ក្រុមប្រឹក្សាភិបាល

លោកស្រី Pathatai Kulachan, ប្រធានក្រុមប្រឹក្សាភិបាល

លោកស្រី Pathatai Kulachan មានបទពិសោធយ៉ាងទូលំទូលាយក្នុងវិស័យធនាគារ ដែលបានកាន់តួនាទីជាអ្នកដឹកនាំជាន់ខ្ពស់ជាច្រើនដូចជា ប្រធានក្រុមអាស៊ាន សមាជិកគណៈកម្មាធិការប្រតិបត្តិ និងជាអនុប្រធានប្រតិបត្តិទីមួយនៃធនាគារ Ayudhya PCL ។ លោកស្រីក៏បានបម្រើការងារជានាយកស្តីទី និងជានាយកគ្រប់គ្រងនៃក្រុមហ៊ុន Ayudhya Capital Services ក៏ដូចជាអនុប្រធានប្រតិបត្តិនៃអគ្គនាយកដ្ឋានហិរញ្ញវត្ថុ និងគណនេយ្យនៅក្រុមហ៊ុនដដែលនេះផងដែរ។ បន្ថែមពីលើបទពិសោធអាជីពទាំងអស់នេះ លោកស្រី Pathatai Kulachan បានបញ្ចប់កម្មវិធីបណ្តុះបណ្តាលដ៏មានកិត្យានុភាពដូចជា CFA, DCP, និង DAP ។ យោងលើប្រវត្តិសិក្សា លោកស្រីបានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកធនាគារ និងហិរញ្ញវត្ថុពីសាកលវិទ្យាល័យ Chulalongkorn និង MBA ពីសាកលវិទ្យាល័យ George Washington។

លោកស្រី Duangdao WONGPANITKRIT, អភិបាល

លោកស្រី Duangdao ត្រូវបានតែងតាំងជាអគ្គនាយិកានាយកដ្ឋានហិរញ្ញវត្ថុ នៃ ធនាគារក្រុងស្រ៊ី នៅថ្ងៃទី ០១ ខែ មករា ឆ្នាំ ២០១៣។ លោកស្រីបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកគណនេយ្យ និងហិរញ្ញវត្ថុពីសាកលវិទ្យាល័យ Thammasat និងបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងហិរញ្ញវត្ថុពីសាកលវិទ្យាល័យ Chulalongkorn។ បន្ថែមពីនេះលោកស្រីទទួលបានសញ្ញាបត្របញ្ជាក់ពីជំនាញផ្នែកគណនេយ្យសាធារណៈ Certified Public Accountant ពី CPA ព្រះរាជាណាចក្រថៃ។ លោកស្រី Duangdao មានបទពិសោធន៍ការងារជាច្រើនឆ្នាំលើផ្នែកគ្រប់គ្រងហិរញ្ញវត្ថុ នៅតាមស្ថាប័ននានា ដូចជា KPMG, Star Petroleum និងធនាគារ Standard Chartered Bank មុនពេលបម្រើការងារនៅធនាគារក្រុងស៊្រី។

លោក Chandrashekar SUBRAMANIAN KRISHOOLNDMANGALAM, អភិបាល

លោក Chandrashekar (Chandra) ត្រូវបានតែងតាំងជាអគ្គនាយក នាយកដ្ឋានគ្រប់គ្រងហានិភ័យ របស់ធនាគារក្រុងស្រ៊ីនៅ ខែ មករា ឆ្នាំ ២០០៧ ហើយបច្ចុប្បន្ន លោកមានមុខងារជាសមាជិកមួយរូបនៃគណៈកម្មាការគ្រប់គ្រងហានិភ័យ គណៈកម្មាការប្រតិបត្តិ និងគណៈកម្មាការទ្រព្យសកម្មនិងអកម្ម។ មុនពេលចូលបម្រើការងារនៅធនាគារក្រុងស្រ៊ី លោក Chandra បានបម្រើការងារជាអគ្គនាយកនាយកដ្ឋានគ្រប់គ្រងហានិភ័យនៅក្រុមហ៊ុន GE Money ប្រទេសឥណ្ឌា ទទួលបន្ទុកត្រួតពិនិត្យអាជីវកម្មលក់រាយ ដែលរាប់បញ្ចូលសេវាកម្ចីគេហដ្ឋាន កម្ចីផ្ទាល់ខ្លួន កម្ចីយានយន្ត និងកាតឥណទានជាដើម។ លោក Chandra បានបញ្ចប់ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ពីសាកលវិទ្យាល័យមុមបៃ ផ្នែកពាណិជ្ជកម្ម នៅក្នុងឆ្នាំ១៩៨៥ ។

