លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា អនុញ្ញាតឱ្យលោកស្រី Pathatai Kulachan ជាប្រធានក្រុមប្រឹក្សាភិបាល ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

ភ្នំពេញ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤៖ ធនាគារ ហត្ថា ដែលជាក្រុមហ៊ុនបុត្រសម័្ពន្ធរបស់ ធនាគារ ក្រុងស្រ៊ី ដែលជាធនាគារពាណិជ្ជធំជាងគេលំដាប់ទី៥ នៅក្នុងប្រទេសថៃ និងជាសមាជិកនៃសម្ព័ន្ធហិរញ្ញវត្ថុអន្តរជាតិ MUFG មាន​កិត្តិយសដែល លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអនុញ្ញាតឱ្យគណៈគ្រប់គ្រងជាន់ខ្ពស់ធនាគារ ហត្ថា ដឹកនាំដោយលោកស្រី Pathatai Kulachan ជាប្រធានក្រុមប្រឹក្សាភិបាល ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅធនាគារជាតិនៃកម្ពុជា នៅអគារវត្តភ្នំ។

ក្នុងជំនួបនេះ លោកស្រី Pathatai Kulachan ​ បានជម្រាបជូនពីវឌ្ឍនភាពប្រតិបត្តិការរបស់ ធនាគារ ហត្ថា នាពេលកន្លងមក និងបានលើកឡើងពីផែនការយុទ្ធសាស្ត្រក្នុងការពង្រីកប្រតិបត្តិការសេវាហិរញ្ញវត្ថុឱ្យកាន់តែសម្បូរបែប។ បន្ថែមលើនេះ លោកស្រី Pathatai Kulachan ក៏បានរំលេចឡើងពីគម្រោងលើកកម្ពស់សមត្ថភាពប្រតិបត្តិការសេវាធនាគារចល័ត តាមរយៈបច្ចេកវិទ្យាថ្មីៗផងដែរ។ ជាការឆ្លើយតប លោកជំទាវទេសាភិបាលបានសាទរចំពោះវឌ្ឍនភាពការងាររបស់ធនាគារ ហត្ថា នាពេលកន្លងមក និងបានស្វាគមន៍ដល់ការលើកឡើងពីផែនការយុទ្ធសាស្ត្រថ្មីៗដែលគ្រោងដាក់ឱ្យអនុវត្ត ក៏ដូចជាគម្រោងលើកកម្ពស់សមត្ថភាពប្រតិបត្តិការធនាគារ តាមរយៈបច្ចេកវិទ្យា។ ទន្ទឹមនេះ លោកជំទាវក៏បានណែនាំដល់ក្រុមការងារធនាគារ ហត្ថា ឱ្យបង្កើនសកម្មភាពបញ្ជ្រាបការយល់ដឹងបន្ថែមដល់អតិថិជន និងបុគ្គលិក ទាក់ទងនឹងយុទ្ធសាស្រ្តថ្មីៗ និងបានលើកទឹកចិត្តឱ្យមានការចែករំលែកចំណេះដឹង និងបទពិសោធល្អៗពីធនាគារ ក្រុងស្រុី ដែលជាក្រុមហ៊ុនមេ មកកាន់ធនាគារ ហត្ថា ផងដែរ។

នៅចុងបញ្ចប់នៃកិច្ចប្រជុំ លោកស្រី Pathatai Kulachan  ក្នុងនាមធនាគារ ហត្ថា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះធនាគារជាតិនៃកម្ពុជា សម្រាប់ការគាំទ្រដ៏រឹងមាំ និងការណែនាំដ៏មានតម្លៃ។ លោកស្រីបានសង្កត់ធ្ងន់លើសារៈសំខាន់នៃកិច្ចគាំទ្រយ៉ាងពេញទំហឹងចំពោះធនាគារ ហត្ថា ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញភាពជោគជ័យរបស់ធនាគារ និងធានាការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវផែនការយុទ្ធសាស្ត្ររបស់ខ្លួន។