ធនាគារ ហត្ថា និងធនាគារ ក្រុងស្រ៊ី ចាប់ដៃគ្នាផ្តល់សេវាផ្ទេរប្រាក់ភ្លាមៗរវាងប្រទេសកម្ពុជា និងថៃ ដើម្បីពង្រីកវិសាលភាពអាជីវកម្មនៃសេវាផ្ទេរប្រាក់ឆ្លងប្រទេសក្នុងតំបន់អាស៊ីឱ្យកាន់តែទូលំទូលាយ

បាងកក ថ្ងៃទី១០ ខែវិចិ្ឆកា ឆ្នាំ២០២១៖  ធនាគារ ហត្ថា​ដែល​ជាធនាគារ​ពាណិជ្ជ​ធំ​លំដាប់​ទី៥ នៅ​ក្នុង​ប្រទេសកម្ពុជា​ដោយ​ផ្អែកលើផលប័ត្រ​ឥណទាន បាន​ចាប់​ដៃ​សហការ​ជាមួយ​ធនាគារក្រុងស្រ៊ី  (Bank of Ayudhya PCL) ដើម្បី​ពង្រឹងវិសាលភាព​​សេវា​ផ្ទេរប្រាក់​ឆ្លង​ប្រទេស​រវាង​ប្រទេសកម្ពុជា និង​ប្រទេសថៃ​ឱ្យ​កាន់​តែងាយស្រួល និង​មាន​ប្រសិទ្ធភាពខ្ពស់តាមរយៈការដាក់្យដំណើរការនូវ សេវាផ្ទេរប្រាក់ភ្លាមៗ (Real-Time Transfer)” ដោយប្រើប្រាស់​បច្ចេកវិទ្យា API (Application Programming Interface)។ ការ​បង្កើត​ឱ្យ​មាន សេវាផ្ទេរប្រាក់ភ្លាមៗ រវាងប្រទេសកម្ពុជា និងប្រទេសថៃនេះ គឺស្ថិត​ក្នុង​ផែនការយុទ្ធសាស្រ្តអាជីវកម្មរយៈពេលមធ្យមរបស់ធនាគារ ដែលមាន​គោលបំណង​លើកកម្ពស់បរិយាបន្នហិររញ្ញវត្ថុ និងអភិវឌ្ឍសេវាហិរញ្ញវត្ថុប្រកបដោយភាពច្នៃប្រឌិត ដោយផ្សារភ្ជាប់​ទៅនឹងតម្រូវការអតិថិជនក្នុងតំបន់អាស៊ី។

