ធនាគារ ហត្ថា និង ក្រុមហ៊ុន វៀតធេល ខេមបូឌា បានចុះអនុស្សរណៈយោគយល់គ្នា លើកិច្ចសហប្រតិបត្តិការក្នុងការផ្តល់សេវា និងយុទ្ធសាស្ត្រទីផ្សារសម្រាប់គ្នាទៅវិញទៅមក

ភ្នំពេញ៖ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ ធនាគារ ហត្ថា ដែលជាធនាគារមួយក្នុងចំណោមធនាគារពាណិជ្ជឈានមុខគេនៅកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ជាមួយក្រុមហ៊ុន វៀតធេល ខេ​មបូឌា ​ (Metfone) ដែលជាក្រុមហ៊ុន ប្រតិបត្តិករទូរស័ព្ទចល័តឈានមុខគេនៅកម្ពុជា។

តាមរយៈអនុស្សរណៈនៃការយោគយល់គ្នានេះ ភាគីទាំងពីរនឹងធ្វើសហប្រតិបត្តិការក្នុងការផ្តល់សេវា និងយុទ្ធសាស្ត្រទីផ្សារសម្រាប់គ្នាទៅវិញទៅមក ក្នុងគោលបំណងផ្តល់ផលប្រយោជន៍ជូនដល់អតិថិជន និងបុគ្គលិកនៃភាគីទាំងពីរ។ លើសពីនេះ ភាគីទាំងពីរក៏យល់ព្រមក្នុងលក្ខណៈសហប្រតិបត្តិការបង្កើតមូលដ្ឋានសុច្ឆន្ទៈសម្រាប់កិច្ចខិតខំប្រឹងប្រែងរួមគ្នានាពេលអនាគត ដើម្បីផ្តល់ប្រយោជន៍ជាច្រើនទៀតជូនដល់អតិថិជនខ្លួន និងប្រជាពលរដ្ឋកម្ពុជាផងដែរ។

លោកឧកញ៉ា ហួត អៀងតុង ប្រធានអគ្គនាយក ធនាគារ ហត្ថា បាន​មាន​ប្រសាសន៍ថា ការសហការគ្នារវាង ធនាគារ ហត្ថា និង​ក្រុមហ៊ុន វៀតធេល ខេ​មបូឌា (Metfone) ក្នុងថ្ងៃនេះ ពិតមានសារៈសំខាន់ និងផ្តល់អត្ថប្រយោជន៍ជាច្រើនដល់អតិថិជន និងបុគ្គលិករបស់ ធនាគារ ហត្ថា។ បុគ្គលិក និងអតិថិជនរបស់យើង នឹងអាចបង់ថ្លៃសេវាអ៊ីនធឺណេតតាមរយៈ Hattha Mobile ទទួលបានតម្លៃពិសេសនៃកញ្ចប់ទិន្នន័យអ៊ីនធឺណេត (eGift Service) ទទួលបានកញ្ចប់ពិសេសនៃសេវាអ៊ីធឺណេតសម្រាប់ប្រើប្រាស់នៅគេហដ្ឋាន (Internet Home Package ) ទទួលបានតម្លៃពិសេសសម្រាប់កញ្ចប់សេវាផ្ញើសារ (SMS Brand and E-Connect) ទទួលបានការគាំទ្រការផ្សព្វផ្សាយសេវាកម្មរបស់ ធនាគារ ហត្ថា នៅលើអែប CamID ព្រមទាំងសេវាកម្មផ្សេងៗជាច្រើនទៀត ដែលបុគ្គលិក និងអតិថិជនរបស់ ធនាគារ ហត្ថា នឹងទទួលបានពីកិច្ចសហការគ្នានេះ

លោកបន្តថា ក្នុងយុគសម័យឌីជីថលនេះ សេវាអ៊ីនធឺណេតដើរតួយ៉ាងសំខាន់ក្នុងការធ្វើប្រតិបត្តិការហិរញ្ញវត្ថុតាមរយៈម៉ូបាល ប៊ែងឃីង និងលើប្រព័ន្ធអនឡាញ ផ្សេងទៀត ហេតុដូច្នេះ ធនាគារ ហត្ថា មានជំនឿជាក់លើ ក្រុមហ៊ុន វៀតធេល ខេ​មបូឌា (Metfone) ក្នុងការផ្តល់ជូននូវសេវាអ៊ីនធឺណេតដ៏ល្អ និងកញ្ចប់តម្លៃសមរម្យជូនដល់អតិថិជនរបស់ ធនាគារ ហត្ថា ដែលប្រើប្រាស់សេវា Metfone បន្ថែមពីលើនេះ លោកមានជំនឿជាក់ថាការសហការរវាង ធនាគារ ហត្ថា និង ក្រុមហ៊ុន វៀតធេល ខេ​មបូឌា (Metfone) នឹងផ្តល់ភាពងាយស្រួលដល់អតិថិជនរបស់ ធនាគារ ហត្ថា ដែលប្រើសេវា Metfone ព្រមទាំងកាត់បន្ថយការចំណាយរបស់ពួកគាត់មួយចំណែកផងដែរ។

