ធនាគារ ហត្ថា បង្កើនល្បឿនការវាយតម្លៃអចលនទ្រព្យតាមរយៈការប្រើប្រាស់ Indication Plus Platform របស់ក្រុមហ៊ុន VTrust Appraisal Co., Ltd.

គោលបំណងនៃកិច្ចសហការនេះនឹងជំរុញឱ្យវិស័យធនាគារ​ និងវិស័យអចលនទ្រព្យ អាចបំពេញបន្ថែមឱ្យគ្នាទៅវិញទៅមក​ ជាពិសេសតាមរយៈការដាក់ឱ្យប្រើប្រាស់សេវាវាយតម្លៃអចលនទ្រព្យតាមប្រព័ន្ធឌីជីថល ឱ្យកាន់តែទូលំទូលាយដល់ស្ថាប័នហិរញ្ញវត្ថុ ក្នុងការផ្តល់សេវាឥណទានដល់អ្នកប្រើប្រាស់បាន

ឆាប់រហ័ស ងាយស្រួល និងមានទំនុកចិត្តខ្ពស់

 

រាជធានីភ្នំពេញ, ០៣ កុម្ភៈ ២០២២ -  ក្រុមហ៊ុនហ្សីលាននាម ឯ.ក, ក្រុមហ៊ុនវីត្រាស់ អឹព្រេហ្សល ឯ.ក និង ធនាគារ ហត្ថាម.ក នៅថ្ងៃនេះ បានសម្រេចបានកិច្ចសហការគ្នា ដើម្បីស្វែរកដំណោះស្រាយថ្មីៗ សំដៅរួមចំណែកពង្រឹងគុណភាពទីផ្សារហិរញ្ញវត្ថុ ក៏ដូចជាបង្កើនភាពទាក់ទាញទីផ្សារអចលនទ្រព្យនៅកម្ពុជា ​ ស្របពេលដែលវិស័យទាំងពីរ​នេះបានក្លាយជាឆ្អឹងខ្នងដ៏សំខាន់ក្នុងការរុញច្រានកំណើនសេដ្ឋកិច្ចនៅកម្ពុជា។

ក្រុមហ៊ុនទាំងបីនេះបានរៀបចំចុះហត្ថលេខាលើកិច្ចសហការ ដាច់ដោយឡែកពីរផ្សេងៗគ្នា ក្នុងពេលតែមួយនាព្រឹកថ្ងៃទី ៣ កុម្ភៈ នៅឯសណ្ឋាគារ Raffles Hotel Le Royal។​ ក្នុងនោះក្រុមហ៊ុន Zillennium Co.,Ltd ជាក្រុមហ៊ុនអចលនទ្រព្យដ៏ធំមួយនៅកម្ពុជា ដែលមានលោកគុយ វ៉ាត ជាប្រធានក្រុមប្រឹក្សាភិបាល បានសម្រេចចុះអនុស្សារណៈយោគយល់គ្នា (MoU) ជាមួយ ធនាគារ ហត្ថា ដែលមានលោកឧកញ៉ា ហួត អៀងតុង ជាប្រធានអគ្គនាយក។ ការសម្រេចចុះ MoU នាពេលនេះ ជាការបើកផ្លូវដល់ក្រុមហ៊ុន Zillennium Co., Ltd និង ធនាគារ ហត្ថា ក្នុងការស្វែងរកដំណោះស្រាយថ្មីៗ ដើម្បីឆ្លើយតបទៅនឹងកំណើនតម្រូវការទីផ្សារទាំងក្នុងវិស័យហិរញ្ញវត្ថុ និងវិស័យអចលនទ្រព្យ។  ការចាប់ដៃគូជាមួយ Zillennium Group បានឆ្លុះបញ្ចាំង​ពី​ ការយកចិត្តទុកដាក់កាន់តែជិតរបស់ធនាគាររបស់យើងក្នុងការបម្រើអតិថិជនរបស់យើងទាំងបុគ្គល និងសហគ្រាសធុនតូច និងមធ្យម ដោយប្រើប្រាស់បច្ចេកវិទ្យាធនាគារឌីជីថល​ ដើម្បីសម្របខ្លួន និងរីកចម្រើននៅក្នុងបរិបទសង្គមថ្មីក្រោយការរីករាលដាលជំងឺរាតត្បាត Covid-19 អតិថិជនរបស់យើងនឹងទទួលបានអត្ថប្រយោជន៍យ៉ាងច្រើនពីភាពជាដៃគូយុទ្ធសាស្ត្រនេះ។  ជាឧទាហរណ៍ ការវាយតម្លៃការស្នើសុំប្រាក់កម្ចីជាមួយធនាគារ ហត្ថា នឹងមានភាព​ជឿនលឿន​ និង​រហ័ស​ ពីព្រោះយើងនឹងប្រើប្រាស់​បច្ចេកវិទ្យា​ឌីជីថល ដើម្បីវាយតម្លៃ​ទ្រព្យ​ហៅថា indication plus”​ របស់​ក្រុមហ៊ុន​VTrust។ ហើយនាពេលអនាគតដ៏ខ្លីខាងមុខនេះ ការទូទាត់សម្រាប់សេវាកម្មអចលនទ្រព្យនឹងកាន់តែមានភាពងាយស្រួល ដោយសារអតិថិជនអាចប្រើប្រាស់ Hattha mobile និង Z1 App របស់យើង​ នឹងអាចធ្វើការបង់ប្រាក់សម្រាប់សេវាកម្មអចលនទ្រព្យទាំងអស់នៅទូទាំងប្រទេស។ តាមរយៈភាពជាដៃគូនេះ ធនាគារ និងក្រុមហ៊ុន Z1 Group នឹងដាក់ឱ្យដំណើរការ KHQR” ដែលជាសេវាកម្មឌីជីថលរបស់ធនាគារ ដែលអាចឱ្យអតិថិជនធ្វើការទូទាត់នៅ​តាម​ភោជនីយដ្ឋាន​របស់​ភាគី​ដូច​ជា​Park Cafe និង​Pizza Hut

