ធនាគារ ហត្ថា បរិច្ចាគថវិកា ២០០លានរៀល ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ទិញវ៉ាក់សាំងការពារ កូវីដ-១៩ ចាក់ជូនប្រជាពលរដ្ឋកម្ពុជា

ភ្នំពេញ ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០៖ធនាគារ ហត្ថា បានចូលរួមបរិច្ចាគថវិកា ចំនួន២០០លានរៀល ជូនរាជរដ្ឋាភិបាលកម្ពុជា ដើម្បីទិញវ៉ាក់សាំងការពារ ជំងឺកូវីដ-១៩ សម្រាប់ចាក់ជូនប្រជាពលរដ្ឋកម្ពុជា។ ការចូលរួមបរិច្ចាគនេះ ធ្វើឡើងបន្ទាប់ពី សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសកាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ អំពីការត្រៀមថវិកាបម្រុងសម្រាប់ទិញវ៉ាក់សាំង ចាក់ជូនប្រជាជនដោយឥតគិតថ្លៃជាជំហានដំបូងចំនួន ១លានដូស ដែលអាចចាក់ជូនប្រជាពលរដ្ឋចំនួន ៥០ម៉ឺននាក់។

គួរកត់សម្គាល់ផងដែរថា ធនាគារ ហត្ថា តែងតែគាំទ្រ និងចូលរួមយ៉ាងសកម្មក្នុងសកម្មភាពប្រយុទ្ធប្រឆាំង និងការពារការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងប្រទេសកម្ពុជា។ ហើយ កាលពីថ្មីៗនេះ ធនាគារ ហត្ថា ក៏បានផ្តួចផ្តើមបង្កើតយុទ្ធនាការដ៏ល្អមួយ ដោយបានបង្កើតគណនីសប្បុរសធម៌កូវីដ១៩ ដើម្បីគាំទ្រដល់រដ្ឋាភិបាល និងផ្តល់ភាពងាយស្រួលដល់សប្បុរសជន អតិថិជន ព្រមទាំងបុគ្គលិករបស់ធនាគារ ហត្ថាទាំងអស់ក្នុងការបរិច្ចាគថវិកាជូនរាជរដ្ឋាភិបាល ទិញវ៉ាក់សាំងការពារជំងឺកូវីដ១៩។ហេតុដូច្នេះ សប្បុរជនទាំងអស់ដែលមានបំណងបរិច្ចាគថវិកាដើម្បីទិញវ៉ាក់សាំងការពារជំងឺកូវីដ១៩ អាចធ្វើការផ្ទេរប្រាក់ចូលគណនី Hattha Bank Covid-19 Contribution Fund របស់ធនាគារ ហត្ថា ដែលមានលេខគណនី 168000033270 (ប្រាក់រៀល) និង 168000033305 (ប្រាក់ដុល្លារ) ហើយការបរិច្ចាគអាចធ្វើឡើងតាមរយៈសេវាធនាគារចល័ត ឬនៅបញ្ជរបេឡាសាខាគ្រប់ខេត្តក្រុងរបស់ធនាគារ ហត្ថា ដោយមិនគិតថ្លៃ។