ធនាគារ ហត្ថា និង សាខាសាកលវិទ្យាល័យបៀលប្រាយ ខេត្តសៀមរាប រួមបង្កើតភាពជាដៃគូយុទ្ធសាស្ត្រ ដើម្បីចូលរួមកសាងកម្លាំងការងារកម្ពុជានាពេលអនាគត និងជំរុញកំណើនសេដ្ឋកិច្ចជាតិ

សៀមរាប ថ្ងៃព្រហស្បតិ៍ ទី​១​៣​ ខែមីនា ឆ្នាំ២០២៥៖ ធនាគារ ហត្ថា ដែលជាសមាជិកនៃសម្ព័ន្ធហិរញ្ញវត្ថុអន្តរជាតិ MUFG បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាជាមួយសាកលវិទ្យាល័យបៀលប្រាយសាខាខេត្តសៀមរាប​ ក្នុងគោលបំណងពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងស្ថាបនទាំងពីរ ដើម្បីលើកកម្ពស់ការអប់រំចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការអភិវឌ្ឍធនធានមនុស្ស។

កិច្ចសហការនេះជាយុទ្ធសាស្ត្រ បង្ហាញពីការប្តេជ្ញាចិត្តរួមគ្នារបស់ស្ថាប័នទាំងពីរក្នុងការរួមចំណែកដល់កំណើនសេដ្ឋកិច្ចសង្គមរបស់កម្ពុជា ដោយផ្តោតលើគំនិតផ្តួចផ្តើមសំខាន់ៗសម្រាប់ការអភិវឌ្ឍការអប់រំ និងសេវាកម្មហិរញ្ញវត្ថុ។ ស្ថាប័នទាំងពីរនឹងសហការក្នុងការលើកកម្ពស់សេវាកម្មរបស់គ្នាទៅវិញទៅមក និងស្របព្រមផ្ដល់ការលើកកម្ពស់ការយល់ដឹងអំពីចំណេះដឹងផ្នែកហិរញ្ញវត្ថុ តាមរយៈសកម្មភាពយុទ្ធនាការរួមគ្នា។

ដូចនេះ អនុស្សរណៈយោគយល់គ្នានេះ ជាការបង្ហាញពីចក្ខុវិស័យរួម និងការប្តេជ្ញាចិត្តរួមក្នុងការជំរុញការអប់រំ និងការអភិវឌ្ឍជំនាញ ហើយមានឥទ្ធិពលដល់ការរីកចម្រើននៃសេដ្ឋកិច្ចនិងសង្គម។

អំពី ធនាគារ ហត្ថា

ធនាគារ ហត្ថា ជាធនាគារពាណិជ្ជ ដែលមានវត្តមាននៅក្នុងព្រះរាជាណាចក្រកម្ពុជាអស់រយៈកាលជាង ៣០ឆ្នាំមកហើយ ដែលបានផ្តល់ជូនសេវាហិរញ្ញវត្ថុយ៉ាងទូលំទូលាយ ដល់អតិថិជនរបស់ខ្លួន ដែលរួមមានអតិថិជនជាលក្ខណៈបុគ្គល សហគ្រាសខ្នាតតូច និងមធ្យម (SME) ព្រមទាំងស្ថាប័នសាជីវកម្មធំៗជាច្រើនទៀត ។  ធនាគារ ហត្ថា ត្រូវបានទទួលស្គាល់ថាជាធនាគារពាណិជ្ជដ៏ឈានមុខគេមួយ ក្នុងការផ្តល់សេវាហិរញ្ញវត្ថុតាមបណ្ដាញសាខាដែលមានការតម្រែតម្រង់យ៉ាងទូលំទូលាយគ្របដណ្តប់ទូទាំងប្រទេស។