ធនាគារ ហត្ថា បានចូលរួមព្រឹតិការណ៍ ជិះកង់របស់សមាគមនធនាគារនៅកម្ពុជា

ខេត្តកែប-នាព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៥៖ ធនាគារ ហត្ថា ដែលជាសមាជិកនៃសម្ព័ន្ធហិរញ្ញវត្ថុអន្តរជាតិ MUFG មានកិត្តិយសចូលរួមគាំទ្រព្រឹត្តិការណ៍ជិះកង់លើកទី៥ ដែលរៀបចំឡើងដោយសមាគមធនាគារនៅកម្ពុជា ក្រោមប្រធានបទ៖ជិះកង់ដើម្បីផ្សព្វផ្សាយអំពីនិរន្តភាពនៃវិស័យធនាគារ និងការលើកកម្ពស់ប្រាក់រៀល​​កម្មវិធីនេះប្រារព្ធធ្វើនៅតាមបណ្ដោយ​ឆ្នេរអង្គោល នៃខេត្តកែប ​នាព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលមានការអញ្ញើញចូលរួមពីគណៈគ្រប់គ្រង និង​បុគ្គលិកនែធនាគារ ហត្ថា​​ និង​ស្ថាបន័ហិរញ្ញវត្តុជាច្រើនទៀត​ព្រមទាំងមានកីឡាករ កីឡាការិនីចូលរួមផងដែរ។

ព្រឹតិ្តការណ៍នេះ គឺជាផ្នែកមួយដ៏សំខាន់នៃយុទ្ធនាការជំរុញការប្រើប្រាស់ប្រាក់រៀល ក៏ដូចជាផ្សព្វផ្សាយពីនិរន្តរភាពវិស័យធនាគារនៅក្នុងប្រទេសកម្ពុជា ជាពិសេសក្នុងគោលបំណងលើកកម្ពស់ការជឿជាក់ ប្រសិទ្ធភាព និងសុវត្ថិភាពប្រកបដោយចីរភាព ក្នុងការគាំទ្រប្រាក់រៀលកាន់តែទូលំទូលាយ។

លោក មិន សុផា ប្រធាននាយកប្រតិបត្តិនៃធនាគារ ហត្ថា បានមានប្រសាសន៍ថា“ការចូលរួមក្នុងកម្មវិធីជិះកង់លើកទី០៥ នេះ បង្ហាញពីការប្តេជ្ញាចិត្តដ៏ខ្ជាប់ខ្ជួនរបស់ធនាគារ ហត្ថា ក្នុងការលើកកម្ពស់វិស័យធនាគារ និងហិរញ្ញវត្ថុ ដែលជាកម្លាំងចលករដ៏សំខាន់ក្នុងការអំពាវនាវឱ្យសាធារណជនរួមគ្នាគាំទ្រ និងលើកកម្ពស់ប្រាក់រៀល​កាន់តែ​ទូលំទូលាយ។ ​លោក បន្ថែមទៀតថា​៖ នេះក៏ជាការបង្ហាញអំពីការសហការណ៍ មិត្តភាព និងសាមគ្គីភាព ដែលបញ្ជាក់ពីភាពរឹងមាំនៃវិស័យហិរញ្ញវត្ថុនៅកម្ពុជា ក្នុងគោលដៅរួមគ្នាដើម្បីគាំទ្រនូវការប្រើប្រាស់ប្រាក់រៀល ដើម្បីជាប្រយោជន៍ដល់សហគមន៍ ប្រជាជន និងសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។ យើងសង្ឃឹមថាព្រឹត្តិការណ៍នេះនឹងជួយជំរុញឱ្យធនាគារ និងស្ថាប័នហិរញ្ញវត្ថុទាំងអស់ បន្តចូលរួមគាំទ្រដល់ការអភិវឌ្ឍវិស័យហិរញ្ញវត្ថុនៅកម្ពុជាប្រកបដោយចីរភាព។”

ធនាគារ ហត្ថា នៅតែបន្តរួមចំណែកយ៉ាងសកម្មក្នុងការលើកកម្ពស់ប្រាក់រៀលតាមមារគាស្របទៅនឹងគោលដៅធនាគារជាតិ ក្នុងការចូលរួមព្រឹត្តិការណ៍ជាច្រើន ព្រមទាំងប្តេជ្ញាចិត្តឥតងាករេក្នុងការជំរុញបរិយាបន្នហិរញ្ញវត្ថុនៅទូទាំងប្រទេសកម្ពុជា។

អំពីធនាគារ ហត្ថា៖ 

ធនាគារ ហត្ថា ជាធនាគារពាណិជ្ជ ដែលមានវត្តមាននៅក្នុងព្រះរាជាណាចក្រកម្ពុជាអស់រយៈកាលជាង ៣០ឆ្នាំមកហើយ ដែលបានផ្តល់ជូនសេវាហិរញ្ញវត្ថុយ៉ាងទូលំទូលាយ ដល់អតិថិជនរបស់ខ្លួន ដែលរួមមានអតិថិជនជាលក្ខណៈបុគ្គល សហគ្រាសខ្នាតតូច និងមធ្យម (SME) ព្រមទាំងស្ថាប័នសាជីវកម្មធំៗជាច្រើនទៀត ។  ធនាគារ ហត្ថា ត្រូវបានទទួលស្គាល់ថាជាធនាគារពាណិជ្ជដ៏ឈានមុខគេមួយ ក្នុងការផ្តល់សេវាហិរញ្ញវត្ថុតាមបណ្ដាញសាខាដែលមានការតម្រែតម្រង់យ៉ាងទូលំទូលាយគ្របដណ្តប់ទូទាំងប្រទេស។