ធនាគារ ហត្ថា និង ព្រូដិនសល បានចាប់ដៃគូផ្តល់ជូនផែនការធានារ៉ាប់រងអាយុជីវិតជូនដល់អតិថិជន!

ភ្នំពេញ ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៦៖ ធនាគារ ហត្ថា និងក្រុមហ៊ុន ព្រូដិនសល បានប្រកាសជាផ្លូវការពីកិច្ចសហការដៃគូអាជីវកម្ម ប៊េងកាសួរេន ដើម្បីឱ្យអតិថិជនអាចទទួលយកដំណោះស្រាយការពារអាយុជីវិត និងសុខភាពរបស់ ព្រូដិនសលកម្ពុជា ដោយងាយស្រួល និងមានសុវត្ថិភាពខ្ពស់ នៅតាមគ្រប់បណ្តាញសាខារបស់ ធនាគារ ហត្ថា។


ពិធីសម្ពោធជាផ្លូវការនេះ បានការអញ្ជើញចូលរួមជាកិត្តិយសក្រោមគណៈអធិបតីភាពរបស់ លោក ពន្លឺ តុលា អគ្គនាយកនៃ ព្រូដិនសល កម្ពុជា ឡាវ និងមីយ៉ាន់ម៉ា និងលោក មិន សុផា ប្រធាននាយកប្រតិបត្តិ នៃធនាគារ ហត្ថា ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់នៃស្ថាប័នទាំងពីរផងដែរ។

 

ភាពជាដៃគូសហការជាផ្លូវការរវាង ធនាគារ ហត្ថា និង ព្រូដិនសល កម្ពុជា នឹងផ្តល់ជូននូវការរួមផ្សំគ្នាយ៉ាងល្អប្រសើររវាងសេវាកម្មធនាគារដ៏គួរឱ្យទុកចិត្ត និងជំនាញច្បាស់លាស់ផ្នែកដំណោះស្រាយការពារហិរញ្ញវត្ថុ។ លោកអ្នកអាចរៀបចំផែនការអនាគតសម្រាប់ក្រុមគ្រួសារ និងអាជីវកម្មដោយក្តីកក់ក្តៅបំផុត តាមរយៈផលិតផលពិសេសៗដូចជា៖

-គម្រោងសន្សំ ជាមួយការការពារ៖ កសាងអនាគតដោយទំនុកចិត្ត តាមរយៈការរួមបញ្ចូលគ្នារវាងការសន្សំ និងការការពារអាយុជីវិត នៅក្នុងគម្រោងតែមួយ។

-គម្រោងការការពារកម្ចី៖ ជួយកាត់បន្ថយសម្ពាធហិរញ្ញវត្ថុលើក្រុមគ្រួសារ ក្នុងករណីមានបញ្ហាសុខភាព ឬអាយុជីវិតមិនរំពឹងទុក។

 

ភាពជាដៃគូដ៏រឹងមាំនេះ ផ្សារភ្ជាប់រវាងបទពិសោធនៃសេវាកម្មដ៏គួរឱ្យទុកចិត្តដល់អតិថិជនកម្ពុជារយៈពេល ៣០ ឆ្នាំរបស់ធនាគារ ហត្ថា និងបទពិសោធការពារក្រុមគ្រួសារកម្ពុជារយៈពេល ១៣ ឆ្នាំរបស់ ព្រូដិនសលកម្ពុជា ព្រមទាំងជិត១៨០ ឆ្នាំនៅជុំវិញសកលលោក របស់ក្រុមហ៊ុន ព្រូដិនសលផងដែរ។