ធនាគារ ហត្ថា និង ក្រុមហ៊ុនធានារ៉ាប់រង ហ្វតតេ ចុះកិច្ចព្រមព្រៀងដើម្បីផ្តល់ជូនអតិថិជននូវសេវាហិរញ្ញវត្ថុកាន់តែកក់ក្តៅ

រាជធានីភ្នំពេញ ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១៖ ធនាគារ ហត្ថា ដែលជាធនាគារឈានមុខមួយនៅកម្ពុជា និងក្រុមហ៊ុនធានារ៉ាប់រង ហ្វតតេ ដែលជាស្ថាប័នដែលមានភាពលេចធ្លោក្នុងវិស័យធានារ៉ាប់រង បានសហការ និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្នុងការផ្តល់ជូននូវសេវាធានារ៉ាប់រងលើគ្រោះថ្នាក់យានយន្ត គ្រោះថ្នាក់អគ្គីភ័យ និងការធានារ៉ាប់រងមួយចំនួនទៀត ដើម្បីផ្តល់ជូននូវទំនុកចិត្ត និងភាពកក់ក្តៅកាន់តែខ្ពស់សម្រាប់អតិថិជនក្នុងការប្រើប្រាស់សេវាជាមួយលក្ខខណ្ឌកាន់តែងាយស្រួល និងល្អប្រសើរ។ តាមរយៈភាពជាដៃគូយ៉ាងជិតស្និទ្ធនេះ ស្ថាប័នទាំងពីរជឿជាក់យ៉ាងមុតមាំថានឹងក្លាយជាការឆ្លើយតបយ៉ាងចាំបាច់មួយទៅនឹងការចង់បានរបស់អតិថិជន នោះគឺជាភាពរីកចម្រើនដែលប្រកបដោយសុខុមាលភាពទាំងផ្នែកហិរញ្ញវត្ថុ និងការការពារពីបញ្ហាប្រឈមនានាដែលអាចកើតមាន។

លោក ជឺន បូរាណច័ន្ទបូរ៉ាត់, អគ្គនាយកនីតិកម្ម របស់ ធនាគារ ហត្ថា បានមានប្រសាសន៍ឱ្យដឹងថា៖ «ក្នុងនាមជាធនាគារមានបទពិសោធន៍ចាស់ទុំដែលផ្តល់ជូននូវសេវាហិរញ្ញវត្ថុដ៏ទាន់សម័យប្រកបដោយទំនុកចិត្ត ធនាគារ ហត្ថា មានបទពិសោធន៍ជិត ៣០ឆ្នាំ មកហើយ ជាមួយសមិទ្ធផលសម្រេចបានគួរជាទីមោទនៈជាបន្តបន្ទាប់ ហើយយើងជឿជាក់ថា កិច្ចសហការផ្តល់ជូនសេវាធានារ៉ាប់រងនេះគឺជាកិច្ចការមួយផ្សេងទៀតដែលយើងចាំបាច់ត្រូវធ្វើដែលវានឹងជួយជំរុញបន្ថែមដល់ភាពរីកចម្រើនរបស់អតិថិជនក្នុងការប្រើប្រាស់សេវាកម្មរបស់យើងឱ្យទទួលបាននូវការការពារយ៉ាងកក់ក្តៅ និងជោគជ័យគ្រប់កាលៈទេសៈ។ លោកបានបន្ថែមថា យើងបានសម្រេចជ្រើសរើសក្រុមហ៊ុនធានារ៉ាប់រង ហ្វតតេ ជាដៃគូផ្តល់សេវាធានារ៉ាប់រងលើយានយន្ត អគ្គីភ័យ និងធានារ៉ាប់រងមួយចំនួនទៀតជូនអតិថិជនរបស់យើងព្រោះក្រុមហ៊ុនមានគុណវឌ្ឍន៍គ្រប់គ្រាន់ក្នុងការឆ្លើយតបទៅនឹងតម្រូវការ ក៏ដូចជាលក្ខខណ្ឌនានាដែលគាំទ្រខ្ពស់ដល់ផលប្រយោជន៍របស់អតិថិជន។

អ្នកស្រី Zhao Haiming, អនុប្រធានអគ្គនាយកប្រតិបត្តិ ក្រុមហ៊ុន ហ្វតតេ អ៊ិនសួរឹនស៍ (ខេមបូឌា) បានលើកឡើងថា “យើងដឹងហើយថា សេដ្ឋកិច្ចប្រទេសកម្ពុជាមានការរីកចម្រើនយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ រថយន្តទំនើបៗ និងអគារប្រណិតៗជាច្រើនមាននៅប្រទេសកម្ពុជា ជាពិសេសទីក្រុងធំៗ ដូចនេះការទិញធានារ៉ាប់រងលើអគ្គិភ័យ និងយានយន្ត គឺជារឿងសំខាន់ណាស់សម្រាប់ម្ចាស់អគារ និងយានយន្តទាំងនោះ។ ព្រោះយើងមិនអាចប៉ាន់ស្មានដឹងថានៅថ្ងៃអនាគតនឹងមានអ្វីកើតឡើងទេ។” លោក ចំរើនឫទ្ធិ បានបន្តដូចនេះថា “តាមរយៈកិច្ចព្រមព្រៀងនេះ វានឹងធ្វើឱ្យវិស័យធានារ៉ាប់រងនៅប្រទេសកម្ពុជាមានការអភិវឌ្ឍមួយកម្រិតទៀត។ ខ្ញុំសង្កេតឃើញថា ការយល់ដឹងរបស់ប្រជាជនខ្មែរយើងលើវិស័យធានារ៉ាប់រងមានការឡើងគួឱ្យកត់សម្គាល់នៅពេលបច្ចុប្បន្ន ដូចនេះវាជាសញ្ញាណល្អសម្រាប់សេច្ចកិច្ចជាតិរបស់យើង។” ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ ធនាគារ ហត្ថា ដែលបន្តសហការជាមួយក្រុមហ៊ុនហ្វតតេ។ ដូចដែលយើងបានដឹងហើយថា ធនាគារ ហត្ថា គឺជាធនាគារដែលនាំមុខគេមួយនៅកម្ពុជា ហើយហ្វតតេ ជាក្រុមហ៊ុនឈានមុខគេខាងវិស័យធានារ៉ាប់រង។ ខ្ញុំសង្ឈឹមថា នៅថ្ងៃអនាគតយើងនឹងមានផលិតផល ឬសេវាកម្មផ្សេងៗទៀតដើម្បីផ្តល់ជូនអតិថិជនទៅតាមតម្រូវការរបស់ពួកគាត់។”

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់៖

ធនាគារ ហត្ថា

លេខទូរសព្ទ៖ 1800 212 222 (ដោយឥតគិតថ្លៃ) | 023 999 266

អ៊ីមែល៖ info@hatthabank.com  

គេហទំព័រ៖​ www.hatthabank.com

ក្រុមហ៊ុនធានារ៉ាប់រង ហ្វតតេ

លេខទូរសព្ទ៖ 023 885 077

អ៊ីមែល៖ info@forteinsurance.com   

គេហទំព័រ៖​ www.forteinsurance.com