ធនាគារ ក្រុងស្រ៊ី បានផ្តល់ហិរញ្ញប្បទានសរុបជិត ៥០០ លានដុល្លារ ដល់ធនាគារ ហត្ថា

ភ្នំពេញ, ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤៖ ធនាគារ ក្រុងស្រ៊ី (ធនាគារ អយុធ្យា និងក្រុមហ៊ុនអាជីវកម្មចំណុះរបស់ធនាគារ) ដែលជាគ្រុបហិរញ្ញវត្ថុធំជាងគេលំដាប់ទីនៅក្នុងព្រះរាជាណាចក្រថៃឡង់ដ៍ និងជាសមាជិកសម្ព័ន្ធហិរញ្ញវត្ថុពិភពលោក MUFG ដែលជាស្ថាប័នហិរញ្ញវត្ថុដ៏ធំបំផុតក្នុងប្រទេសជប៉ុន បានប្រកាសផ្តល់ហិរញ្ញប្បទានថ្មីនូវទឹកប្រាក់ ៣០០ លានដុល្លារសហរដ្ឋអាមេរិក ដល់ ធនាគារ ហត្ថា ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ ធនាគារ ក្រុងស្រ៊ី​ និងជាធនាគារពាណិជ្ជដ៏ធំមួយក្នុងចំណោមធនាគារពាណិជ្ជធំជាងគេទាំង៥ នៅក្នុងប្រទេសកម្ពុជា ដើម្បីគាំទ្រប្រតិបត្តិការអាជីវកម្មឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត។ រហូតមកដល់ពេលនេះ ធនាគារ ហត្ថា​ ទទួលបានហិរញ្ញប្បទានសរុបពី ធនាគារ ក្រុងស្រ៊ី មានចំនួនទឹកប្រាក់ជិត ៥០០ លានដុល្លារសហរដ្ឋអាមេរិក។

​ហិរញ្ញប្បទាននេះ បង្ហាញពីការប្តេជ្ញាចិត្តរបស់ ធនាគារ ក្រុងស្រ៊ី ដើម្បីក្លាយជាធនាគារដ៏លេចធ្លោមួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ថែមទាំងអនុញ្ញាតឱ្យ ធនាគារ ហត្ថា អាចពង្រីកវិសាលភាពប្រតិបត្តិការអាជីវកម្មរបស់ខ្លួនយ៉ាងទូលំទូលាយដល់អតិថិជនគោលដៅ ជាពិសេសអតិថិជនដែលជាសហគ្រាសខ្នាតតូចបំផុត ខ្នាតតូច និងមធ្យម ដែលបាននិងកំពុងត្រូវការដើមទុនដើម្បីពង្រីកអាជីវកម្មរបស់ខ្លួនក្នុងវិស័យផ្សេងៗ ដូចជា កសិកម្ម កសិឧស្សាហកម្ម សេវាកម្ម និងវិស័យពាណិជ្ជកម្មជាដើម ដែលស្ថិតនៅក្នុងបរិបទមិនប្រាកដប្រជានៃសេដ្ឋកិច្ចពិភពលោក។

លោក Kenichi Yamato ប្រធានអគ្គនាយក និងនាយកប្រតិបត្តិនៃ ធនាគារ ក្រុងស្រ៊ី បានមានប្រសាសន៍ថា៖ «ការបន្ថែមហិរញ្ញប្បទានជាយុទ្ធសាស្ត្ររបស់យើងដល់ ធនាគារ ហត្ថា​ ដែលជាធនាគារលំដាប់ជួរមុខមួយនៅក្នុងចំណោមអាជីវកម្មយុទ្ធសាស្ត្រតំបន់អាស៊ីអាគ្នេយ៍របស់ ធនាគារ ក្រុងស្រ៊ី គឺស្របទៅតាមការប្តេជ្ញាចិត្តរបស់យើងក្នុងការគាំទ្រអាជីវកម្មរបស់ ធនាគារ ហត្ថា ដើម្បីឆ្លើយតបទៅនឹងតម្រូវការហិរញ្ញវត្ថុរបស់អតិថិជននៅក្នុងប្រទេសកម្ពុជា និងធ្វើការគូសបញ្ជាក់ឡើងវិញអំពីតួនាទីរបស់យើងជាធនាគារថ្នាក់តំបន់មួយ។