ទន្ទឹមគ្នានេះ ធនាគារ ហត្ថា និងក្រុមហ៊ុន Vtrust Appraisal Co., Ltd ក៏បានសម្រេចចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាដៃគូយុទ្ធសាស្រ្ដ (service agreement) លើការប្រើប្រាស់ប្រព័ន្ធវាយតម្លៃអចលនទ្រព្យតាមឌីជីថល​ ផ្លេតហ្វម អ៊ីនឌីខេសិន ផ្លឹស (Indication Plus Platform)​ ដើម្បីបង្កើនប្រសិទ្ធភាពប្រតិបត្តិការឥណទានរបស់ ធនាគារ ហត្ថា ក៏ដូចជារួមចំណែកពង្រឹងគុណភាពទីផ្សារហិរញ្ញវត្ថុនៅកម្ពុជា។

 តាមរយៈកិច្ចព្រមព្រៀងនេះ ធនាគារ ហត្ថា អាចប្រើប្រាស់កម្មវីធីវាយតម្លៃអចលនទ្រព្យ ផ្លេតហ្វម អ៊ីនឌីខេសិន ផ្លឹស (Indication Plus Platform) របស់ក្រុមហ៊ុន Vtrust Appraisal Co., Ltd ដើម្បីវាយតម្លៃទ្រព្យរបស់អតិថិជនដែលដាក់ធានា មុននឹងអនុម័តកម្ចី។ ​ ដូច្នេះការប្រើប្រាស់សេវាវាយតម្លៃបានត្រឹមត្រូវ តាមរយៈ Indication Plus Platform អតិថិជនមិនត្រឹមតែទទួលបានទំហំកម្ចីសមស្របតាមតម្លៃទ្រព្យធានាប៉ុណ្ណោះទេ តែថែមទាំងទទួលបានសេវាឥណទានឆាប់រហ័ស ងាយស្រួល និង ប្រកបដោយទំនុកចិត្តខ្ពស់។

 ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន Vtrust Appraisal Co., Ltd លោក វង្ស សុខាល ​បានថ្លែងនៅក្នុងពិធីចុះហត្ថលេខាថា កិច្ចសហការនេះនឹងជំរុញឱ្យការប្រើប្រាស់សេវាវាយតម្លៃអចលនទ្រព្យកាន់តែទូលំទូលាយ និងបង្កើនប្រសិទ្ធភាពប្រតិបត្តិការសេវាឥណទានដល់ធនាគារ ហត្ថា ដោយសារថា Indication Plus Platform ជាសេវាកម្មវាយតម្លៃអចលនទ្រព្យទំនើប​បែបឌីជីថល ដែលអាចវិភាគ និងចេញជារបាយការណ៍វាយតម្លៃអចលនទ្រព្យដោយស្វ័យប្រវត្តិ ដោយមានការរៀបចំ​ចងជាប្រព័ន្ធ​រូបមន្តត្រឹមត្រូវដោយ​អ្នកជំនាញ និងតាមស្តង់ដាវាយតម្លៃអចលនទ្រព្យអន្តរជាតិ។  លោកពន្យល់បន្ថែមថា អ្នកប្រើប្រាស់ទាំងអស់​អាចពិនិត្យមើលការវិវឌ្ឍដំណើរការវាយតម្លៃចាប់ពីពេលបានដាក់បញ្ជូនសំណើរ រហូតដល់ចេញជារបាយការណ៍វាយតម្លៃជាស្ថាពរ។