លោកស្រី Yingluk Kongkasai, នាយិកាគ្រប់គ្រងប្រតិបត្តិការធនាគារនៃធនាគារក្រុងស្រ៊ីបានមានប្រសាសន៍ថា៖ គម្រោងសហប្រតិបត្តិការនៃការតភ្ជាប់ប្រព័ន្ធធនាគារដោយផ្ទាល់រវាងធនាគារក្រុងស្រ៊ី និងធនាគារដៃគូជាច្រើនទៀតតាម   រយៈ API គឺធ្វើឡើងដើម្បីផ្តល់សេវាផ្ទេរប្រាក់ឆ្លងប្រទេសបានភ្លាមៗដែលជាផ្នែកមួយនៃផែនការយុទ្ធសាស្រ្តអាជីវកម្មរយៈពេលមធ្យមរបស់ធនាគារ​ក្រុងស្រ៊ី។ គម្រោងនេះផងដែរ ត្រូវបាន​បង្កើតឡើង​ដើម្បី​ជាដំណោះស្រាយ​ហិរញ្ញវត្ថុសម្រាប់​អតិថិជនក្នុងប្រទេសថៃ និងតំបន់អាស៊ីដោយផ្អែកលើបណ្តាញដ៏រឹងមាំរបស់ MUFG ដែល​ជាក្រុមហ៊ុន​អាណាព្យាបាល ព្រមទាំងសមត្ថភាពក្នុងការបង្កើតផលិតផលហិរញ្ញវត្ថុថ្មីៗប្រកបដោយភាពច្នៃប្រឌិតក្នុង​ការឆ្លើយតបទៅនឹងតម្រូវការអតិជិនទាំងក្នុង និងក្រៅប្រទេស។ ជាការពិតណាស់ សេវាផ្ទេរប្រាក់ឆ្លងប្រទេសនេះ ផ្តល់ជូននូវសេវាដែលរហ័សទាន់ចិត្ត កម្រៃសេវាទាប និងងាយស្រួលជាទីបំផុត។ ធនាគារ ក្រុងស្រ៊ី និងធនាគារ ហត្ថា បានធ្វើការភ្ជាប់ប្រព័ន្ធនៃធនាគារទាំងពីរ តាមរយៈ API ប្រកបដោយ​ជោគជ័យ ហើយគម្រោងនេះក៏បានដាក់ឱ្យដំណើរការនូវសេវាផ្ទេរប្រាក់រវាងប្រទេសថៃ និងកម្ពុជា​ដែលជាជំហ៊ានទីមួយ មុននឹងបន្តពង្រីកកិច្ចសហប្រតិបត្តិការជាមួយដៃគូធនាគារដទៃទៀតក្នុងតំបន់អាស៊ី។ ជាមួយគ្នា​នេះ​ផងដែរ សេវាផ្ទេរប្រាក់ជាមួយប្រទេសឥណ្ឌូនេស៊ី និងប្រទេសវៀតណាមនឹងដាក់​ឱ្យ​ដំណើរការក្នុង​ឆ្នាំ២០២១នេះ ដោយឡែកសម្រាប់គម្រោងសហការជាមួយប្រទេសផ្សេងទៀតគឺកំពុងស្ថិតក្នុងផែនការនៅឡើយ។

នាពេលប៉ុន្មានឆ្នាំចុងក្រោយនេះ យើងសង្កេតឃើញថាប្រតិបតិ្តការផ្ទេរប្រាក់ឆ្លងប្រទេស មានសន្ទុះកើនឡើងគួរឱ្យគត់សម្គាល់ ដែលបណ្តាល​មកពី​ការរីកចម្រើនវិស័យមួយចំនួនដូចជា៖ ពាណិជ្ជកម្មអន្តរជាតិ ការវិនិយោគ ពាណិជ្ជកម្ម E-commerce  និងការចល័តកំលាំងពលកម្ម បើទោះបីជាប្រឈមនឹងការរីករាលជំងឺកូវីដ១៩ក៏ដោយ។ យើងជឿជាក់យ៉ាងមុតមាំថា ការភ្ជាប់ប្រព័ន្ធទូទាត់ប្រាក់រវាងធនាគារក្រុងស្រ៊ី និងធនាគារដៃគូក្នុងតំបន់អាស៊ីនឹងក្លាយទៅយន្តការមួយដ៏សំខាន់ក្នុងការពន្លឿននូវកំណើនប្រតិបត្តិការពាណិជ្ជកម្មឆ្លងប្រទេស និងការវិនិយោគ។ លើសពីនេះទៅទៀត ការបង្កើត និងច្នៃប្រឌិតនូវបច្ចេកវិទ្យាទំនើបសម្រាប់សេវាហិរញ្ញវត្ថុប្រាកដជាអាចឱ្យយើងបំពេញតាមការចង់បាន និងតម្រូវការអតិថិជនបានជាក់ជាមិនខាន។   

