ធនាគារ ហត្ថា ប្រគល់អំណោយសម្ភារៈសិក្សា និងសម្ភារៈប្រើប្រាស់ក្នុងសាលារៀន ជូនដល់សិស្សានុសិស្ស នៅសាលាបឋមសិក្សា ហ៊ុន សែន គោកតាចាន់ ខេត្តសៀមរាប

ខេត្តសៀមរាប, ថ្ងៃទី ០៨ ខែវិច្ឆិកា ឆ្នាំ២០២៦៖ លោក មិន សុផា ប្រធាននាយកប្រតិបត្តិ នៃធនាគារ ហត្ថា ម.ក​(ធនាគារ ហត្ថា)​ ព្រមទាំងថ្នាក់ដឹកនាំ និងក្រុមការងារ បានអញ្ជើញដឹកនាំកម្មវិធីប្រគល់អំណោយសម្ភារៈសិក្សា និងសម្ភារៈប្រើប្រាស់ ជូនដល់សិស្សានុសិស្សនៅសាលាបឋមសិក្សា ហ៊ុន សែន គោកតាចាន់ ដែលស្ថិតនៅក្នុងខេត្តសៀមរាប។

ការប្រគល់អំណោយក្នុងថ្ងៃនេះ បានប្រព្រឹត្តទៅក្នុងបរិយាកាសដ៏កក់ក្តៅ ដោយមានការចូលរួមពី អាជ្ញាធរ នាយិកាសាលា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជាច្រើនរូប ព្រមទាំងគណៈគ្រប់គ្រង និង​បុគ្គលិកធនាគារ ហត្ថា​  ផងដែរ។ ក្នុងឱកាសនេះ ធនាគារ ហត្ថា បានប្រគល់អំណោយជាសម្ភារៈសិក្សា និងសម្ភារប្រើប្រាស់ចាំបាច់ជាច្រើន រួមមាន សៀវភៅ ប៊ិច ខ្មៅដៃ កាតាបជូនលោកគ្រូ អ្នកគ្រូ សម្ភារៈការិយាល័យ (Stationery) កុំព្យូទ័រយួរដៃ (Laptop) ម៉ាស៊ីនបោះពុម្ព (Printer) និងបង់អង្គុយ (Bench) ដើម្បីចូលរួមបំពេញតម្រូវការក្នុងការសិក្សា និងការបង្រៀន ព្រមទាំងជួយលើកកម្ពស់បរិយាកាសអប់រំឱ្យកាន់តែប្រសើរឡើង។

សកម្មភាពនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ធនាគារ ហត្ថា ក្នុងការចូលរួមចំណែកអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា តាមរយៈការគាំទ្រ និងលើកទឹកចិត្តដល់សិស្សានុសិស្សឱ្យខិតខំប្រឹងប្រែងសិក្សា ពង្រឹងចំណេះដឹង និងអភិវឌ្ឍសមត្ថភាព ដើម្បីក្លាយជាទំពាំងស្នងឫស្សីដ៏រឹងមាំ និងជាធនធានមនុស្សប្រកបដោយសក្តានុពលសម្រាប់ការអភិវឌ្ឍប្រទេសជាតិនាពេលអនាគត។

 

លោក មិន សុផា ប្រធានាយកប្រត្តិបត្តិ នៃ​ធនាគារ ហត្ថា បានមានប្រសាសន៍ថា៖«តាងនាមឲ្យថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់នៃធនាគារ ហត្ថា ខ្ញុំបាទមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលបានរួមចំណែកក្នុងកម្មវិធីសប្បុរសធម៌នាថ្ងៃនេះ។ ការផ្តល់ជូនសម្ភារៈសិក្សា និងសម្ភារៈប្រើប្រាស់ទាំងនេះ គឺជាការស្តែងចេញពីឆន្ទៈដ៏មុតមាំរបស់ធនាគារ ហត្ថា ក្នុងការគាំទ្រដល់ការសិក្សារបស់កុមារកម្ពុជា ជាពិសេសសិស្សានុសិស្ស ដើម្បីឲ្យពួកគាត់មានឱកាសទទួលបានការអប់រំប្រកបដោយគុណភាព និងមានកម្លាំងចិត្តក្នុងការក្រេបជញ្ជក់ចំណេះដឹង»។ លោកបានបន្ថែមទៀតថា៖ «ធនាគារ ហត្ថា សង្ឃឹមយ៉ាងមុតមាំថា សម្ភារៈសិក្សាទាំងនេះនឹងក្លាយជាស្ពានចម្លង និងជាកម្លាំងចិត្តដ៏រឹងមាំដល់ក្មួយៗសិស្សានុសិស្សក្នុងការខិតខំរៀនសូត្រ ដើម្បីប្រែថ្ងៃអនាគតរបស់ខ្លួន គ្រួសារ និងសង្គមជាតិឲ្យកាន់តែភ្លឺស្វាង និងមានភាពរុងរឿង»

ធនាគារ ហត្ថា ជឿជាក់យ៉ាងមុតមាំថា ការវិនិយោគលើការអប់រំ និងចំណេះដឹងរបស់ សិស្សានុសិស្ស គឺជាការវិនិយោគដ៏មានតម្លៃបំផុតសម្រាប់អនាគតរបស់ប្រទេសកម្ពុជា ហើយកិច្ចការសង្គមនេះ ក៏ជាផ្នែកមួយដ៏សំខាន់នៃចក្ខុវិស័យរបស់ធនាគារ ហត្ថា ផងដែរ។