសេវា និងមានសុវត្ថិភាពខ្ពស់។ សេវាហិរញ្ញវត្ថុទំាងនោះរួមមាន បើកគណនីបញ្ញើសន្សំ បើកគណនីបញ្ញើមានកាលកំណត់ ដាក់/ដកប្រាក់ ផ្ទេរប្រាក់ក្នុងនិងឆ្លងធនាគារ បង់វិក័យបត្រគ្រប់ប្រភេទ ជាដើម។ល។”

ក្នុងឱកាសនេះផងដែរ ដើម្បីអបអរសាទរនូវសមិទ្ធផលថ្មីមួយទៀតក្នុងការដាក់ឱ្យប្រើប្រាស់នូវ Hattha Smart Banking បានដោយជោគជ័យ   ធនាគារ ហត្ថា ក៏បានរៀបចំស្តង់ប្រូមូសិន​នៅមុខការិយាល័យសាខាចំការមនរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី២៨ រហូតដល់ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២​ក្នុងគោលបំណងផ្តល់នូវពត៌មានផ្សេងៗទាក់ទងទៅនឹងសេវាហិរញ្ញវត្ថុ និងផ្តល់នូវរង្វាន់ភ្លាមៗជាច្រើនដល់អតិថិជនចូលរួមកម្មវិធីរួមមាន៖ iiWatch AirPods ឆ័ត្រ ថង់បរិស្ថាន និងវត្ថុអនុស្សាវរីយ៍ ជាច្រើនទៀត។  

ដើម្បីជ្រាបពត៌មានកាន់តែច្បាស់សូមទំនាក់ទំនង ១៨០០ ២១២ ២២២ (ឥតគិតថ្លៃ) ឬ ០២៣ ៩៩៩ ២៦៦។

អំពីធនាគារ ហត្ថា

ធនាគារ ហត្ថា បានកម្លាយខ្លួនជាផ្លូវការពី គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុហត្ថា កសិករ លីមីតធីត មកជាធនាគារពាណិជ្ជ នៅខែសីហា ឆ្នាំ២០២០ បន្ទាប់ពីបានផ្តល់សេវាហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជាជាង ២៧ឆ្នាំ។ គិតត្រឹមខែមិនា ឆ្នាំ២០២១ ធនាគារ ហត្ថា មានការិយាល័យសាខាសរុបចំនួន ១៧៧ ម៉ាស៊ីនអេធីអឹមចំនួន ១៣៧ ហើយមានអតិថិជនបានបើកគណនីសរុបជាង ៥០០,០០០គណនី ជាមួយផលប័ត្រឥណទានសរុបជិត ១,៩០០លានដុល្លារអាមេរិក និងប្រាក់បញ្ញើសន្សំសរុបជិត ១,២០០លានដុល្លារអាមេរិក។ ចំណែកឯអតិថិជនដែលកំពុងប្រើប្រាស់កាតអេធីអឹមរបស់ធនាគារ ហត្ថា មានសរុបជិត ៨០,០០០អ្នក និងមានអតិថិជនប្រើប្រាស់សេវា Hattha Mobile មានសរុបជំនួនជាង ៩០,០០០នាក់។  ជាមួយនឹងការផ្តល់សេវាហិរញ្ញវត្ថុយ៉ាងច្រើនសម្បូរបែបដល់អតិថិជនដូចជា៖ សេវាឥណទាន សេវាប្រាក់បញ្ញើសន្សំ សេវាផ្ទេរប្រាក់ក្នុងស្រុក សេវាផ្ទេរប្រាក់ឆ្លងធនាគារក្នុងស្រុក សេវាអេធីអឹម សេវាធនាគារចល័ត សេវាបើកប្រាក់បៀវត្ស ព្រមទាំងជាភ្នាក់ងារណែនាំលក់សេវាធានារ៉ាប់រង និងសេវាហិរញ្ញវត្ថុជាច្រើនផ្សេងទៀត។

ធនាគារ ហត្ថា គឺជាបុត្រសម្ព័ន្ធរបស់ធនាគារក្រុងស្រ៊ី ដែលជាធនាគារពាណិជ្ជធំជាងគេលំដាប់ទី ៥ នៅព្រះរាជាណាចក្រថៃឡង់ដ៏ និងជាសមាជិករបស់សម្ព័ន្ធហិរញ្ញវត្ថុអន្តរជាតិ Mitsubishi UFJ Financial Group (MUFG) ដែលជាសម្ព័ន្ធហិរញ្ញវត្ថុធំជាងគេបំផុតនៅប្រទេសជប៉ុន ព្រមទាំងជាសម្ព័ន្ធសេវាហិរញ្ញវត្ថុដ៏ធំមួយក្នុងចំណោមសម្ព័ន្ធហិរញ្ញវត្ថុធំជាងគេលើសកលលោក។