ធនាគារ ហត្ថា សហការជាមួយ ក្រុមហ៊ុន ទ្រូម៉ាន់នី ផ្តល់សេវាបង់សងប្រាក់កម្ចីកាន់តែងាយស្រួល និងមានប្រសិទ្ធភាព ជូនអតិថិជនរបស់ខ្លួន

ធនាគារ ហត្ថា សហការ​ជា​មួយ ក្រុមហ៊ុន ទ្រូម៉ាន់នី

ផ្តល់​សេវា​បង់​សងប្រាក់​​កម្ចី​កាន់តែ​ងាយស្រួល និង​មាន​ប្រសិទ្ធភាព ជូនអតិថិជនរបស់ខ្លួន

ធនាគារ ហត្ថា ដែលជា​ធនាគារ​ឈានមុខ​គេ​មួយ​នៅ​កម្ពុជា កំពុង​សហការ​​ជាមួយ​ ក្រុមហ៊ុន ទ្រូម៉ាន់នី ដែលជាក្រុមហ៊ុន​បច្ចេកវិទ្យា​ហិរញ្ញវត្ថុដ៏​​ល្បី​ឈ្មោះ​មួយ​នៅ​កម្ពុជា ដើម្បី​ផ្តល់​សេវា​បង់​សង​ប្រាក់​កម្ចី​កាន់តែ​រហ័ស ងាយស្រួល និង​មាន​ប្រសិទ្ធភាព​សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា​នៅទូទាំង​ប្រទេស។

គំនិត​ផ្តួច​ផ្តើមនៃកិច្ចសហប្រតិបត្តិការ​នេះត្រូវ​បានដាក់​ដំណើរការ​ក្នុង​ពិធី​ចុះ​ហត្ថលេខា​មួយ​នៅការិយាល័យ​កណ្តាល​​របស់​ ក្រុមហ៊ុន ​ទ្រូម៉ាន់នី ដែល​មាន​ទីតាំង​ស្ថិត​នៅតាម​បណ្តោយ​​​មហា​វិថី​ព្រះ​នរោត្តម នៅ​ថ្ងៃ​ព្រហស្បតិ៍​ ទី២៤ ខែ​មីនា ឆ្នាំ​២០២២ ​នេះ។

ពិធី​ចុះហត្ថលេខា​នេះ​ ត្រូវបានរៀបចំធ្វើឡើងដោយមានការអញ្ជើញចូលរួមពី​លោកឧកញ៉ា ហួត អៀងតុង ប្រធាន​អគ្គនាយក ​​នៃ​ធនាគារ ហត្ថា រួម​ជាមួយ​នឹង​​​លោក​ស្រី ឃួន ហ្រ្វង់ដារា អគ្គនាយិកា​គ្រប់​គ្រង​ផ្នែក​យុទ្ធសាស្រ្ត​​របស់​​ក្រុមហ៊ុន ទ្រូម៉ាន់នី។

លោកឧកញ៉ា ហួត អៀងតុង ប្រធាន​អគ្គនាយក​​នៃ​ធនាគារ ហត្ថា បាន​មាន​ប្រសាសន៍ថា៖ «ក្នុងនាមជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ដែលទទួលបានការកោត​សរសើរ និង​​ការគាំទ្រ​ដោយ​ធនាគារ​ ក្រុង​ស្រ៊ី ដែលជា​ធនាគារ​ដ៏ល្បីឈ្មោះ​មួយនៅក្នុង​តំបន់ ធនាគារ​ ហត្ថា​ ពិតជាមាន​មោទនភាព​ដែល​អាច​ផ្តល់​សេវា​ថ្មី​នេះ​ដើម្បី​ជា​ប្រយោជន៍​ដល់អតិថិជន​របស់​ខ្លួនក៏ដូចជា​អតិថិជនរបស់​ក្រុមហ៊ុន​ ទ្រូម៉ាន់នី​ នៅកម្ពុជា”។ លោក​បាន​បន្ថែមទៀតថា៖ «ខ្ញុំពិត​ជា​ជឿ​ជាក់ថា តាម​រយៈ​ភាព​ជាដៃគូ​នេះយើង​អាច​ផ្តល់ដំណោះ​ស្រាយ​ហិរញ្ញវត្ថុ​យ៉ាងទូលំ​ទូលាយ​ដើម្បី​ឆ្លើយ​តប​ទៅនឹង​តម្រូវការ​អតិថិជនរបស់​យើង។ សំខាន់ជាង​នេះវា​ក៏​នឹងក្លាយទៅជាផ្នែកមួយក្នុងការ​លើក​កម្ពស់​បរិយាបន្ន​ហិរញ្ញវត្ថុ​នៅ​​​កម្ពុជា និងបង្កើន​លទ្ធភាព​ជូនអតិថិជនឱ្យទទួល​បាន​សេវា​ហិរញ្ញវត្ថុ​លឿន​រហ័ស និង​មាន​សុត្ថិភាពខ្ពស់​នៅទូទាំង​ប្រទេស​ផងដែរ»