លោក Wanchairabin Jitwattanatam អនុប្រធានអគ្គនាយកនៃធនាគារ ហត្ថា បានមានប្រសាសន៍ថា៖ ទោះបីស្ថិតក្នុងស្ថានភាពនៃការរីករាលដាលជំងឺកូវីដ១៩ ក្នុងឆ្នាំ២០២០ក្តី ក៏ការធ្វើពាណិជ្ជកម្មរវាងប្រទេសថៃ និងកម្ពុជាមានចំនួនច្រើនរហូតដល់ ៧,២ពាន់លានដុល្លារអាមេរិក ហើយការធ្វើពាណិជ្ជកម្មឆ្លងប្រទេសនឹងបន្តកើនឡើងបន្ថែមទៀត។ ក្នុងនោះផងដែរ យើងសង្កេតឃើញថាចំនួនក្រុមហ៊ុន និងសហគ្រិនថៃបានធ្វើការវិនិយោគ និងកំពុងធ្វើអាជីវកម្មក្នុងប្រទេសកម្ពុជាមានការកើនឡើងជាបន្តបន្ទាប់។ ដូច្នេះហើយ ភាពជោគជ័យក្នុងការភ្ជាប់ប្រព័ន្ធ API សម្រាប់សេវាផ្ទេរប្រាក់ឆ្លងប្រទេសបានភ្លាមៗរវាងធនាគារក្រុងស្រ៊ី និងធនាគារ ហត្ថា គឺជាឱកាសមួយដ៏ល្អបំផុត ដើម្បីជួយសម្រួលដល់ការធ្វើប្រតិបត្តិការនានាក្នុងការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ ម្ចាស់ក្រុមហ៊ុន និងសហគ្រិនទាំងពីរប្រទេសមានជម្រើសកាន់តែល្អប្រសើរក្នុងការជ្រើសរើសធ្វើប្រតិបត្តិការផ្ទេរប្រាក់​ដែលប្រក​បដោយភាពងាយស្រួល រហ័ស និងទទួលបានអាត្រាប្តូរប្រាក់ពិសេសជាមួយនឹងកម្រៃសេវាទាបបំផុត។ ធនាគារជឿជាក់ថានេះគឺជាសេវាកម្មដ៏ល្អបំផុតដែលអាចជួយសម្រួលដល់​អាជីវកម្ម​របស់​ពាណិជ្ជកររវាងប្រទេសទាំងពីរ ដោយស្របទៅនឹងទិសដៅអាជីវកម្មរបស់យើងផងដែរ។ កាលពីពេលថ្មីៗនេះ ធនាគារ ហត្ថា ក៏បានដាក់ឱ្យដំណើរការនូវការិយាល័យទំនាក់ទំនងវិនិយោគិនថៃ (Thai Desk Office) ក្នុងគោលបំណងជួយសម្រួលដល់ការធ្វើអាជីវកម្មរ​បស់ពាណិជ្ជករថៃទាំងអស់នៅក្នុងប្រទេសកម្ពុជា។

បច្ចុប្បន្ននេះ សេវាផ្ទេរប្រាក់ឆ្លងប្រទេសរវាងប្រទេសថៃ និងកម្ពុជាត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការហើយ។ នៅក្នុងដំណាក់កាលដំបូងនេះ អតិថិជនអាចផ្ទេរប្រាក់ពីធនាគារ​ ហត្ថា ទៅកាន់អ្នក​ទទួលផល​ដែលមានគណនីនៅធនាគារ ក្រុងស្រ៊ីបានយ៉ាងងាយស្រួល។ សម្រាប់អ្នកទទួលប្រាក់នៅប្រទេសថៃនឹងទទួលបានប្រាក់ផ្ទេរទាំងអស់របស់ខ្លួននៅក្នុងគណនីសន្សំធនាគារក្រុងស្រ៊ីមិនថាជារូបិយប័ណ្ណដុល្លារអាមេរិក បាតថៃ ឬយេនជប៉ុន។ អតិថិជននៅក្នុងប្រទេសកម្ពុជាអាចធ្វើប្រតិបត្តិការនៅតាមបញ្ជរធនាគារ ហត្ថា ទាំង១៧៧សាខាទូទាំងប្រទេសកម្ពុជា ដែលអតិថិជនអាចធ្វើការផ្ទេរប្រាក់បានរហូតដល់ ២០០,០០០ដុល្លារអាមេរិកក្នុងមួយប្រតិបត្តិការ (មិនកំណត់ចំនួនប្រតិបត្តិការ និងទំហំប្រាក់​ផ្ទេរក្នុងមួយថ្ងៃឡើយ) ជាមួយនឹងអាត្រាប្តូរប្រាក់ពិសេស និងការផ្តល់ជូននូវកម្រៃសេវាដ៏អស្ចារ្យត្រឹមតែ ២.៥ដុល្លារអាមេរិកក្នុងមួយប្រតិបត្តិការតែប៉ុណ្ណោះ ហើយការផ្តល់ជូននេះមានរហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១។  ឆាប់ៗនេះ អតិថិជនក៏អាចធ្វើការផ្ទេរប្រាក់ទៅកាន់ប្រទេសថៃតាមរយៈ Hattha Mobile បានផងដែរ។    

