សេចក្តីប្រកាសព័ត៌មាន ស្តីពីពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា រវាងធនាគារ ហត្ថា ម.ក និង មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” តាមប្រព័ន្ធអ៊ីនធឺណិត ក្នុងគោលបំណងចូលរួមសកម្មភាព ស្រាវជ្រាវ និងអភិវឌ្ឍបច្ចេកវិទ្យា OCR និង e-KYC តាមរយៈការប្រើប្រាស់កម្មវិធី CamDigiKey

គោលបំណងនៃកិច្ចសហការនេះ នឹងផ្តល់នូវដំណោះស្រាយដោយ ការបំប្លែងរូបភាពឯកសារទៅជាអក្សរកែប្រែ (OCR) និង សម្គាល់អត្តសញ្ញាណអតិថិជនតាមប្រព័ន្ធអេឡិចត្រូនិក (e-KYC) សម្រាប់ការកែលម្អបទពិសោធន៍របស់អតិថិជន សម្រាប់ការបើកគណនីតាមរយៈ Smart Teller Machine (STM) និង Mobile Banking

 នាព្រឹកថ្ងៃអង្គារ ១៣កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក.. ២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ ធនាគារ ហត្ថា ម.ក និង មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី "តេជោ" បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា តាមប្រព័ន្ធអ៊ីនធឺណិត​ក្នុងគោលបំណងចូលរួមសកម្មភាពស្រាវជ្រាវ និងអភិវឌ្ឍបច្ចេកវិទ្យា ​OCR (Optical Character Recognition ការបំប្លែងរូបភាពឯកសារទៅជាអក្សរកែប្រែ)  និង ​e-KYC (electronic Know Your Customer - សម្គាល់អត្តសញ្ញាណអតិថិជនតាមប្រព័ន្ធអេឡិចត្រូនិក) តាមរយៈការប្រើប្រាស់កម្មវិធី CamDigiKey (Cambodia Digital Key) ។ កិច្ចសហការនេះ នឹងផ្តល់នូវដំណោះស្រាយដោយការបំប្លែងរូបភាពឯកសារទៅជាអក្សរកែប្រែ (OCR) និងសម្គាល់អត្តសញ្ញាណអតិថិជនតាមប្រព័ន្ធអេឡិចត្រូនិក (e-KYC) ក្នុងការកែលម្អបទពិសោធន៍របស់អតិថិជន ដោយផ្តល់ដំណោះស្រាយផ្ទៀងផ្ទាត់ព័ត៌មានរបស់អ្នកប្រើប្រាស់ សម្រាប់ការបើកគណនីតាមរយៈ Smart Teller Machine (STM) និង Mobile Banking

 ឯកឧត្តមបណ្ឌិត តាំង ងួនលី នាយកនៃមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី តេជោ បានលើកឡើងថា ការស្រាវជ្រាវ និងអភិវឌ្ឍបច្ចេកវិទ្យា ​OCR និង ​e-KYC ពិតជាមានសារៈសំខាន់ក្នុងការធ្វើទំនើបកម្មឌីជីថល និងគាំទ្រ  បរិវត្តកម្មឌីជីថល ស្របទៅនឹងគោលនយោបាយយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា។ មជ្ឈមណ្ឌល   បណ្តុះធុរកិច្ចថ្មី តេ​​​ជោ ប្រមូលផ្តុំទៅដោយយុវជនឆ្នើមកម្ពុជា រួមគ្នាស្រាវជ្រាវ និងអភិវឌ្ឍ​ ហើយក៏ទទួលបានភាព​​ជោគជ័យជាបន្តបន្ទាប់ ជាក់ស្តែងទៅលើឌីជីថលូបនីយកម្មភាសាខ្មែរ​​ (Natural Language Processing)​​ ជាមួយនិងការផ្តល់​ដំណោះស្រាយដោយការបំប្លែងរូបភាពឯកសារទៅជាអក្សរកែប្រែ (OCR) និងសម្គាល់អត្តសញ្ញាណអតិថិជនតាមប្រព័ន្ធអេឡិចត្រូនិក (e-KYC) តាមរយៈការប្រើប្រាស់កម្មវិធី CamDigiKey។ ការប្រើប្រាស់ OCR និង e-KYC មានភាពទូលំទូលាយ ហើយពិតជាមានសារៈសំខាន់ក្នុងការជួយគាំទ្រដល់វិស័យធនាគារ ក៏ដូចវិស័យ ផ្សេងៗទៀត ដើម្បីជំរុញបរិវត្តកម្មឌីជីថល ប្រកបដោយចីរភាព។

