ធនាគារ ហត្ថា រៀបចំកិច្ចប្រជុំនាយកសាខាប្រចាំឆ្នាំក្រោមប្រធានបទ «ពួតដៃគ្នាដើម្បីភាពរឹងមាំទាំងអស់គ្នា»

ភ្នំពេញ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤៖ ធនាគារ ហត្ថា ដែលជាក្រុមហ៊ុនបុត្រសម័្ពន្ធរបស់ ធនាគារ ក្រុងស្រ៊ី ដែលជាធនាគារពាណិជ្ជធំជាងគេលំដាប់ទី៥ នៅក្នុងប្រទេសថៃ និងជាសមាជិកនៃសម្ព័ន្ធហិរញ្ញវត្ថុអន្តរជាតិ MUFG បានរៀបចំកិច្ចប្រជុំនាយកសាខាប្រចាំឆ្នាំ ក្រោមប្រធាន​ «ពួតដៃគ្នាដើម្បីភាពរឹងមាំទាំងអស់គ្នា» ដែលកម្មវិធីនេះបានប្រារព្ធធ្វើឡើងនាថ្ងៃចន្ទ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកឧកញ៉ា ហួត អៀងតុង ប្រធានអគ្គនាយក ធនាគារ ហត្ថា ថ្នាក់ដឹកនាំជាន់ខ្ពស់ និងថ្នាក់គ្រប់គ្រង ព្រមទាំងលោកនាយក-នាយិកាសាខា របស់ធនាគារ ហត្ថា មកពីគ្រប់សាខាទូទាំងប្រទេស។ កិច្ចប្រជំុឆ្នាំនេះ ត្រូវបានប្រារព្ធឡើងក្នុងគោលបំណង បង្ហាញពីផែនការយុទ្ធសាស្ត្រ ព្រមទាំងគោលដៅសម្រាប់ឆ្នាំ២០២៤។

 

លោកឧកញ៉ា ហួត អៀងតុង ប្រធានអគ្គនាយក ធនាគារ ហត្ថា បានមានប្រសាសន៍ថា៖ សុចរិតភាព សាមគ្គីភាព និងកិច្ចសហការ ក្នុងការបំពេញការងារប្រចាំថ្ងៃ គឺពិតជាមានសារៈសំខាន់យ៉ាងខ្លាំងមិនអាចអត់បាន ដើម្បីនាំនាវាធនាគារ ហត្ថា អាចឆ្លងកាត់ពុះពារឧបសគ្គទាំងឡាយនៅក្នុងស្ថានភាពសេដ្ឋកិច្ចពិភពលោកដែលមិនច្បាស់លាស់ដូចសព្វថ្ងៃនេះ​ ដើម្បីសម្រេចឱ្យបាននូវវឌ្ឍនភាព និងភាពជោគជ័យទំាងអស់គ្នានៅក្នុងឆ្នាំថ្មីនេះ។ លោកឧកញ៉ា​ បានមានប្រសាសន៍បន្ថែមថា៖ ប្រធានបទ «ពួតដៃគ្នាដើម្បីភាពរឹងមាំទាំងអស់គ្នា» នៃកិច្ចប្រជុំថ្ងៃនេះ ជួយក្រើនរំលឹកជាថ្មីម្តងទៀតអំពីសារៈសំខាន់នៃការពួតដៃគ្នាបំពេញការងារប្រកបដោយភាពស្មោះត្រង់ឱ្យខានតែបាន ក្នុងគោលដៅមានទំនួលខុសត្រូវខ្ពស់បំផុត ដើម្បី​​កសាងភាពធន់ និងភាពរឹងមាំទាំងអស់គ្នា ឆ្ពោះទៅកាន់ភាពរីកចម្រើន និងភាពជោគជ័យនាពេលអនាគតទាំងអស់គ្នា។

 

កិច្ចប្រជុំបានបញ្ចប់ជាមួយនឹងបរិយាកាសចូលរួមយ៉ាងច្រើនកុះករ និងទទួលបានផ្លែផ្កាជាទីមោទនភាព តាមរយៈការធ្វើបទបង្ហាញ កិច្ចពិភាក្សា ការចែករំលែកពីវាគ្មិនជំនាញ និងសំណួរ-ចម្លើយពីអ្នកចូលរួមទាំងអស់ ដែលជាធាតុចូលដ៏មានសារៈសំខាន់​ និងមានតម្លៃសម្រាប់លោកនាយក-នាយិកាសាខា ពាំនាំយកទៅអនុវត្ត​ និងពង្រឹងកិច្ចការងារប្រចាំថ្ងៃ ដើម្បីជម្នះរាល់បញ្ហាប្រឈមផ្សេងៗ និងធានាឱ្យបាននូវភាពជោគជ័យ នាពេលខាងមុខ។


អំពី ធនាគារ ហត្ថា

 

ធនាគារ ហត្ថា ជាធនាគារពាណិជ្ជដែលមានវត្តមាននៅក្នុងព្រះរាជាណាចក្រកម្ពុជាអស់រយៈកាល៣០ឆ្នាំមកហើយ ដែលផ្តល់ជូនសេវាហិរញ្ញវត្ថុយ៉ាងទូលំទូលាយដល់អតិថិជនរបស់ខ្លួន។ គិតត្រឹមត្រីមាសទី៤ ឆ្នាំ២០២៣ ធនាគារ ហត្ថា កំពុងកាន់កាប់តំណែងជាធនាគារពាណិជ្ជធំជាងគេលំដាប់ទី៤ផ្អែកលើការិយាល័យប្រតិបត្តិការរបស់ខ្លួន។ ធនាគារ ហត្ថា ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ ធនាគារ​​ ក្រុងស្រ៊ី ដែលជាសម្ព័ន្ធហិរញ្ញវត្ថុធំបំផុតលំដាប់ទី៥ នៅក្នុងព្រះរាជាណាចក្រថៃឡង់ដ៍ ដែលមានអាយុកាលអាជីវកម្មរយៈពេល ៧៨ឆ្នាំ។ ធនាគារ ក្រុងស៊្រី ជាសមាជិកយុទ្ធសាស្ត្រនៃសម្ព័ន្ធហិរញ្ញវត្ថុអន្តរជាតិ MUFG Financial Group ដែលជាសម្ព័ន្ធហិរញ្ញវត្ថុធំជាងគេនៅក្នុងប្រទេសជប៉ុន និងធំបំផុតមួយនៅក្នុងពិភពលោក។