យើងទាំងអស់គ្នាមានជំនឿថា តាមរយៈចំណេះជំនាញហិរញ្ញវត្ថុដាច់ដោយឡែករបស់ ធនាគារ ក្រុងស្រ៊ី និងបទពិសោធអាជីវកម្មក្នុងស្រុករបស់ ធនាគារ ហត្ថា កន្លងមកនេះ ធនាគារ ហត្ថា នឹងបន្តរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាប្រកបដោយនិរន្តរភាព។»

លោកឧកញ៉ា ហួត អៀងតុង ប្រធានអគ្គនាយករបស់ ធនាគារ ហត្ថា បានលើកឡើងពីសារៈសំខាន់ នៃហិរញ្ញប្បទានបន្ថែមនេះ ដោយធ្វើការគូសបញ្ជាក់ថា៖ «ជាមួយនឹងហិរញ្ញប្បទានបន្ថែមថ្មីនេះ ដែលធ្វើឱ្យចំនួនហិរញ្ញប្បទានសរុបមានរហូតដល់ជិត ៥០០លានដុល្លារសហរដ្ឋអាមេរិក ពី ធនាគារ ក្រុងស្រ៊ី ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ព្រោះវាជួយឱ្យធនាគាររបស់យើង [ធនាគារ ហត្ថា] ពង្រីកទ្រព្យសកម្ម និង មានលទ្ធភាពគ្រប់គ្រាន់ក្នុងការជំរុញផលិតភាពការងារ ព្រមទាំងប្រតិបត្តិការអាជីវកម្មឱ្យត្រូវទៅតាមផែនការដែលបានកំណត់ទុក។» លោកឧកញ៉ា បានបន្ថែមទៀតថា៖ «ការផ្តល់ហិរញ្ញប្បទានបន្ថែមនៅពេលនេះ ក៏បានបង្ហាញយ៉ាងជាក់ច្បាស់អំពីមហិច្ឆតារបស់ ធនាគារ​ ក្រុងស្រ៊ី ដែលជាធនាគារធំជាងគេលំដាប់ទី៥ ក្នុងព្រះរាជាណាចក្រថៃឡង់ដ៍ និងដែលជាសមាជិកសម្ព័ន្ធហិរញ្ញវត្ថុពិភពលោក MUFG ក្នុងការពង្រីកវិសាលភាពអាជីវកម្ម និងពង្រីកវត្តមានរបស់ខ្លួននៅក្នុងតំបន់អាស៊ីអាគ្នេយ៍។»  

គួរបញ្ជាក់ថា ធនាគារ ហត្ថា ទទួលបានការគំាទ្រយ៉ាង​ពេញទំហឹងពីសំណាក់អតិថិជន សាធារណជន អាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ និងជាពិសេស ធនាគារ ក្រុងស្រ៊ី ដែលដើរតួនាទីយ៉ាង​សំខាន់ក្នុងការបង្កើតជំនឿទុកចិត្ត និងការគាំទ្រដល់ ធនាគារ ហត្ថា។ ម្យ៉ាងវិញទៀត ធនាគារ ហត្ថា បាននិងកំពុងដាក់ចេញ និងអនុវត្តនូវយុទ្ធសាស្រ្តមួយដ៏ត្រឹមត្រូវ និងមានប្រសិទ្ធភាពខ្ពស់ ដើម្បីសម្រេចបានទស្សនវិស័យរបស់ខ្លួនក្នុងការក្លាយខ្លួនទៅជាធនាគារជម្រើសទីមួយរបស់អតិថិជនសម្រាប់ការធ្វើប្រតិបតិ្តការហិរញ្ញវត្ថុប្រចាំថ្ងៃ និងទទួលបានអនាគតដ៏ប្រសើរ។

