ធនាគារ ហត្ថា ប្រកាសតែងតាំងលោក មិន សុផា ជាប្រធាននាយកប្រតិបត្តិថ្មី ចាប់ពីថ្ងៃទី២៦ ខែមិថុនា នេះតទៅ

ភ្នំពេញ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤៖ ធនាគារ ហត្ថា បានប្រកាសជាផ្លូវការតែងតាំងលោក មិន សុផា ជាប្រធាននាយកប្រតិបត្តិ​​ថ្មីរបស់ខ្លួន ចាប់ពីថ្ងៃទី២៦ ខែមិថុនា នេះតទៅ។

លោក សុផា គឺជាធនាគារិកអាជីពមួយរូប ដែលទទួលបានជោគជ័យដ៏ត្រចះត្រចង់នៅក្នុងវិស័យហិរញ្ញវត្ថុ និងធនាគារ ក្នុងប្រទេសកម្ពុជា។ គាត់ធ្លាប់កាន់តួនាទីជាថ្នាក់ដឹកនាំជាច្រើនក្នុងស្ថាប័នធនាគារធំៗរបស់កម្ពុជា និងអន្តរជាតិ ដូចជាធនាគារប្រេដ ប៊ែង (ខេមបូឌា) ធនាគារ​ អេអិនហ្សិត រ៉ូយ៉ាល់ និងធនាគារ អេស៊ីលីដា អស់រយៈពេលជាង២០ឆ្នាំ កន្លងមកហើយ។ លោក សុផា មានបទពិសោធការងារយ៉ាងទូលំទូលាយនៅក្នុងផ្នែកផ្សេងៗគ្នា រួមមានការធ្វើផែនការ និងការគ្រប់គ្រងប្រតិបត្តិការ បណ្តាញសាខា សេវាកម្មផ្នែកធនាគារពាណិជ្ជកម្ម សាជីវកម្ម និងសហគ្រាសខ្នាតតូចនិងមធ្យម ជាដើម។

មុនចូលបម្រើការងារនៅធនាគារ ហត្ថា លោក សុផា បានកាន់តួនាទីជានាយកប្រតិបត្តិរង នៅធនាគារ ប្រេដ ប៊ែង (ខេមបូឌា) ដែលលោកបានជួយជំរុញឱ្យធនាគារមួយនេះក្លាយទៅជាធនាគារ​មួយដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញនៅក្នុងទីផ្សារកម្ពុជា។

ក្រៅពី ការងារអាជីពទាំងអស់នេះ លោក សុផា ក៏ធ្លាប់និងកំពុងបម្រើការងារស្ម័គ្រចិត្តសំខាន់ៗមួយចំនូនផងដែរ ដូចជា ការកាន់តួនាទីជាសមាជិកក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Credit Bureau Holding Cambodia Co., Ltd (CBHC) និងជាសមាជិកក្រុមប្រឹក្សាភិបាលនៃសាលាអន្តរជាតិភ្នំពេញ (ISPP) ជាដើម។

លោក សុផា បានមានប្រសាសន៍ថា ​នេះជា​កិត្តិយសដ៏ខ្ពង់ខ្ពស់ដែលខ្ញុំត្រូវបានតែងតាំងជាប្រធាននាយកប្រតិបត្តិនៃធនាគារ ហត្ថា​។ ខ្ញុំមានជំនឿយ៉ាងម៉ុតមាំថា ធនាគារ ហត្ថា នឹងបន្តដំណើរ​ការអាជីវកម្មរបស់ខ្លួន​ប្រកបដោយភាពរឹងមាំ និងមានចីរភាពផ្នែកហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា ដោយសារកេរ្តិ៍ឈ្មោះដ៏ល្អ និងយូរអង្វែងរបស់ធនាគារ​ នៅក្នុងទីផ្សារកម្ពុជា ជាមួយទំនុកចិត្តរបស់ អតិថិជនជាច្រើន​ ។ ធនាគារមានធនធានបុគ្គលិកដែលមានបទពិសោធខ្ពស់ និងទទួលបាននូវការគាំទ្រពេញទំហឹងពីសំណាក់គណៈគ្រប់គ្រងរបស់ធនាគារ ក្រុងស្រ៊ី​ ខ្ញុំមានសេចក្តីសោមនស្សជាពន់ពេក​ក្នុងការដឹកនាំនាវាធនាគារ ហត្ថា ឆ្ពោះទៅកាន់ ការរីកចម្រើនជាបន្តបន្ទាប់នៅពេលខាងមុខនេះ