លោក Cao Manh Duc អគ្គនាយកក្រុមហ៊ុន វៀតធេល ខេ​មបូឌា បាន​មាន​ប្រសាសន៍ថា ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាយុទ្ធសាស្ត្រនៅថ្ងៃនេះរវាងក្រុមហ៊ុនរបស់យើងទាំងពីរ មិនត្រឹមតែរំពឹងថានឹងពង្រឹងទំនាក់ទំនងរវាងមិត្តហ្វូន និងធនាគារ ហត្ថា ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាចំណុចរបត់មួយក្នុងការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនលើការបំលាស់ប្តូរ ឌីជីថល និងទូរគមនាគមន៍សម្រាប់ឧស្សាហកម្មធនាគារជូនអ្នកប្រើប្រាស់នៅកម្ពុជា។

អំពីធនាគារ ហត្ថា៖

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ លីមីតធីត បានប្រែក្លាយជា ធនាគារពាណិជ្ជជាផ្លូវការក្នុងនៅ ខែសីហា ឆ្នាំ ២០២០ បន្ទាប់ពីបានផ្តល់សេវាហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជាអស់រយៈពេលជិត ៣០ ឆ្នាំ។

គិតត្រឹមខែមីនា ឆ្នាំ ២០២៣ ធនាគារ ហត្ថា មានការិយាល័យសាខាសរុបចំនួន ១៧៧ ការិយាល័យ ATM ចំនួន ១៤៣ ទីតាំង និងគណនីរបស់អតិថិជនជាង ៦៤៣ ពាន់គណនី ដែលមានផលប័ត្រសរុបជាង ១.៩ ពាន់លានដុល្លារ និងផលប័ត្រសន្សំសរុបជាង ១.៣ ពាន់លានដុល្លារ។ធនាគារ ហត្ថា បានផ្តល់សេវាកម្មហិរញ្ញវត្ថុយ៉ាងទូលំទូលាយសម្រាប់អតិថិជន រួមមានប្រាក់កម្ចី ប្រាក់បញ្ញើសន្សំ សេវាផ្ទេរប្រាក់ក្នុងស្រុក សេវាផ្ទេរប្រាក់ឆ្លងធនាគារទៅកាន់ធនាគារក្នុងស្រុក សេវាផ្ទេរប្រាក់ឆ្លងប្រទេស សេវាអេធីអឹម សេវាធនាគារចល័ត (Hattha Mobile) សេវាបើកប្រាក់បៀវត្សរ៍ ក៏ដូចជាភ្នាក់ងារធានារ៉ាប់រង​ និង សេវាកម្មហិរញ្ញវត្ថុ

ជាច្រើនទៀត។ ធនាគារ ហត្ថា គឺជាក្រុមបុត្រសម្ព័ន្ធរបស់ធនាគារ Krungsri Bank ដែលជាធនាគារពាណិជ្ជធំជាងគេទីប្រាំនៅក្នុងព្រះរាជាណាចក្រថៃ និងជាសមាជិកនៃក្រុម Mitsubishi UFJ Financial Group (MUFG) ដែលជាក្រុមហិរញ្ញវត្ថុដ៏ធំបំផុតរបស់ប្រទេសជប៉ុន ហើយក៏ជាសម្ព័ន្ធសេវាកម្មហិរញ្ញវត្ថុដ៏ធំបំផុតមួយនៅក្នុងពិភពលោកផងដែរ។

អំពីក្រុមហ៊ុន វៀតធេល ខេមបូឌា៖

ក្នុងរយៈពេល 14 ឆ្នាំនៃប្រតិបត្តិការអាជីវកម្ម មិត្តហ្វូន បច្ចុប្បន្នគឺជាប្រតិបត្តិករទូរគមនាគមន៍ធំជាងគេក្នុង ប្រទេសកម្ពុជា ដែលមានអតិថិជនប្រើប្រាស់ជាង 9លាននាក់។ ទោះបីជាឧស្សាហកម្ម ទូរគមនាគមន៍ពិភពលោកមានការកើនឡើងក៏ដោយ មិត្តហ្វូននៅតែបន្តរក្សាសន្ទុះកំណើនរបស់ ខ្លួនទាក់ទងនឹងប្រាក់ចំណូល ដែលបច្ចុប្បន្នក្រុមហ៊ុនមានតម្លៃរហូតដល់ 1 ពាន់លានដុល្លារអាមេរិក។

កិច្ចខិតខំប្រឹងប្រែងប្រកបដោយភាពច្នៃប្រឌិតឥតឈប់ឈររបស់មិត្តហ្វូន គឺជាចក្ខុវិស័យនៃការអភិវឌ្ឍ ប្រកបដោយនិរន្តរភាព ដោយបន្តបញ្ជាក់ពីជំហររបស់ខ្លួនក្នុងនាមជាម៉ាកយីហោត្រួសត្រាយផ្លូវនៅក្នុង វិស័យបច្ចេកវិទ្យា។