លោកថ្លែង​ថា៖ «​ពីមុនការវាយតម្លៃអចលនទ្រព្យប្រើរយៈពេលដល់ទៅបីថ្ងៃ ទើបអាចដឹងតម្លៃពីអចលនទ្រព្យនោះ។ ប៉ុន្តែបច្ចុប្បន្នយើងប្រើពេលខ្លីប៉ុណ្ណោះ អាចដឹងពីតម្លៃនៃអចលនទ្រព្យនោះ តាមរយៈការប្រើប្រាស់សេវា Indication Plus Platform ព្រោះផ្លេតហ្វមនេះ អ្នក​ប្រើប្រាស់អាច​​ចូលទៅប្រើ និងស្នើការវាយតម្លៃអចលនទ្រព្យ​ បានគ្រប់ពេលវេលា ​ងាយស្រួល ឆាប់រហ័សប្រកបដោយទំនុកចិត្តខ្ពស់​ ព្រមទាំងបាន​ដឹងពីតម្លៃអចលនទ្រព្យ​គ្រប់ទីកន្លែងនៅទូទាំងប្រទេស។»

 

អ្នកជំនាញក្នុងវិស័យហិរញ្ញវត្ថុ បានលើកឡើងថា ការ​មាន​សេវា​​​វាយ​តម្លៃ​​អចលន​ទ្រព្យប្រកបដោយទំនុកចិត្តខ្ពស់​ មាន​តម្លា​ភាព និងវិសាលភាព​ទូលំទូលាយ មានតួនាទីយ៉ាងសំខាន់សម្រាប់ប្រតិបត្តិការក្នុងវិស័យហិរញ្ញវត្ថុ ជាពិសេសសម្រាប់ការស្នើសេវាកម្មកម្ចី។ ​ដោយសារតែ ​​​អ្នកទទួលកម្ចីទាំងអស់​ដែលដាក់ទ្រព្យជាវត្ថុធានា​ នឹងទទួលបានទំហំកម្ចីសមស្របតាមតម្លៃទ្រព្យធានា និង​លទ្ធភាពអាចសងត្រទ្បប់វិញ ខណៈ​ស្ថាប័នហិរញ្ញវត្ថុដែលជាអ្នកផ្តល់កម្ចីវិញ អាច​​ធ្វើការវាយតម្លៃពីលទ្ធ​ភាព​របស់អតិថិជន​បានត្រឹមត្រូវ​ និងចៀសវាងហានិភ័យនានា ស្របតាមបទប្បញ្ញត្តិគ្រប់គ្រងហានិភ័យ​ឥណទាន​ដែលបានដាក់ចេញ និងណែនាំ​ដោយ​ធនាគារជាតិនៃកម្ពុជា។

លោកឧកញ៉ា ហួត អៀងតុង ប្រធានអគ្គនាយក នៃ ធនាគារ ហត្ថា មានប្រសាសន៍ថា​ ការ​សម្រេចកិច្ចសហការ

នៅថ្ងៃនេះ ជាការបោះជំហានទៅមុខកាន់តែប្រសើរឡើងមួយកម្រិតទៀតក្នុងការវាយតម្លៃអចលនទ្រព្យសម្រាប់ការសិក្សាឥណទានដល់អតិថិជនរបស់ធនាគារ ហត្ថា ប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់តាមរយៈការទទួលបាននូវទិន្នន័យដ៏ច្បាស់លាស់ និងកាន់តែឆាប់រហ័សពីក្រុមហ៊ុនជំនាញ ដូចជា Indication Plus Platform របស់ក្រុមហ៊ុន Vtrust Appraisal Co., Ltd

 

លោកឧកញ៉ាថ្លែងថា៖ «ធនាគារ ហត្ថា សង្ឃឹមថានឹងទទួលបានផលប្រយោជន៍ច្រើន ពីប្រព័ន្ធវាយតម្លៃទំនើបតាមឌីជីថលនេះ ដូចជាការផ្តល់ឥណទានរបស់យើងនឹងមានភាពលឿនរហ័ស និងមានសុក្រឹត្យភាពជាងមុន។ ខ្ញុំជឿថា កិច្ចសហការនៅថ្ងៃនេះ នឹងបំពេញបន្ថែមឱ្យគ្នាទៅវិញទៅមក  ដើម្បីភាពរីកចម្រើនទាំងអស់គ្នា។»

