ភ្នំពេញ
ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤៖ ធនាគារ ហត្ថា ម.ក ដែលជាក្រុមហ៊ុនបុត្រសម័្ពន្ធរបស់ ធនាគារ
ក្រុងស្រ៊ី ដែលជាធនាគារពាណិជ្ជធំជាងគេលំដាប់ទី៥ នៅក្នុងព្រះរាជាណាចក្រថៃឡង់ដ៍
និងជាសមាជិកនៃសម្ព័ន្ធហិរញ្ញវត្ថុអន្តរជាតិ MUFG បានរៀបចំព្រឹត្តិការណ៍ដ៏សំខាន់ គឺការប្រារព្ធអបអរខួប៣០ឆ្នាំនៃវឌ្ឍនភាព និងវិបុលភាព
ជាមួយនឹងពិធីលៀងសាយភោជនដ៏មនោរម្យ។ កម្មវិធីនេះ មានការចូលរួមតំណាងដ៏ខ្ពង់ខ្ពស់ពីធនាគារជាតិនៃកម្ពុជា
គណៈគ្រប់គ្រងធនាគារក្រុងស្រ៊ី អតិថិជនដ៏មានតម្លៃ ដៃគូយុទ្ធសាស្ត្រអាជីវកម្ម ព្រមទាំងភ្ញៀវកិត្តិយសទាំងឡាយ ដើម្បីបង្ហាញអំពីការដឹងគុណ
ព្រមទាំងអបអរនូវសមិទ្ធផលរបស់ធនាគារ កន្លងមក។
ពិធីលៀងសាយភោជនអបអរខួប៣០ឆ្នាំនេះ
ជាសក្ខីភាពឆ្លើយតបយ៉ាងពិតប្រាកដចំពោះការគាំទ្រ និងទំនុកចិត្តយ៉ាងពេញទំហឹងពីសំណាក់អតិថិជនដ៏មានតម្លៃរបស់ធនាគារ ហត្ថា ម.ក។ ភាពស្មោះត្រង់ និងការបន្តការគាំទ្ររបស់អតិថិជនទាំងអស់ គឺមានសារៈសំខាន់រួមចំណែកយ៉ាងពិតប្រាកដដល់វឌ្ឍភាព
និងភាពជោគជ័យរបស់ធនាគារកន្លងមក។ ការគាំទ្រពីសំណាក់ធនាគារក្រុងស៊្រី បានរួមចំណែកដល់ការអភិវឌ្ឍធនធានមនុស្សទាំងផ្នែកបច្ចេកទេស
និងធនធានផ្សេងៗដល់ធនាគារ ហត្ថា ម.ក។ ពិធីលៀងសាយភោជននេះក៏បង្ហាញអំពីការថ្លែងអំណរគុណចំពោះដៃគូយុទ្ធសាស្ត្រ
របស់ធនាគារ ហត្ថា ម.ក ដែលតែងតែរឹតចំណងអាជីវកម្ម
ដោយឈរលើមូលដ្ឋានជឿទុកចិត្តចំពោះគ្នា និងការរីកចម្រើនជាមួយគ្នា
ដែលជាមូលដ្ឋានគ្រឹះជំរុញនូវវឌ្ឍនភាព និងការពង្រីកអាជីវកម្មឥតឈប់ឈររបស់ធនាគារ។
ឧកញ៉ា
ហួត អៀងតុង ប្រធានអគ្គនាយក ធនាគារ ហត្ថា
ម.ក មានប្រសាសន៍ថា៖ “យើងសូមថ្លែងអំណរគុណជាពន់ពេកដល់ធនាគារជាតិនៃកម្ពុជា
អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ អតិថិជនដ៏មានតម្លៃរបស់យើង
ដៃគូយុទ្ធសាស្ត្រអាជីវកម្ម ព្រមទាំងភ្ញៀវកិត្តិយសទាំងអស់
ចំពោះការគាំទ្រយ៉ាងពេញទំហឹងរយៈពេល៣០ឆ្នាំកន្លងមកនេះ”។ ឧកញ៉ា
មានប្រសាសន៍បន្ថែមថា៖ “ពិធីអបអរខួប៣០ឆ្នាំនេះ
គឺជាសក្ខីភាពឆ្លុះបញ្ចាំងអំពីទំនាក់ទំនងដ៏រឹងមាំដែលយើងបានកសាងកន្លងមក
និងទំនុកចិត្តដែលយើងបានទទួល។ នៅពេលយើងសម្លឹងទៅកាន់អនាគត ធនាគារ ហត្ថា ម.ក បន្តប្តេជ្ញាចិត្តផ្តល់នូវដំណោះស្រាយហិរញ្ញវត្ថុប្រកបដោយភាពជឿជាក់
ងាយស្រួល និងមានភាពច្នៃប្រឌិត ព្រមទាំងបន្តពង្រឹងភាពជាដៃគូឆ្ពោះទៅរកគោលដៅរួម គឺ រួមគ្នាសាងអនាគតដ៏ប្រសើរ”។
លោក Dan Harsono ជាទីប្រឹក្សាជាន់ខ្ពស់ នៃធនាគារ ក្រុងស្រ៊ី បានបង្ហាញចំណាប់អារម្មណ៍ថា៖ “យើងមានកិត្តិយសក្នុងការចូលរួមនៅកម្មវិធីអបអរខួប៣០ឆ្នាំ នៃធនាគារ ហត្ថា ម.ក
នេះ។ យើងសូមសំដែងការកោតសរសើរចំពោះភាពជោគជ័យដ៏អស្ចារ្យរបស់ធនាគារ។ ចាប់តាំងពីក្លាយជាបុត្រសម្ព័ន្ធរបស់ធនាគារក្រុងស្រ៊ី
នៅក្នុងឆ្នាំ២០១៦ មក ធនាគារ ហត្ថា ម.ក បានវិវត្តខ្លួន