លោក Pairote CHEUNKRUT, អភិបាល

លោក Pairote ត្រូវបានតែងតាំងជាអគ្គនាយករៀបចំយុទ្ធសាស្ត្រ នៃធនាគារ ក្រុងស្រ៊ី នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២០ និងជានាយកប្រតិបត្តិរបស់ MUFG នៅខែឧសភា ឆ្នាំ២០២០។ មុនពេលត្រូវបានតម្លើងមកកាន់តួនាទីនេះ លោកគឺជានាយកគ្រុបអូតូ ក្រុងស្រ៊ី ផងដែរ។ លោក Pairote ទទួលបានការកោតសរសើរទាំងក្នុងស្រុក និងលើឆាកអន្តរជាតិ ជាប្រតិបត្តិករយ៉ាងប៉ិនប្រសប់លើវិស័យហិរញ្ញវត្ថុ និងការគ្រប់គ្រង តាមរយៈបទពិសោធប្រមាណជាង ២៥ ឆ្នាំ នៅក្រុមហ៊ុនឈានមុខជាច្រើន ដូចជា Krungsri Auto, GE Capital, Auto Lease Plc និង GE Money (ប្រទេសថៃ)។ លោក Pairote បានបញ្ចប់បរិញ្ញាបត្រផ្នែកគណនេយ្យពីសាកលវិទ្យាល័យបាងកកនៅប្រទេសថៃ និង បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងពាណិជ្ជកម្ម ពីសាកលវិទ្យាល័យ Oklahoma City នៅសហរដ្ឋអាមេរិក។

លោក Wanchairabin JITWATTANATAM, អភិបាល

លោក Wanchairabin បានចូលបម្រើការងារនៅ ហត្ថាកសិករ នៅក្នុងខែ វិច្ឆិកា ឆ្នាំ ២០១៦ ដោយនាំមកជាមួយនូវបទពិសោធន៍ជំនាញវិជ្ជាជីវៈការងារចម្រុះ ២០ឆ្នាំ លើវិស័យធនាគារ និងហិរញ្ញវត្ថុ ការប្រឹក្សាយោបល់លើការគ្រប់គ្រងទូទៅ និងជាពិសេសវិស័យវិស្វកម្មក្នុងក្រុមហ៊ុនសំខាន់ៗមួយចំនួនដូចជា ធនាគារក្រុងស្រ៊ី ក្រុមហ៊ុន GE Capital និង AT Kearney។ មុនពេលចូលរួមជាមួយនឹង ហត្ថាកសិករ លោក Wanchairabin គឺជានាយកគ្រប់គ្រងផ្នែកគ្រប់គ្រងយុទ្ធសាស្រ្តសហគមន៍សេដ្ឋកិច្ចអាស៊ាននៃ ធនាគារ ក្រុងស្រ៊ី ដោយលោកមានតួនាទីសំខាន់គ្រប់គ្រងលើការពង្រីកសកម្មភាពអាជីវកម្មរបស់ធនាគារនេះនៅក្នុងបណ្តាប្រទេសមហាអនុតំបន់ទន្លេមេគង្គ។ តាមរយៈបទពិសោធន៍លើវិស័យធនាគារជាមួយនឹងសមត្ថភាពលើការប្រឹក្សាយោបល់លើការដឹកនាំក្នុងតំបន់អាស៊ីអាគ្នេយ៍ លោកបានរៀបចំ និងដឹកនាំផែនការយុទ្ធសាស្រ្តយ៉ាងជោគជ័យជាច្រើនហើយសម្រេចគម្រោងទាំងនោះទៅតាមការកំណត់ចំណែកទីផ្សារ និងទិសដៅអាជីវកម្ម ដែលគម្រោងសំខាន់ៗទាំងនោះរួមមាន ការកំណត់យុទ្ធសាស្រ្តក្រុមហ៊ុន ការអភិវឌ្ឍផលិតផល និងចរន្តបែងចែក ការពង្រឹងប្រព័ន្ធ telemarketing ការកែលម្អដំណើរការខ្សែចង្វាក់ផលិតកម្ម និងការបង្កើតគំរូសេវាកម្មលក់ផលិតផល។ លោក Wanchairabin ទទួលបានសញ្ញាបត្រថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងធុរកិច្ចពីសាកលវិទ្យាល័យ Melbourne Business School ប្រទេសអូស្ត្រាលី និងបរិញ្ញាបត្រវិស្វកម្មពីសាកលវិទ្យាល័យ Chulalongkorn ប្រទេសថៃ។