អំពី ធនាគារ ហត្ថា

ធនាគារ ហត្ថា ជាធនាគារពាណិជ្ជដែលមានវត្តមាននៅក្នុងព្រះរាជាណាចក្រកម្ពុជាអស់រយៈកាល៣០ឆ្នាំមកហើយ ដែលផ្តល់ជូនសេវាហិរញ្ញវត្ថុយ៉ាងទូលំទូលាយដល់អតិថិជនរបស់ខ្លួន។ គិតត្រឹមត្រីមាសទី ឆ្នាំ២០២៣ ធនាគារ ហត្ថា កំពុងកាន់កាប់តំណែងជាធនាគារពាណិជ្ជធំជាងគេលំដាប់ទី ផ្អែកលើការិយាល័យប្រតិបត្តិការរបស់ខ្លួន។ លើសពីនេះ ធនាគារ ហត្ថា បន្តកាន់កាប់តំណែងឈរជើងយ៉ាងរឹងមាំក្នុងចំណោមធនាគារធំៗទាំង៨នៅក្នុងប្រទេសកម្ពុជាយោងទៅលើផលបត្រឥណទាន និងប្រាក់បញ្ញើសន្សំ។ ធនាគារ ហត្ថា ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ ធនាគារ​​ ក្រុងស្រ៊ី ដែលជាសម្ព័ន្ធហិរញ្ញវត្ថុធំបំផុតលំដាប់ទី៥ នៅក្នុងព្រះរាជាណាចក្រថៃឡង់ដ៍ ដែលមានអាយុកាលអាជីវកម្មរយៈពេល ៧ឆ្នាំ។ ធនាគារ ក្រុងស៊្រី ជាសមាជិកយុទ្ធសាស្ត្រនៃសម្ព័ន្ធហិរញ្ញវត្ថុអន្តរជាតិ MUFG Financial Group ដែលជាសម្ព័ន្ធហិរញ្ញវត្ថុធំជាងគេនៅក្នុងប្រទេសជប៉ុន និងធំបំផុតមួយនៅក្នុងពិភពលោក។

អំពី ធនាគារក្រុងស្រ៊ី

ធនាគារ ក្រុងស្រ៊ី (ធនាគារ អយុធ្យា និងស្ថាប័នអាជីវកម្មចំណុះរបស់ធនាគារ) គឺជាគ្រុបហិរញ្ញវត្ថុធំជាងគេលំដាប់ទីនៅក្នុងព្រះរាជាណាចក្រថៃឡង់ដ៍ យោងលើទ្រព្យសកម្ម ផលបត្រឥណទាន និងប្រាក់បញ្ញើសន្សំ និងជាធនាគារមួយក្នុងចំណោមធនាគារ Domestic Systemically Important (D-SIBs) ទាំង៦របស់ប្រទេសថៃឡង់ដ៍ ដែលបានធ្វើប្រតិបត្តិការអាជីវកម្មជូនអតិថិជនរបស់ខ្លួនអស់រយៈពេល ៧៨ ឆ្នាំ កន្លងមកហើយ។ ធនាគារ ក្រុងស្រ៊ី គឺជាសមាជិកសម្ព័ន្ធហិរញ្ញវត្ថុពិភពលោក MUFG ដែលជាស្ថាប័នហិរញ្ញវត្ថុដ៏ធំបំផុតក្នុងប្រទេសជប៉ុន ធនាគារ ក្រុងស៊្រី ផ្តល់ជូនអតិថិជនរបស់ខ្លួនយ៉ាងទូលំទូលាយនូវសេវាធនាគារ និងហិរញ្ញវត្ថុ ការវិនិយោគ ការគ្រប់គ្រងទ្រព្យសកម្ម និងសេវាហិរញ្ញវត្ថុជាច្រើនផ្សេងទៀត ទៅកាន់អតិថិជនជាបុគ្គល សហគ្រាសខ្នាតតូច និងមធ្យម និងក្រុមហ៊ុន តាមរយៈបណ្តាញការិយាល័យក្នុងស្រុកចំនួន ៥៩៩ ទីតាំង (៥៥៩ ការិយាល័យធនាគារ និង ៤០ ការិយាល័យអាជីវកម្មអូតូ) និង ទីតាំងផ្តល់សេវាកម្មជាង ៣៤.០៧២ ទីតាំងនៅទូទាំងប្រទេស។ គ្រុបក្រុងស្រ៊ី គឺជាស្ថាប័នបោះផ្សាយប័ណ្ណធំជាងគេ នៅក្នុងប្រទេសថៃឡង់ដ៍ជាមួយនឹងប័ណ្ណឥណទានចំនួន ១០,២ លាន គណនីឥណទានផ្ទាល់ខ្លួន គណនីហិរញ្ញវត្ថុលក់ និង ឥណទានផ្ទាល់ខ្លួន ជាស្ថាប័នផ្តល់សេវាកម្មបង់រំលស់រថយន្តដ៏ធំមួយ​ (ក្រុងស្រ៊ី អូតូ) ជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនគ្រប់គ្រងទ្រព្យសម្បត្តិដែលមានការរីកលូតលាស់ជាងគេ (ក្រុមហ៊ុនគ្រប់គ្រងទ្រព្យសម្បត្តិក្រុងស្រ៊ី) និងជាក្រុមហ៊ុនដំបូងបង្កើតគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ (Ngern Tid Lor)។