លោក នួន វីរៈដារ៉ា អគ្គនាយកឌីជីថលនៃធនាគារ ហត្ថា ម. តំណាង លោកឧញ៉ា ហួត អៀងតុង ប្រធានអគ្គនាយក នៃធនាគារ ហត្ថា ម.ក បានបង្ហាញការចាប់អារម្មណ៍ជាខ្លាំង ទៅលើសមិទ្ធផលរបស់មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី "តេជោជាពិសេសបច្ចេកវិទ្យា OCR និង e-KYC។​ លោកបន្តទៀតថា លោកមានភាពជឿជាក់យ៉ាងខ្លាំង និងបង្ហាញការគាំទ្រយ៉ាងពេញទំហឹងទៅលើផលិតផលឌីជីថលដែលបង្កើតដោយស្នាដៃកូនខ្មែរ។ ធនាគារ ហត្ថា បានវិវឌ្ឍខ្លួនពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទៅជាធនាគារពាណិជ្ជ នៅថ្ងៃទី ២៦ ខែសីហា ឆ្នាំ២០២០ ដែលបានអនុម័តជាផ្លូវការដោយធនាគារជាតិនៃកម្ពុជា។ ធនាគារ ហត្ថា បានក្លាយខ្លួនជាធនាគារមួយក្នុងចំណោមធនាគារឈានមុខគេនៅកម្ពុជា។ លោកសង្ឃឹមយ៉ាងមុតមាំថា តាមរយៈកិច្ចសហប្រតិបត្តិការនេះ​ ធនាគារ ហត្ថា និង មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី "តេជោនឹងអាចគាំទ្រ និងរួមសហការគ្នា ដើម្បីបន្តកិច្ចការងារស្រាវជ្រាវ និងអភិវឌ្ឍបច្ចេកវិទ្យា ​OCR និង e-KYC ឱ្យកាន់តែប្រសើរ។

 តាមរយៈវត្តមានដ៏រឹងមាំរបស់ស្ថាប័នទាំងពីរ កម្មវិធីនេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ដែលអនុញ្ញាតឱ្យមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី "តេជោ" និង ធនាគារ ហត្ថា ធ្វើកិច្ចសហប្រតិបត្តិការតាមជំនាញរបស់ខ្លួនរួមគ្នា ក្នុងគោលបំណងចូលរួមសកម្មភាពស្រាវជ្រាវនិងអភិវឌ្ឍន៍ និងផ្តល់ជូននូវផលិតផល និងសេវាកម្មថ្មី បែបឌីជីថល ដើម្បីធានាបាននូវប្រសិទ្ធភាពកាន់តែល្អប្រសើរ និងអត្ថប្រយោជន៍កាន់តែសម្បូរបែប សម្រាប់អតិថិជន ក៏ដូចជាសង្គមជាតិយើងទាំងមូល។

 

------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------

អំពី មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី "តេជោ"

មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី "តេជោ" គឺជាស្ថាប័នរដ្ឋមួយដែលទទួលបានការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា និងវិស័យឯកជន សំដៅលើកកម្ពស់សមត្ថភាពយុវជនកម្ពុជា ក៏ដូចជាបណ្តុះធុរកិច្ចថ្មីផ្នែកបច្ចេកវិទ្យា និងកសាងប្រព័ន្ធអេកូឡូស៊ីឌីជីថល តាមរយៈកម្មវិធីគាំទ្រមួយចំនួន។ ស្ថាប័ននេះក៏ជាមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ដ៏សំខាន់មួយរបស់កម្ពុជា។

អំពី ធនាគារ ហត្ថា ម.ក

ធនាគារ ហត្ថា គឺជាធនាគារមួយក្នុងចំណោមធនាគារឈានមុខគេផ្សេងទៀតនៅកម្ពុជា ដែលទទួលបានអាជ្ញាប័ណ្ណធ្វើប្រតិបត្តិការជាធនាគារពាណិជ្ជ ពីធនាគារជាតិនៃកម្ពុជា ចាប់ពីថ្ងៃទី ២៦ ខែ សីហា ឆ្នាំ ២០២០។ ជាមួយបទពិសោធន៍ក្នុងការបម្រើសេវាហិរញ្ញវត្ថុទៅកាន់ប្រជាជនកម្ពុជាអស់រយៈពេលជិត ៣០ឆ្នាំ និងក្រោយការផ្លាស់ប្តូរមុខមាត់ថ្មីរបស់ខ្លួន ធនាគារ ហត្ថា បានកែលម្អ និងដាក់ឱ្យប្រើប្រាស់បន្ថែមនូវសេវាហិរញ្ញវត្ថុជាច្រើនដែលមានដូចជា៖ សេវាធនាគារចល័ត (Hattha Mobile) សេវាផ្ទេរប្រាក់ឆ្លងធនាគារ  សេវាឥណទាន សេវាប្រាក់បញ្ញើសន្សំ សេវាផ្ទេរប្រាក់ឆ្លងធនាគារ សេវាផ្ទេរប្រាក់ក្នុងស្រុក សេវាអេធីអឹម សេវាបើកប្រាក់បៀវត្ស ព្រមទាំងជាភ្នាក់ងារណែនាំលក់សេវាធានារ៉ាប់រង និងបានត្រៀមខ្លួនក្នុងការផ្តល់ជូននូវសេវាសេវាហិរញ្ញវត្ថុថ្មីៗជាច្រើនទៀត។