 

ធនាគារ​ ហត្ថា បានវិវឌ្ឍន៍ខ្លួនពីគ្រឹះស្ថានហិរញ្ញវត្ថុ ក្លាយជាធនាគារពាណិជ្ជមួយក្នុងចំណោមធនាគារឈានមុខនៅកម្ពុជា។ រហូតមកដល់បច្ចុប្បន្ន ទ្រព្យសកម្មរបស់ធនាគារ ហត្ថា ម.ក បានកើនដល់ប្រមាណ ២ ពាន់លានដុល្លារ ចាប់តាំងពីស្ថាប័ននេះបានបើកដំណើរការក្នុងអំឡុងឆ្នាំ ១៩៩៤​។ ការរីកធំធាត់នេះ បានធ្វើឱ្យ ធនាគារ ហត្ថា ពង្រីកសាខារហូតដល់ ១៧៧ សាខា និងដាក់ដំណើរការម៉ាស៊ីនអេធីអឹមចំនួន ​១៣៧ នៅទូទាំងប្រទេសកម្ពុជា ហើយការចុះកិច្ចព្រមព្រមនៅថ្ងៃនេះ នឹងក្លាយជាការរួមចំណែកដ៏សំខាន់​ ក៏ដូចជាការបំពេញបន្ថែមភាពរីកចម្រើនវាងស្ថាប័នទាំងបី។  

 

ក្រុមហ៊ុនវីត្រាស់ អឹព្រេហ្សល ដែលជាក្រុមហ៊ុនវាយតម្លៃអចលនទ្រព្យឈានមុខមួយនៅកម្ពុជា កាលពីខែឧសភា ឆ្នាំ២០២១ ក៏បានសម្រេចចុះ MoU ស្រដៀងគ្នានេះ ជាមួយក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ ខេមបូឌា  (CBC) ដោយភាគីទាំងពីរបានព្រមព្រៀងធ្វើសមាហរណកម្ម កម្មវិធីវាយតម្លៃអចលនទ្រព្យតាម Indication Plus Platform  ទៅ ផ្លេតហ្វមនៃឧបករណ៍វាយតម្លៃ​ឥណទានរបស់ក្រុមហ៊ុន CBC

----------------------------------------------------------------------------------------------------------------------------------

អំពីក្រុមហ៊ុន ហ្សីលាននាម ឯ.ក (Zillennium Co.,Ltd)

ក្រុមហ៊ុន Zillennium Co.,​​Ltd ជាបណ្តុំសេវាកម្មទីផ្សារអចលនទ្រព្យដ៏ធំមួយនៅក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុននេះ ត្រូវបានបង្កើតឡើងដោយក្រុមអ្នកធុរកិច្ចវ័យក្មេង ដែលសុទ្ធសឹងជាអ្នកជំនាញ និងមានបទពិសោធន៍បូកបញ្ចូលគ្នារហូតដល់ទៅ ៩០ ឆ្នាំ ក្នុងវិស័យអចលនទ្រព្យ និងការគ្រប់គ្រងមុខជំនួញទាំងនៅកម្ពុជា និងលើឆាកអន្តរជាតិ។ ក្រុមហ៊ុន Vtrust Appraisal Co., Ltd គឺជាផ្នែកមួយនៃក្រុមហ៊ុន Zillennium Co., Ltd

 

អំពីក្រុមហ៊ុន វីត្រាស់ អឹព្រេហ្សល ឯ.ក  (Vtrust Appraisal Co., Ltd)


ក្រុមហ៊ុនវីត្រាស់ អឹព្រេហ្សលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ២០០៤ ដែលជាក្រុមហ៊ុនផ្តល់នូវសេវាកម្មទាន់ពេលវេលានិងត្រឹមត្រូវ ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈជូនដល់អតិថិជនក្នុងស្រុក និងក្រៅស្រុក រួមមានធនាគារ ក្រុមហ៊ុនឯកជន រូបវន្តបុគ្គល អ្នកធានា រដ្ឋាភិបាល និងភ្នាក់ងារទិញលក់អចលនទ្រព្យ។

