ធនាគារ ហត្ថា និង មន្ទីរ ព្យាបាលធ្មេញសន្តិភាព ចុះកិច្ចសហការយុទ្ធសាស្ត្រដើម្បីផ្តល់សេវាហិរញ្ញវត្ថុ និងសេវាថែទាំធ្មេញយ៉ាងទូលំទូលាយនៅទូទាំងប្រទេសកម្ពុជា

ភ្នំពេញ, ថ្ងៃទី ២២ ឧសភា ឆ្នាំ ២០២៥  ធនាគារ ហត្ថា ដែលជាសម្ព័ន្ធហិរញ្ញវត្ថុអន្តរជាតិ MUFG (Mitsubishi UFJ Financial Group) បានប្រកាសដោយមោទនភាពពីកិច្ចសហការរួមគ្នាតាមរយៈការចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយមន្ទីរ ព្យាបាលធ្មេញសន្តិភាព (Santepheap Dental Clinic)

កិច្ចសហការនេះមានគោលបំណងរួមក្នុងការផ្តល់សេវាហិរញ្ញវត្ថុដ៏សម្បូរបែប និងសេវាថែទាំសុខភាពមាត់ធ្មេញដែលមានគុណភាពខ្ពស់ ដើម្បីបំពេញតម្រូវការរបស់អតិថិជនឱ្យកាន់តែងាយស្រួលក្នុងការប្រើសេវាថែទាំ និងទទួលបានសេវាកម្មដោយមានជំនាញវិជ្ជាជីវៈខ្ពស់។ ការសហការនេះជាការបង្ហាញពីការប្តេជ្ញារួមគ្នា ក្នុងការលើកស្ទួយ និងពង្រឹងអាជីវកម្មរបស់ធនាគារ ហត្ថា និងមន្ទីរព្យាបាលធ្មេញសន្តិភាព ឱ្យកាន់តែរីកចម្រើន និងទូលំទូលាយនៅទូទាំងប្រទេសកម្ពុជា។

លោក ស៊ាន ធនិន អគ្គនាយកលក់ និងចែកចាយ បានមានប្រសាសន៍ថា កិច្ចសហការនេះគឺជាការចាប់ផ្ដើមដ៏ល្អ និង មានភាពរីកចម្រើន ក្នុងការព្រឹងកិច្ចសហការណ៍អាជីវកម្មតាមរយៈសេវាថែទាំលើ​វិស័យទន្តសាស្ត្រ ​និង ជាមួយ​សេវាកម្ម​ហិរញ្ញវត្ថុ​បែបឌីជីថល ដល់អតិថិជនអោយទទួលបាននូវភាពងាយស្រួល សុវត្ថិភាព និង​ សេវាសុខភាព

លោកស្រីទន្តបណ្ឌិត ឃាម ស្រីហ៊ុច   អគ្គនាយិកានៃមន្ទីរព្យាបាលធ្មេញសន្តិភាព បានមានប្រសាសន៏ថា ខ្ញុំមានក្តីរំភើប យ៉ាងខ្លាំងចំពោះការជាដៃគូសហការដ៏សំខាន់នេះ ហើយការសហការនេះនឹងជួយសម្រួលឱ្យកាន់តែប្រសើរឡើងនូវការថែទាំសុខភាពមាត់ធ្មេញបែបទំនើប និងសេវាកម្មដ៏ប្រសើរ។ យើងបន្តពង្រឹងកម្មវិធីឌីជីថលដែលពាក់ព័ន្ធ រួមទាំងជំនាញរបស់យើង ដើម្បីធានាបាននូវគុណភាព ការពេញចិត្ត និងសុវត្ថិភាពអោយលើសពីការរំពឹងទុករបស់អតិថិជនរបស់យើង។

ភាពជាដៃគូនេះឆ្លុះបញ្ចាំងពីការបោះជំហានដ៏សំខាន់មួយឆ្ពោះទៅរកការបញ្ចូលសេវាហិរញ្ញវត្ថុ និងសេវាថែទាំសុខភាព ជាមួយគ្នា ដើម្បីជាប្រយោជន៍ដល់សហគមន៍ទាំងមូល។ ទាំងធនាគារ ហត្ថា និងមន្ទីរពេទ្យ ព្យាបាលធ្មេញសន្តិភាព ប្តេជ្ញាចិត្តក្នុងការធ្វើការរួមគ្នាដើម្បីផ្តល់នូវសេវាកម្ម និងតម្លៃដ៏ប្រសើរដល់អតិថិជនរបស់ខ្លួន។​

ជាផ្នែកមួយនៃកិច្ចសហការនេះ សម្រាប់អតិថិជនរបស់ធនាគារ ហត្ថា នឹងទទួលបានការបញ្ចុះតម្លៃដ៏ពិសេសលើសេវាកម្មពិនិត្យសុខភាពមាត់ធ្មេញ និង​សេវាកម្មផ្សេងៗរហូតដល់ ២៥%។

អំពី ធនាគារ ហត្ថា៖

ធនាគារ ហត្ថា ជាធនាគារពាណិជ្ជ ដែលមានវត្តមាននៅក្នុងព្រះរាជាណាចក្រកម្ពុជាអស់រយៈកាលជាង ៣០ឆ្នាំមកហើយ ដែលបានផ្តល់ជូនសេវាហិរញ្ញវត្ថុយ៉ាងទូលំទូលាយ ដល់អតិថិជនរបស់ខ្លួន ដែលរួមមានអតិថិជនជាលក្ខណៈបុគ្គល សហគ្រាសខ្នាតតូច និងមធ្យម (SME) ព្រមទាំងស្ថាប័នសាជីវកម្មធំៗជាច្រើនទៀត ។  ធនាគារ ហត្ថា ត្រូវបានទទួលស្គាល់ថាជាធនាគារពាណិជ្ជដ៏ឈានមុខគេមួយ ក្នុងការផ្តល់សេវាហិរញ្ញវត្ថុតាមបណ្ដាញសាខាដែលមានការតម្រែតម្រង់យ៉ាងទូលំទូលាយគ្របដណ្តប់ទូទាំងប្រទេស។