ជាក់ស្តែង ធនាគារ ក្រុងស្រ៊ី បានភ្ជាប់ប្រព័ន្ធ API ជាមួយនឹងធនាគារ Lao Development Bank (LDB) ព្រមទាំងផ្តល់នូវបច្ចេកវិទ្យា Blockchain Interledger  ដើម្បីធ្វើអោយប្រតិបត្តិការផ្ទេរប្រាក់ឆ្លងប្រទេសរវាងប្រទេសថៃ និងឡាវដំណើរការបានយ៉ាងរលូន ងាយស្រួល និងសុវត្ថិភាពតាមរយៈ Krungsri Biz Online (KBOL) ក្នុងការជួយសម្រួលដល់សហគ្រិន និងក្រុមហ៊ុនពាណិជ្ជកម្មធំៗជាច្រើន។ ស្របពេលជាមួយគ្នានេះដែរ សម្រាប់អតិថិជនធម្មតាដែលមានបំណងធ្វើការផ្ទេរប្រាក់ឆ្លងប្រទេសក៏អាចធ្វើការផ្ទេរប្រាក់បានតាមរយៈ​ KMA - Krungsri Mobile Application ដែលមានភាពងាយស្រួល សុវត្ថិភាព និងអាចជ្រើសរើសរូបិយប័ណ្ណ​ផ្ទេរ រហូតដល់ ១៥រូបិយប័ណ្ណតាមតម្រូវការ។

 