លោក Wee Mun Seng, អភិបាល

លោក Wee Mun Seng បានចូលបម្រើការងារនៅ ធនាគារ ហត្ថា ម.ក ជាអនុប្រធាននាយកប្រតិបត្តិ នៅក្នុងខែសីហា ឆ្នាំ ២០២៣។ លោក Wee Mun Seng នាំមកជាមួយនូវបទពិសោធជំនាញវិជ្ជាជីវៈការងារចម្រុះជាង ៣០ឆ្នាំ លើវិស័យធនាគារ និងហិរញ្ញវត្ថុ ។ មុនពេលចូលរួមជាមួយនឹង ធនាគារ ហត្ថា ម.ក លោក Wee Mun Seng បានបម្រើការក្នុងតួនាទីសំខាន់ៗដូចជា នាយកអង្គភាពពាណិជ្ជកម្ម នៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត អគ្គនាយក នៅ FinX Capital Sdn Bhd (ប្រទេសម៉ាឡេស៊ី), ទីប្រឹក្សាអាជីវកម្ម នៅ ASEAN Digital Finance International (ប្រទេសម៉ាឡេស៊ី) នាយកលក់ និងចែកចាយ នៅ Al Rajhi Bank (ប្រទេសម៉ាឡេស៊ី) អគ្គនាយកប្រតិបត្តិការ នៅ Hong Leong Bank (ប្រទេសម៉ាឡេស៊ី) និងតួនាទីជាច្រើនផ្សេងៗទៀត។ លោក Wee Mun Seng បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញបត្រជាន់ខ្ពស់ លើជំនាញហិរញ្ញវត្ថុ និងទីផ្សារ ពី Washington University in St. Louis និងបរិញ្ញាបត្រ លើជំនាញហិរញ្ញវត្ថុ និងទីផ្សារ ពី Southeast Missouri ពីសហរដ្ឋអាមេរិក ។

លោក Shinya Takahashi, អភិបាល

លោក Shinya Takahashi បានចូលបម្រើការងារជាមួយធនាគារ ហត្ថា ក្នុងនាមជាអនុប្រធានអគ្គនាយក ក្នុងខែឧសភា ឆ្នាំ ២០២៤ ដោយនាំមកនូវបទពិសោធផ្នែកធនាគារយ៉ាងទូលំទូលាយ។ នៅក្នុងរយៈពេលអាជីពការងាររបស់គាត់ គាត់បានកាន់តួនាទីជាអ្នកដឹកនាំសំខាន់ៗ ដូចជាសហនាយកនៃសាជីវកម្មពហុជាតិ និងមូលនិធិអន្តរជាតិនៅធនាគារ Vietin Bank Ltd. ក្នុងប្រទេសវៀតណាម ជានាយក និងជាប្រធានផ្នែកផែនការយុទ្ធសាស្រ្តនៅធនាគារ MUFG នៅក្នុងប្រទេសហ្វីលីពីន និង កាន់មុខតំណែងជាអ្នកគ្រប់គ្រងជាច្រើនទៀតនៅធនាគារ MUFG និង Bank of Tokyo-Mitsubishi UFJ នៅប្រទេសជប៉ុន និងសហរដ្ឋអាមេរិក។ លោក Takahashi បានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកច្បាប់ពីសាកលវិទ្យាល័យ Keio ក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន។