លោក​ស្រី ឃួន ហ្រ្វង់ដារា អគ្គនាយិកាគ្រប់គ្រងផ្នែកយុទ្ធសាស្រ្ត​របស់​ក្រុមហ៊ុន ទ្រូម៉ាន់នី មាន​ប្រសាសន៍ថា៖ «ក្រុមហ៊ុន          ទ្រូម៉ាន់នី តែង​តែ​ស្វែង​រក​មធ្យោបាយ​ថ្មីៗ​ដើម្បីជួយ​ដល់​អតិថិជន​របស់​យើង ព្រមទាំង​ក្រុមហ៊ុនជាដៃគូ​នៅក្នុង​វិស័យ​ហិរញ្ញវត្ថុ​ក្នុងស្រុក។ ដូចគ្នាទៅនឹង​ក្រុមហ៊ុន ទ្រូម៉ាន់នី ដែរ ធនាគារ​ ហត្ថា គឺជាក្រុមហ៊ុនអន្តរជាតិដែលមាន​កំណត់​ត្រា ​​និង​ប្រវត្តិ​ដ៏​ល្អក្នុងការបម្រើសេវាជូនអតិថិជន។ ហើយជាពិសេសជាងនេះទៀតនោះ យើង​មានក្តី​រីក​រាយ​ដែលអាច​ផ្តល់​សេវា​​បន្ថែមទៀត​ទៅ​កាន់​អតិថិជន​របស់​ធនាគារ ហត្ថា»

សេវា​ថ្មី​នេះ​ដែលនឹង​ផ្តល់​លទ្ធភាព​ឱ្យ​អតិថិជន​​របស់​ធនាគារ ហត្ថា បង់​សង​ប្រាក់​កម្ចី​របស់ខ្លួន​តាម​រយៈ​​កម្មវិធី TrueMoney Wallet និង​ភ្នាក់ងារ​របស់​ក្រុមហ៊ុន ទ្រូម៉ាន់នី នៅទូទាំង​ប្រទេស​នោះ នឹង​ដាក់​ដំណើរ​ការ​ចាប់ពីថ្ងៃ​នេះ​តទៅ៕

អំពី​ធនាគារ​ ហត្ថា ម.ក ធនាគារ ហត្ថា គឺ​ជា​បុត្រ​សម្ព័ន្ធ​របស់ ធនាគារ ក្រុងស្រ៊ី។ ធនាគារ ក្រុងស៊្រី (ធនាគារ អាយុធ្យា ម.ក និង ក្រុមហ៊ុន​ជា​បុត្រសម្ព័ន្ធ) គឺ​ជា​សម្ព័ន្ធ​ហិរញ្ញវត្ថុ​ធំជាង​គេ​លំដាប់​ទី​៥ នៅ​ក្នុង​ព្រះ​រាជាណាចក្រ​ថៃ​ ក្នុងលក្ខខណ្ឌផលប័តឥណទាន និងប្រាក់បញ្ញើ ហើយក៏​ជា​សមាជិក​​របស់​សម្ព័ន្ធហិរញ្ញវត្ថុ MUFG ដែល​ជា​សម្ព័ន្ធសេវា​ហិរញ្ញវត្ថុឈាន​មុខគេ​មួយ​​នៅ​ជប៉ុន និង​លំដាប់ពិភពលោក។