អំពី ធនាគារ ក្រុងស្រ៊ី

ធនាគារ ក្រុងស្រ៊ី (Bank of Ayudhya PCL និង ក្រុមហ៊ុនជាបុត្រសម្ព័ន្ធ) គឺជាសម្ព័ន្ធហិរញ្ញវត្ថុធំជាងគេលំដាប់ទី៥ នៅក្នុងព្រះរាជាណាចក្រថៃដោយយោងលើទំហំទ្រព្យសកម្ម ផលប័ត្រឥណទាន និងប្រាក់បញ្ញើសន្សំ និងជាធនាគារមួយក្នុងចំណោមធនាគារ D-SIBs ចំនួនប្រាំដែលបានធ្វើប្រតិបត្តិការអាជីវកម្មជូនអតិថិជនរបស់ខ្លួនអស់រយៈពេល ៧៦ឆ្នំា មកហើយ។ ធនាគារ ក្រុងស្រ៊ី គឺជាសមាជិកយុទ្ធសាស្ត្ររបស់សម្ព័ន្ធហិរញ្ញវត្ថុ MUFG ដែលជាសម្ព័ន្ធហិរញ្ញវត្ថុធំជាងគេបង្អស់នៅជប៉ុនក៏ដូចជាសម្ព័ន្ធហិរញ្ញវត្ថុដ៏ធំមួយក្នុងចំណោមសម្ព័ន្ធហិរញ្ញវត្ថុធំៗផ្សេងទៀតនៅលើពិភពលោក។ ធនាគារ ក្រុងស្រ៊ីផ្តល់ជូនអតិថិជនរបស់ខ្លួនយ៉ាងទូលំទូលាយនូវសេវាធនាគារ និងហិរញ្ញវត្ថុ ការវិនិយោគ ការគ្រប់គ្រងទ្រព្យសកម្ម និងសេវាហិរញ្ញវត្ថុជាច្រើនផេ្សងទៀតទៅកាន់អតិថិជនជាបុគ្គល ជាសហគ្រាសខ្នាតតូច និងមធ្យម និងជាសាជីវកម្មធំៗតាមរយៈបណ្តាញការិយាល័យ ៦៥៦ទីតាំង (ការិយាល័យសាខាចំនួន ៦១៧ទីតាំង និងការិយាល័យស្វ័យធនាគារចំនួន ៣៩ទីតាំង) និងតំណាងចែកចាយចំនួន ៣២,៤០៦ទីតាំងនៅទូទាំងប្រទេស។ ធនាគារ ក្រុងស្រ៊ី គឺជាស្ថាប័នដែលបានចេញប័ណ្ណច្រើនជាងគេបង្អស់នៅក្នុងព្រះរាជាណាចក្រថៃនៅក្នុងនោះរួមមានប័ណ្ណឥណទានចំនួន ៩,៥ លានប័ណ្ណ ការចេញប័ណ្ណសម្រាប់សេវាហិរញ្ញវត្ថុផ្សេងៗ និងសេវាឥណទានផ្ទាល់ខ្លួន គឺជាក្រុមហ៊ុនផ្តល់សេវាឥណទានបង់រំលស់យានយន្ត( ក្រុងស្រ៊ីអូតូ) គឺជាក្រុមហ៊ុនគ្រប់គ្រងទ្រព្យសកម្មដែលមានការរីកចម្រើនយ៉ាងឆាប់រហ័សបំផុតក្នុងចំណោមក្រុមហ៊ុនដ៏ទៃទៀត និងជាក្រុមហ៊ុនដំបូងគេដែលបានផ្តល់ជូនសេវាមីក្រូហិរញ្ញវត្ថុតាមរយៈក្រុមហ៊ុន Ngern Tid Lor

ធនាគារ ក្រុងស្រ៊ី មានការប្តេជ្ញាចិត្តខ្ពស់បំផុតក្នុងការធ្វើអាជីវកម្មប្រកបដោយសុចរិតភាព។ គ្រប់ក្រុមហ៊ុនដែលជាបុត្រសម្ព័ន្ធ ទាំងអស់ទទួលបានការវាយតម្លៃពីសម្ព័ន្ធភាពសកម្មភាពឯកជនប្រឆាំងអំពើពុករលួយ (CAC) សហការជាមួយដៃគូពាណិជ្ជកម្ម និងភាគីពាក់ព័ន្ធរបស់ខ្លួនដើម្បីធានាបានថាគ្មានអំពើពុករលួយនៅក្នុងកិច្ចប្រតិបត្តិការអាជីវកម្មរបស់ខ្លួន។

 

អំពី ធនាគារ ហត្ថា

ធនាគារ ហត្ថា បានកម្លាយខ្លួនជាផ្លូវការទៅជាធនាគារពាណិជ្ជពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុហត្ថា កសិករ លីមីតធីត នៅខែសីហា ឆ្នាំ២០២០ បន្ទាប់ពីបានផ្តល់សេវាហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជាជាង ២៦ឆ្នាំ។ នាពេលបច្ចុប្បន្ននេះ ធនាគារ ហត្ថា មានការិយាល័យសាខាសរុបចំនួន ១៧៧ ម៉ាស៊ីនអេធីអឹមចំនួន ១៣៧ និងផ្តល់សេវាកម្មហិរញ្ញវត្ថុយ៉ាងច្រើនសម្បូរបែបដល់អតិថិជននៅទូទាំងប្រទេសកម្ពុជាដូចជា៖ សេវាឥណទាន សេវាប្រាក់បញ្ញើសន្សំ សេវាផ្ទេរប្រាក់ក្នុងស្រុក សេវាផ្ទេរប្រាក់ឆ្លងធនាគារក្នុងស្រុក សេវាអេធីអឹម សេវាធនាគារចល័ត សេវាបើកប្រាក់បៀវត្ស ព្រមទាំងជាភ្នាក់ងារណែនាំលក់សេវាធានារ៉ាប់រង។ គិតត្រឹមខែកញ្ញា ឆ្នាំ២០២១ មានអតិថិជនសរុបប្រមាណជិត ៥០០,០០០នាក់ ទ្រព្យសកម្មកើនឡើងដល់ជាង ១,៨០០លានដុល្លារអាមេរិក ផលប័ត្រឥណទានសម្រេចបានប្រមាណជាង ១,៥០០លានដុល្លារអាមេរិក និងសមតុល្យប្រាក់បញ្ញើសន្សំសរុបប្រមាណជា ៨៦០លានដុល្លារអាមេរិក។