យើងគឺជាក្រុមហ៊ុនវាយតម្លៃក្នុងស្រុកដែលឈានមុខគេលើទីផ្សារ និងជាក្រុមហ៊ុនតែមួយគត់ដែលធ្លាប់បានផ្តល់សេវាកម្មវាយតម្លៃជូនដល់ក្រុមហ៊ុនដែលវាយតម្លៃសម្រាប់ត្រៀមចុះបញ្ជីលើទីផ្សារមូលបត្រ។ ក្រុមហ៊ុនរបស់យើងផ្តល់ជូននូវសេវាកម្មវាយតម្លៃអចលនទ្រព្យ វាយតម្លៃអាជីវកម្ម វាយតម្លៃទ្រព្យសកម្ម និងវាយតម្លៃក្រុមហ៊ុនមុនឡើងផ្សារមូលបត្រផងដែរ។

ជាមួយនឹងបទពិសោធន៍នៃការវាយតម្លៃរយៈពេល១៨ ឆ្នាំបានធ្វើឱ្យយើងប្រមូលផ្តុំនូវមូលដ្ឋានទិន្នន័យប្រតិបត្តិការអចលនទ្រព្យយ៉ាងទូលំទូលាយនៅទូទាំងប្រទេសកម្ពុជា។ ក្នុងនាមជាក្រុមហ៊ុនដែលឈានមុខមួយ យើងបានផ្តល់ជូនតម្លៃទីផ្សារយ៉ាងសុក្រឹត្យជាមួយនឹងការអប់រំខ្ពស់ និងស្តង់ដារវាយតម្លៃជ្ជាជីវៈ RICS  និង IVS

បច្ចុប្បន្នយើងកំពុងពង្រីកខ្លួនទៅទូទាំងប្រទេស និងកំណែទម្រង់ទៅជាការវាយតម្លៃលើប្រព័ន្ធ Online។ ដើម្បីអភិវឌ្ឍន៏បច្ចេកទេសវាយតម្លៃ ក្រុមអ្នកជំនាញរបស់យើងទាំងអស់ សុទ្ធសឹងតែទទួលបានការបណ្តុះបណ្តាលដោយអ្នកជំនាញនៅបរទេសដូចជា ប្រទេសហូឡង់ អាមេរិ ម៉ាឡេស៊ី ថៃនិងសមាគមវាយតម្លៃអាស៊ាន។

 

អំពី ធនាគារ ហត្ថា

 

ធនាគារ ហត្ថា គឺជាធនាគារមួយក្នុងចំណោមធនាគារឈានមុខផ្សេងទៀតនៅកម្ពុជា ដែលទទួលបានអាជ្ញាប័ណ្ណធ្វើប្រតិបត្តិការធនាគារពាណិជ្ជពី ធនាគារជាតិនៃកម្ពុជា និងក្រសួងពាណិជ្ជកម្ម ចាប់ពីថ្ងៃទី ២៦ ខែ សីហា ឆ្នាំ ២០២០។ ជាមួយបទពិសោធន៍ក្នុងការបម្រើសេវាហិរញ្ញវត្ថុទៅកាន់ប្រជាជនកម្ពុជាអស់រយៈពេលជិត ៣០ឆ្នាំ ក្រោយការផ្លាស់ប្តូរមុខមាត់ថ្មីរបស់ខ្លួន ធនាគារ ហត្ថា បានកែលម្អ និងដាក់ឱ្យប្រើប្រាស់បន្ថែមនូវសេវាកម្មហិរញ្ញវត្ថុជាច្រើនផ្សេងទៀតក្នុងនោះមានដូចជា៖ ការធ្វើឱ្យកាន់តែប្រសើរឡើងនូវសេវាធនាគារចល័ត (Hattha Mobile) ដាក់ឱ្យប្រើប្រាស់នូវសេវាផ្ទេរប្រាក់ឆ្លងធនាគារ សេវាឥណទានវិបារូបន៍ សេវាបញ្ញើសន្សំផលច្រើន (HYSA Flexi and HYSA Corporate) និងការត្រៀមខ្លួនក្នុងការផ្តល់ជូនសេវាធនាគារថ្មីៗផ្សេងទៀត បន្ថែមលើសេវាដែលមានស្រាប់ដូចជា៖ សេវាឥណទាន សេវាប្រាក់បញ្ញើសន្សំ សេវាផ្ទេរប្រាក់ក្នុងស្រុក សេវាអេធីអឹម សេវាបើកប្រាក់បៀវត្ស និងជាអ្នកណែនាំលក់សេវាធានារ៉ាប់រងផងដែរ។