មិនធម្មតា! ធនាគារ ហត្ថា ចាប់ផ្តើមសាងសង់អគារការិយាល័យផ្ទាល់ខ្លួន មានទំហំជាង ៤០,០០០ម៉ែត្រក្រឡា នៅតាមបណ្តោយផ្លូវ ៦០ម៉ែត្រ

រាជធានីភ្នំពេញ៖ ពិតជារីកចម្រើនយ៉ាងឆាប់រហ័សមែន មិនទាន់បាន ០១ឆ្នាំផង បន្ទាប់ពីបានអាជ្ញាប័ណ្ណជាធនាគារពាណិជ្ជពីធនាគារជាតិនៃកម្ពុជា ធនាគារ ហត្ថា បានចាប់ផ្តើមបុកគ្រឹះសាងសង់អគារការិយាល័យកណ្តាលថ្មីដែលមានទំហំសំណង់ប្រមាណជាង ៤០,០០០ម៉ែត្រក្រឡា តាមបណ្តោយផ្លូវសម្តេចតេជោហ៊ុនសែន ឬផ្លូវ៦០ម៉ែត្រ។ អគារការិយាល័យកណ្តាលថ្មីដ៏ធំស្កឹមស្កៃនេះ បានរៀបចំពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់នៅព្រឹកថ្ងៃច័ន្ទ ទី០៥ ខែកក្កដា ឆ្នាំ២០២១ ដោយមានការចូលរួមពីគណៈគ្រប់គ្រងជាន់ខ្ពស់របស់ធនាគារ ហត្ថា និងក្រុមហ៊ុនស៊ីអឹមអ៊ីឌី ខនស្ត្រាក់សិន ម.ក ដែលជាក្រុមហ៊ុនទទួលខុសត្រូវក្នុងការសាងសង់។

ឧកញ៉ា ហួត អៀងតុង ប្រធានអគ្គនាយកធនាគារ ហត្ថា បានបង្ហាញអារម្មណ៍រំភើប និងសប្បាយរីករាយជាខ្លាំងចំពោះសមិទ្ធផលដែលធនាគារសម្រេចបាននៅពេលនេះ ហើយវាជាថ្ងៃដ៏វិសេសវិសាលបំផុតសម្រាប់រូបលោក គណៈគ្រប់គ្រង និងបុគ្គលិករបស់ធនាគារដែលបានខិតខំប្រឹងប្រែងព្យាយាមបំពេញការងារអស់ពីកំលាំងកាយចិត្តអស់រយៈពេលជិត ៣០ឆ្នាំដើម្បីទទួលបានលទ្ធផលដូចថ្ងៃនេះ។ លោកមានប្រសាសន៍ថា៖ “អគារការិយាល័យកណ្តាលថ្មីនេះ គឺជាសមិទ្ធផលយ៉ាងធំធេងមួយទៀត ដែលបានកើតចេញពីកិច្ចខិតខំប្រឹងប្រែង តស៊ូព្យាយាមអស់ពីកំលាំងកាយចិត្តរបស់គណៈគ្រប់គ្រង និងបុគ្គលិកទាំងអស់របស់ធនាគារ ហត្ថា ហើយការសាងសង់នេះធ្វើឡើងដើម្បីឆ្លើយតបទៅនឹងភាពរីកលូតលាស់នៃអាជីវកម្ម កំណើនបុគ្គលិកដែលបានកើនឡើងយ៉ាងឆាប់រហ័ស និងឆ្លើយតបទៅផែនការអាជីវកម្មដែលយើងបានប្តេជ្ញាក្លាយទៅជាធនាគារពាណិជ្ជជំរើសទីមួយរបស់អតិថិជន ព្រមទាំងដើម្បីបង្ហាញពីកិត្យានុភាព កសាងទំនុកចិត្ត និងផ្តល់ផាសុកភាពដល់អតិថិជន និងបុគ្គលិករបស់ធនាគារ ហត្ថា ទាំងអស់”។ អគារការិយាល័យថ្មីនេះ លាតសន្ធឹងលើផ្ទៃដីទំហំប្រមាណជាង ១៥,០០០ម៉ែត្រក្រឡា មានទំហំសំណង់សរុបប្រមាណជាង ៤០,០០០ម៉ែត្រក្រឡា និងមានកំពស់ ២២ជាន់។ ហើយអគារថ្មីនេះ មានមុខងារជាច្រើនរួមមាន ការិយាល័យសម្រាប់បុគ្គលិកធ្វើការ ការិយាល័យទទួលភ្ញៀវ ហាងកាហ្វេ អាហារដ្ឋាន ទារកដ្ឋាន និងក្លឹបហាត់ប្រាណជាដើម ។ល។

សូមរំលឹកផងដែរថា គិតត្រឹមខែមិថុនា ឆ្នាំ២០២១ ធនាគារ ហត្ថា មានការិយាល័យសាខាសរុបចំនួន១៧៧ ម៉ាស៊ីនអេធីអឹមចំនួន១៣៧ សមតុល្យប្រាក់បញ្ញើសន្សំសរុប ៨៧៥លានដុល្លារអាមេរិក ផលប័ត្រឥណទានសរុបចំនួន ១,៤១៨លានដុល្លារអាមេរិក និងមានអតិថិជនបើកគណនីសរុបជិត ៥០០,០០០គណនី។ នាពេលបច្ចុប្បន្ននេះ ធនាគារ ហត្ថា បាននឹងកំពុងធ្វើការដំឡើងប្រព័ន្ធធនាគារស្នូលដែលមានសមត្ថភាពគ្រប់គ្រាន់ក្នុងការបង្កើតនូវសេវាហិរញ្ញវត្ថុយ៉ាងសម្បូរបែបទៅតាមតម្រូវការរបស់អតិថិជន ជាមួយនឹងសេវាកម្មធនាគារបែបឌីជីថលដែលជាដំណោះស្រាយសេវាហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធិភាពខ្ពស់។ ហើយនាពេលឆាប់ៗនេះ ធនាគារ ហត្ថា មានផែនការដាក់ចេញនូវសេវាកម្មធនាគារជាច្រើនទៀតដើម្បីបម្រើដល់អតិថិជនឱ្យកាន់តែប្រសើរឡើង។

ធនាគារ ហត្ថា គឺជាបុត្រសម្ព័ន្ធរបស់ធនាគារក្រុងស្រ៊ី ដែលជាធនាគារពាណិជ្ជធំជាងគេលំដាប់ទី៥ នៅព្រះរាជាណាចក្រថៃឡង់ដ៏ និងជាសមាជិករបស់សម្ព័ន្ធហិរញ្ញវត្ថុអន្តរជាតិ Mitsubishi UFJ Financial Group (MUFG) ដែលជាសម្ព័ន្ធហិរញ្ញវត្ថុធំជាងគេបំផុតនៅប្រទេសជប៉ុន ព្រមទាំងជាសម្ព័ន្ធសេវាហិរញ្ញវត្ថុដ៏ធំមួយក្នុងចំណោមសម្ព័ន្ធហិរញ្ញវត្ថុធំជាងគេលើសកលលោក។