ធនាគារ ហត្ថា គឺជាបុត្រសម្ព័ន្ធរបស់ធនាគារក្រុងស្រ៊ី ដែលជាធនាគារពាណិជ្ជធំជាងគេលំដាប់ទី ៥ នៅព្រះរាជាណាចក្រថៃឡង់ដ៍ និងជាសមាជិករបស់សម្ព័ន្ធហិរញ្ញវត្ថុអន្តរជាតិ Mitsubishi UFJ Financial Group (MUFG) ដែលជាសម្ព័ន្ធហិរញ្ញវត្ថុធំជាងគេបំផុតនៅប្រទេសជប៉ុន ព្រមទាំងជាសម្ព័ន្ធសេវាហិរញ្ញវត្ថុដ៏ធំមួយក្នុងចំណោមសម្ព័ន្ធហិរញ្ញវត្ថុធំជាងគេលើសកលលោក។

ព័ត៌មានបន្ថែមសូមចូលទៅកាន់៖ www.hatthabank.com

អំពី ធនាគារ MUFG

Mitsubishi UFJ Financial Group, Inc. (MUFG) ដែលជាសម្ព័ន្ធហិរញ្ញវត្ថុឈានមុខគេមួយនៅលើពិភពលោក។ សម្ព័ន្ធហិរញ្ញវត្ថុ MUFG មានការិយាល័យកណ្តាលនៅទីក្រុងតូក្យូ និងមានប្រវត្តិប្រតិបត្តិការជាង ៣៦០ឆ្នំាមកហើយជាមួយនឹងបណ្តាញការិយាល័យរបស់ខ្លួនប្រមាណជាង ២.៥០០ ទីតាំងនៅទូទាំង ៥០ប្រទេស។សម្ព័ន្ធហិរញ្ញវត្ថុ MUFG មាននិយោជិតសរុបជាង ១៧០.០០០នាក់ និងផ្តល់ជូននូវសវាកម្មជាច្រើនរួមមានសេវាធនាគារពាណិជ្ជ Trust Banking ទីផ្សារមូលប័ត្រ ប័ណ្ណឥណទាន សេវាហិរញ្ញវត្ថុ ការគ្រប់គ្រងទ្រព្យសកម្ម និងសេវាកម្មជួល។ គោលដៅរបស់ MUFG គឺក្លាយជាសម្ព័ន្ធហិរញ្ញវត្ថុដ៏ធំ និងគួរឱ្យទុកចិត្តបំផុតលំដាប់ពិភពលោក តាមរយៈការសហការគ្នាយ៉ាងជិតស្និទ្ធរវាងក្រុមហ៊ុនជាបុត្រសម្ព័ន្ធរបស់ខ្លួន និងមានភាពបត់បែនខ្ពស់ដើម្បីឆ្លើយតបទៅនឹងតម្រូវការហិរញ្ញវត្ថុរបស់អតិថិជនក៏ដូចជាបម្រើ និងជំរុញភាពរីកចម្រើនប្រកបដោយចីរភាពសម្រាប់ពិភពលោកទាំងមូល។

ព័ត៌មានបន្ថែមសូមទំនាក់ទំនង៖

Internal and External Communications Department

Bank of Ayudhya PCL

Tel: 02 296 4023

Email: Krungsri.PR@krungsri.com