ធនាគារ ហត្ថា រៀបចំកម្មវិធីបរិច្ចាគឈាមក្រោមប្រធានបទ “ បរិច្ចាគឈាម សង្គ្រោះជីវិត “

ភ្នំពេញ​ថ្ងៃទី​១៨​ខែកក្ដដា ឆ្នាំ២០២៥៖ បុគ្គលិក និង គណៈគ្រប់គ្រងរបស់ធនាគារ ហត្ថា បានសហការជាមួយមជ្ឈមណ្ឌលជាតិផ្ដល់ឈាមរៀបចំកម្មវីធីបរិច្ចាគឈាមក្រោមប្រធានបទ​បរិច្ចាគឈាម សង្គ្រោះជីវិតសម្រាប់ជួយដល់បងប្អូនប្រជាជនខ្មែរដែលកំពុងត្រូវការឈាមជាចាំបាច់ក្នុងការជួយសង្គ្រោះជីវិតអ្នកជំងឺដែលកំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យនៅទូទាំងប្រទេស។ កម្មវិធីនេះបានប្រព្រឹត្តិទៅនៅអគារធនាគារ​ហត្ថា ដែលស្ថិតនៅតាមបណ្តោយមហាវិថីសម្តេចតេជោ ហ៊ុនសែន សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីលោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្ដល់ឈាមព្រមទាំងសហការី និងលោក​ មិន សុផា ប្រធាននាយកប្រតិបត្តិធនាគារ ហត្ថា ព្រមទាំងថ្នាក់គ្រប់គ្រង និងបុគ្គលិកនៃធនាគារ ហត្ថា ប្រមាណជិត ១៥០នាក់។


ការបរិច្ចាគឈាមរបស់បុគ្គលិក ធនាគារ ហត្ថា ក្នុងថ្ងៃនេះបានសបញ្ជាក់យ៉ាងច្បាស់អំពីការចូលរួមយ៉ាងសកម្មក្នុងសកម្មភាពទំនួលខុសត្រូវសង្គមជាមួយនឹងការយកចិត្តទុកដាក់ ការស្រលាញ់ និងចូលរួមដើម្បីជាប្រយោជន៍ដល់សហគមន៍ និងសង្គមជាតិ។ យើងទាំងអស់គ្នាពិតជាមានមោទនភាព និងសប្បាយចិត្តក្នុងការចូលរួមចំណែកជួយដល់សង្គមកម្ពុជា ក៏ដូចជាផ្ដល់នូវក្ដីស្រលាញ់ចំពោះសហគមន៍របស់យើង។





លោក មិន សុផា ប្រធាននាយកប្រតិបត្តិ ធនាគារ ហត្ថា បានមានប្រសាសន៍ថានេះមិនមែនជាលើកទី១ របស់ធនាគារ ហត្ថា ទេ ដែលរៀបចំកម្មវិធីបរិច្ចាគឈាមនេះឡើង ហើយកម្មវិធីនេះ ត្រូវបានរៀបចំឡើងដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់សុខមាលភាពរបស់ប្រជាជនកម្ពុជា ព្រមទាំងជួយសង្គ្រោះអាយុជីវិតរបស់អ្នកជំងឺដែលត្រូវការឈាមជាចាំបាច់។ លោកបានបន្តថាខ្ញុំសូមលើកទឹកចិត្តអោយបុគ្គលិកធនាគារ ហត្ថា ទាំងអស់បន្តធ្វើការបរិច្ចាគឈាមនេះ អោយបានទៀតទាត់ដើម្បីលើកកំពស់សុខភាពផ្ទាល់ខ្លួន និងសង្រ្គោះអាយុជីវិតជនរងគ្រោះ


លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្ដល់ឈាម  បានមានប្រសាសន៍ថា៖សម្រាប់យុទ្ធនាការបរិច្ចាគឈាមនៅថ្ងៃនេះ ក្នុងនាមមជ្ឈមណ្ឌលជាតិផ្ដល់ឈាម និងសហការីទាំងអស់ ខ្ញុំសូមស្វាគមន៍យ៉ាងកក់ក្តៅ និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនទាំងអស់ ជាពិសេសសូមថ្លែងអំណរគុណជូនលោក មិន សុផា ប្រធាននាយកប្រតិបត្តិ នៃធនាគារ ហត្ថា ព្រមទាំងថ្នាក់ដឹកនាំ និងបុគ្គលិក ដែលបានស្ម័គ្រចិត្តចូលរួមបរិច្ចាគឈាម ដោយក្តីសប្បុរស និងចិត្តអនុគ្រោះធម៌។ ការចូលរួមដ៏សកម្មរបស់លោកអ្នក មិនត្រឹមតែជាការរូមចំណែកជួយសង្ក្រោះជីវិតជនរងគ្រោះទេ ប៉ុន្តែជាការលើកកម្ពស់ការយល់ដឹងពីការបរិច្ចាគឈាម ដោយស្ម័គ្រចិត្ត​ដោយគ្មានការរើសអើង មិនប្រកាន់ជាតិសាសន៍​ សាសនា ឬនិន្នាការនយោបាយ ជាពិសេសគឺផ្សារភ្ចាប់សក្មភាពនៃការបរិច្ចាគ ដោយស្ម័គ្រចិត្ត។ លោកបន្ថែមទៀតថាខ្ញុំសូមអំពាវនាវឲ្យបន្តការគាំទ្រដល់យុទ្ធនាការបរិច្ចាគឈាមនៅពេលអនាគត តាមរយៈការចូលរួមដោយស្ម័គ្រចិត្តតាមគ្រប់រូបភាពក្នុងយុទ្ធនាការផ្សេងៗ ដើម្បីរួមចំណែកសង្គ្រោះជីវិតមនុស្សបន្ថែមទៀត។"


អំពី ធនាគារ ហត្ថា៖

ធនាគារ ហត្ថា ជាធនាគារពាណិជ្ជ ដែលមានវត្តមាននៅក្នុងព្រះរាជាណាចក្រកម្ពុជាអស់រយៈកាលជាង ៣០ឆ្នាំមកហើយ ដែលបានផ្តល់ជូនសេវាហិរញ្ញវត្ថុយ៉ាងទូលំទូលាយ ដល់អតិថិជនរបស់ខ្លួន ដែលរួមមានអតិថិជនជាលក្ខណៈបុគ្គល សហគ្រាសខ្នាតតូច និងមធ្យម (SME) ព្រមទាំងស្ថាប័នសាជីវកម្មធំៗជាច្រើនទៀត ។  ធនាគារ ហត្ថា ត្រូវបានទទួលស្គាល់ថាជាធនាគារពាណិជ្ជដ៏ឈានមុខគេមួយ ក្នុងការផ្តល់សេវាហិរញ្ញវត្ថុតាមបណ្ដាញសាខាដែលមានការតម្រែតម្រង់យ៉ាងទូលំទូលាយគ្របដណ្តប់ទូទាំងប្រទេស។