នា​ពេលបច្ចុប្បន្ននេះ ធនាគារ​ ហត្ថា មាន​ការិយាល័យ​ចំនួន​១៧៧​ និងមាន​បណ្តាញ​ម៉ាស៊ីន​អេធីអឹម ១៣៧ទីតាំង។ គិត​ត្រឹម​​ខែ​ធ្នូ ឆ្នាំ​២០២១ ធនាគារ ហត្ថា មាន​ប្រាក់​បញ្ញើ​សរុប​ចំនួន ១.០២៨​លាន​ដុល្លារ និងផលប័ត្រឥណទានសរុបចំនួន ១.៦៩១​លានដុល្លារ ជាមួយគណនី​ ជាង ៤០០.០០០គណនី។

ប្រព័ន្ធ​ធនាគារ​ស្នូល​ដ៏ទំនើប​របស់​ធនាគារ ហត្ថា ផ្តល់​លទ្ធភាពឱ្យ​ធនាគារខ្លួន ផ្តល់​សេវាហិរញ្ញវត្ថុ​ជាច្រើនប្រភេទ ដើម្បី​ឆ្លើយ​តបទៅនឹង​តម្រូវការ​របស់​អតិថិជន និង​ផ្តល់​សេវា​ធនាគារ​ឌីជីថល​ប្រកប​ដោយភាព​ច្នៃ​ប្រឌិត និង​មាន​​សុវត្ថិភាព ព្រមទាំង​ផ្តល់​ដំណោះ​ស្រាយ​សេវា​ហិរញ្ញវត្ថុ​ដែល​មាន​ប្រសិទ្ធភាព​ខ្ពស់។ ធនាគារ ហត្ថា ឆាប់ៗ​នេះ​នឹង​ដាក់ដំណើរការ​សេវា​ធនាគារ​បន្ថែមជាច្រើន​ទៀត​ដើម្បី​បម្រើ​អតិថិជន​របស់ខ្លួន​បាន​កាន់​តែ​ប្រសើរ៕

 អំពីក្រុមហ៊ុន ទ្រូម៉ាន់នី

ទ្រូម៉ាន់នី គឺជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុអន្តរជាតិឈានមុខគេ និងជាផ្នែកមួយនៃក្រុមហ៊ុន Ascend Money ដែលជាក្រុមហ៊ុនផ្ដល់សេវាហិរញ្ញវត្ថុឌីជីថល​បុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Charoen Pokphand Group (CP Group) និងក្រុមហ៊ុន Ant Financial​ (Alibaba) ដែល​ជា​ក្រុមហ៊ុន​ពីរ​ធំ​ជាង​គេ​បំផុត​នៅ​តំបន់​អាស៊ី។ TrueMoney Group គឺជាផ្លែត​ហ្វម​ហិរញ្ញវត្ថុដ៏ពេញនិយមបំផុតមួយនៅអាស៊ីអាគ្នេយ៍ នា​ពេល​បច្ចុប្បន្ន។ ទ្រូម៉ាន់នី បានពង្រីកវត្តមានក្នុងទីផ្សាររបស់ខ្លួន ពី ១ប្រទេស ទៅជា ៦ប្រទេស ក្នុង​រយៈ​ពេល​ដ៏​ខ្លី​បំផុត។ បច្ចុប្បន្ន ទ្រូម៉ាន់នី មាន​ប្រតិបត្តិការយ៉ាងរឹងមាំ នៅក្នុងប្រទេសថៃ កម្ពុជា មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី វៀតណាម និងហ្វីលីពីន។ បច្ចុប្បន្ន ទ្រូម៉ាន់នី មាន​បណ្ដាញ​ភ្នាក់ងារ​ធំជាង​គេ​បង្អស់​​ក្នុង​តំបន់អាស៊ីអាគ្នេយ៍ ដោយមាន ៦៥.០០០ ភ្នាក់ងារ និង​មាន​បរិមាណ​ទូទាត់​ប្រាក់​ច្រើន​ជាង​គេ​បង្អស់ ពោលគឺចំនួន ៨ ពាន់លានដុល្លាអាមេរិកក្នុង​ឆ្នាំ២០១៩។ លើសពីនេះ កម្មវិធី​ទូរស័ព្ទ TrueMoney Wallet ឈរនៅលំដាប់ទី១ នៃ​កម្មវិធី E-wallet ទាំងអស់ក្នុងប្រទេសថៃ៕