និងប្រែក្លាយជាធនាគារពាណិជ្ជឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា។
ការប្តេជ្ញាចិត្តរបស់យើងក្នុងការជួយជំរុញការរីកចម្រើនទៅមុខរបស់ធនាគារ
នៅតែបន្តមានយ៉ាងរឹងមាំ ពីព្រោះយើងប្តេជ្ញាបន្តចែករំលែកជំនាញ លើកកម្ពស់ជីវភាពប្រជាជនកម្ពុជាឱ្យកាន់តែប្រសើរ
និងរួមចំណែកដល់ការរីកចម្រើននៃសេដ្ឋកិច្ចប្រទេសកម្ពុជា”។
ឯកឧត្តម រ័ត្ន សុវណ្ណនរៈ ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា
មានប្រសាសន៍ថា៖ “ខ្ញុំសូមចូលរួមអបអរសាទរ និងកោតសរសើរចំពោះភាគទុនិក
ថ្នាក់ដឹកនាំ និងបុគ្គលិកធនាគារ ហត្ថា ម.ក ដែលបានសម្រេចនូវសមិទ្ធផលជាបន្តបន្ទាប់ ក្នុងរយៈពេល
៣០ឆ្នាំ កន្លងមកនេះ ក្នុងការចូលរួមចំណែកអភិវឌ្ឍប្រព័ន្ធធនាគារ និងសេដ្ឋកិច្ចនៅកម្ពុជា។
៣០ឆ្នាំបានកន្លងផុតទៅ ប៉ុន្តែខ្ញុំនៅចាំបានថា ធនាគារ ហត្ថា ម.ក
បានចាប់ផ្តើមធ្វើប្រតិបត្តិការដំបូងរបស់ខ្លួននៅក្នុងឆ្នាំ១៩៩៤ ក្នុងទម្រង់ជាអង្គការមិនមែនរដ្ឋាភិបាល
និងបានកម្លាយខ្លួនជាបន្តបន្ទាប់ទៅជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ (ឆ្នាំ២០០១)
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ (ឆ្នាំ២០១០) និងធនាគារពាណិជ្ជ
(ឆ្នាំ២០២០)”។ ឯកឧត្តម មានប្រសាសន៍បន្ថែមថា៖ “ខ្ញុំសូមវាយតម្លៃខ្ពស់
និងសូមចូលរួមអបអរសាទរចំពោះសមិទ្ធផលដែលធនាគារ ហត្ថា ម.ក សម្រេចបានក្នុងរយៈពេល
៣០ឆ្នាំ កន្លងមក ដោយបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ
និងការចូលរួមការងារសង្គមនិងមនុស្សធម៌យ៉ាងសកម្ម”។
អាស្រ័យហេតុនេះ ពិធីលៀងសាយភោជនអបអរខួប៣០ឆ្នាំរបស់ធនាគារ ហត្ថា ម.ក គឺជាឱកាសប្រកបដោយនក្ខត្តឬក្ស ឆ្លុះបញ្ចាំងអំពីសមិទ្ធផលកន្លងមក
និងដំណើរឆ្ពោះទៅកាន់វឌ្ឍនភាពនាពេលអនាគត។ ធនាគារ ហត្ថា ម.ក ប្តេជ្ញាចិត្តបន្តបម្រើសេវាហិរញ្ញវត្ថុដល់អតិថិជន
ប្រកបដោយឧត្តមភាព បន្តជំរុញបរិយាប័ន្នហិរញ្ញវត្ថុ
និងបន្តរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។
អំពីធនាគារ ហត្ថា ម.ក
ធនាគារ
ហត្ថា ម.ក
ជាធនាគារពាណិជ្ជដែលមានវត្តមាននៅក្នុងព្រះរាជាណាចក្រកម្ពុជាអស់រយៈកាល៣០ឆ្នាំមកហើយ
ដែលផ្តល់ជូនសេវាហិរញ្ញវត្ថុយ៉ាងទូលំទូលាយដល់អតិថិជនរបស់ខ្លួន។ គិតត្រឹមត្រីមាសទី៤
ឆ្នាំ២០២៣ ធនាគារ ហត្ថា ម.ក កំពុងកាន់កាប់តំណែងជាធនាគារពាណិជ្ជធំជាងគេលំដាប់ទី៤ផ្អែកលើការិយាល័យប្រតិបត្តិការរបស់ខ្លួន។
ធនាគារ ហត្ថា ម.ក ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ ធនាគារ ក្រុងស្រ៊ី
ដែលជាសម្ព័ន្ធហិរញ្ញវត្ថុធំបំផុតលំដាប់ទី៥ នៅក្នុងព្រះរាជាណាចក្រថៃឡង់ដ៍
ដែលមានអាយុកាលអាជីវកម្មរយៈពេល ៧៨ឆ្នាំ។ ធនាគារ ក្រុងស៊្រី
ជាសមាជិកយុទ្ធសាស្ត្រនៃសម្ព័ន្ធហិរញ្ញវត្ថុអន្តរជាតិ MUFG
Financial Group ដែលជាសម្ព័ន្ធហិរញ្ញវត្ថុធំជាងគេនៅក្នុងប្រទេសជប៉ុន
និងធំបំផុតមួយនៅក្នុងពិភពលោក។