លោក ប៉ាក សេរីវឌ្ឍនា អភិបាលឯករាជ្យ

លោក សេរីវឌ្ឍនា គឺជាអ្នកឯកទេសលើវិស័យហិរញ្ញវត្ថុ និងជាអ្នកផ្តល់ការប្រឹក្សាលើការវិនិយោគ ដែលមានបទពិសោធន៍ជាង ២០ឆ្នាំ ក្នុងការអភិវឌ្ឍវិស័យហិរញ្ញវត្ថុ និងហិរញ្ញប្បទានគម្រោង។ លោកមានជំនាញផ្នែកផែនការយុទ្ធសាស្រ្ត និងការធ្វើគម្រោងអាជីវកម្ម ការសិក្សាលើលទ្ធភាពគម្រោង ការវាយតម្លៃលើការវិនិយោគ និងឥណទានធនាគារ។ បទពិសោធន៍របស់លោក វឌ្ឍនា រួមមានការដឹកនាំក្រុមការងារ Axis Investment Consulting ដើម្បីអភិវឌ្ឍ និងអនុវត្តការប្រឹក្សាយោបល់សម្រាប់អាជីវកម្ម និងទីភ្នាក់ងារអភិវឌ្ឍន៍ផ្សេងៗនៅកម្ពុជា។ លោកបានធ្វើការជាច្រើនពាក់ព័ន្ធនឹងឥណទានធនាគារ យុទ្ធសាស្រ្តផ្តល់ដើមទុនសម្រាប់វិស័យហិរញ្ញវត្ថុ និងហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុ ដែលជាផ្នែកមួយនៃការងាររបស់លោកជាមួយក្រុមធនាគារពិភពលោក។ លោក វឌ្ឍនា ទទួលបានបរិញ្ញាបត្រសេដ្ឋកិច្ច ពីសាកលវិទ្យាល័យជាតិគ្រប់គ្រង (អតីតវិទ្យាស្ថានសេដ្ឋកិច្ច) និងអនុបណ្ឌិតផ្នែកគ្រប់គ្រងហិរញ្ញវត្ថុពីសាកលវិទ្យាល័យ Central Queensland នៅប្រទេសអូស្ត្រាលី។

លោកបណ្ឌិត ឌី ដាវុឌ្ឍ, អភិបាលឯករាជ្យ

លោកបណ្ឌិត ដាវុឌ្ឍ ជាទីប្រឹក្សាដែលមានបទពិសោធន៍ខ្ពស់ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។ លោកធ្លាប់បម្រើការងារនៅស្ថាប័នជាតិ និងអន្តរជាតិជាច្រើនជាមួយនឹងការទទួលខុសត្រូវលើគម្រោងសំខាន់ៗរួមមាន ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ធនាគារពិភពលោក (World Bank) និង SMEC International ជាដើម។ លោកបណ្ឌិត ដាវុឌ្ឍ ក៏មានគុណវុឌ្ឍិក្នុងការគ្រប់គ្រងការសិក្សាថ្នាក់ឧត្តម ដោយបច្ចុប្បន្នលោកបណ្ឌិត មានតួនាទីជា សាកលវិទ្យាធិការរងជាន់ខ្ពស់នៃសាកលវិទ្យាល័យបៀលប្រាយ ហើយលើសពីនេះទៀត លោកបណ្ឌិតក៏មានបទពិសោធន៍ក្នុងវិស័យហិរញ្ញវត្ថុជាង ២០ឆ្នាំ ផងដែរ។

លោកបណ្ឌិត ឈាង វណ្ណារិទ្ធ, អភិបាលឯករាជ្យ

លោកបណ្ឌិត ឈាង វណ្ណារិទ្ធ បានចូលបម្រើការងារជាអភិបាលឯករាជ្យនៃក្រុមប្រឹក្សាភិបាលរបស់ធនាគារ ហត្ថា នៅខែមិថុនា ឆ្នាំ ២០២៤ ដោយបាននាំមកនូវបទពិសោធយ៉ាងទូលំទូលាយ។ មុនចូលបម្រើការងារនេះ លោកបានកាន់តួនាទីជាថ្នាក់ដឹកនាំតាមស្ថាប័នជាច្រើន ដូចជា បានបម្រើការងារជាប្រធានក្រុមប្រឹក្សាប្រឹក្សានៃរដ្ឋសភាកម្ពុជា ជាស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលនៃឧទ្យានច្នៃប្រឌិតសង្គមអង្គរ (Angkor Social Innovation Park) ជាប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី ទីប្រឹក្សាប្រចាំអាស៊ីអាគ្នេយ៍នៃមូលនិធិ Nippon ជាសាស្ត្រាចារ្យនៅសាកលវិទ្យាល័យ Leeds នាយកប្រតិបត្តិនៃវិទ្យាស្ថានកម្ពុជាសម្រាប់កិច្ចសហប្រតិបត្តិការ និងសន្តិភាព និងជាជំនួយការរដ្ឋមន្ត្រីការពារជាតិកម្ពុជា។ យោងតាមប្រវត្ថិការសិក្សារបស់លោក លោកបណ្ឌិត ឈាង វណ្ណារិទ្ធ បានបញ្ចប់ថ្នាក់បណ្ឌិតផ្នែកសិក្សាអាស៊ីប៉ាស៊ីហ្វិកពីសាកលវិទ្យាល័យ Ritsumeikan Asia Pacific University ក្នុងប្រទេសជប៉ុន នៅក្នុងឆ្នាំ ២០០៩។