ធនាគារ ហត្ថា និងក្រុមហ៊ុន ស៊ីអឹមអ៊ីឌី ខនស្ត្រាក់សិន ប្រារព្ធពិធីបញ្ចប់ដោយជោគជ័យនូវអគារការិយាល័យកណ្តាលថ្មីរបស់ធនាគារ ហត្ថា

ភ្នំពេញ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤៖ ធនាគារ ហត្ថា ដែលជាក្រុមហ៊ុនបុត្រសម័្ពន្ធរបស់ ធនាគារ ក្រុងស្រ៊ី ដែលជាធនាគារពាណិជ្ជធំជាងគេលំដាប់ទី៥ នៅក្នុងប្រទេសថៃ និងជាសមាជិកនៃសម្ព័ន្ធហិរញ្ញវត្ថុអន្តរជាតិ MUFG មានមោទនភាពក្នុងការប្រកាសពីការបញ្ចប់ដោយជោគជ័យ និងការប្រគល់-ទទួលអគារការិយាល័យកណ្តាលថ្មីរបស់ខ្លួន ដែលត្រូវបានគូសប្លង់ និងសាងសង់ឡើងដោយក្រុមហ៊ុន ស៊ីអឹមអ៊ីឌី ខនស្ត្រាក់សិន។ ពិធីប្រគល់-ទទួលជាផ្លូវការដែលបានធ្វើឡើងនៅថ្ងៃនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់ធនាគារ ហត្ថា ក្នុងការទទួលបានកម្មសិទ្ធិ និងការគ្រប់គ្រងប្រតិបត្តិការនៃអគារពេញលេញ។

ជាងនេះទៅទៀត អគារដ៏ទំនើបនេះ ដែលមានទីតាំងស្ថិតនៅលើមហាវិថីសម្តេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) ក្នុងរាជធានីភ្នំពេញ គឺជាសក្ខីភាពដ៏រឹងមាំនៃការប្តេជ្ញាចិត្តរបស់ធនាគារ ហត្ថា ចំពោះប្រទេសកម្ពុជា។ ព្រឹត្តិការណ៍នេះមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់របស់ធនាគារ ហត្ថា និង ក្រុមហ៊ុន ស៊ីអឹមអ៊ីឌី ខនស្ត្រាក់សិន ដែលឆ្លុះបញ្ចាំងពីភាពជាដៃគូ និងកិច្ចសហការដ៏រឹងមាំ ដែលបានធ្វើឱ្យគម្រោងអគារនេះមានរូបរាងឡើង។

នៅក្នុងបរិបទនេះ លោក មិន សុផា ប្រធាននាយកប្រតិបត្តិ នៃធនាគារ ហត្ថា បានមានប្រសាសន៍ថា "ការិយាល័យកណ្តាលថ្មីនេះ មិនត្រឹមតែជាអគារការិយាល័យធ្វើការប៉ុណ្ណោះទេ ប៉ុន្តែផ្តល់នូវឱកាស និងជាសក្ខីភាពចំពោះចក្ខុវិស័យ និងគុណតម្លៃដែលជំរុញធនាគារ ហត្ថា ឱ្យមានវឌ្ឍនភាពទៅមុខ"។ លោកបានបន្ថែមថា "អគារការិយាល័យកណ្តាលថ្មីនេះ នឹងដើរតួជាបណ្តុំនៃប្រតិបត្តិការរបស់យើង ដែលអាចឱ្យយើងបម្រើអតិថិជនបានកាន់តែប្រសើរ ជំរុញនវានុវត្តភាព​​ និងបង្កើតកន្លែងធ្វើការងារដ៏ប្រសើរដែលបុគ្គលិករបស់យើងអាចបន្តផ្តល់នូវផលិតផល និងសេវាកម្មដ៏ល្អឥតខ្ចោះសម្រាប់អតិថិជនរបស់យើង"។  

ក្រុមហ៊ុន ស៊ីអឹមអ៊ីឌី ខនស្ត្រាក់សិន បានទទួលសិទ្ធិផ្នែកគូសប្លង់ និងសាងសង់សម្រាប់គម្រោងនេះ។ នាយិកាគ្រប់គ្រងនៃក្រុមហ៊ុន ស៊ីអឹមអ៊ីឌី ខនស្ត្រាក់សិន លោកស្រី ជេននី ជា សុខយូ មានប្រសាសន៍ថា "អគារនេះត្រូវបានរចនា និងសាងសង់ដោយគិតគូរពីប្រតិបត្តិករអគារ ដោយបំពេញតាមស្តង់ដារអន្តរជាតិ និងគោរពតាមមាត្រដ្ឋានអគារ BS Code"។ ជាការទទួលស្គាល់ចំពោះសមិទ្ធិផលរបស់គម្រោង លោកស្រីបានបន្ថែមថា អគារនេះគឺជា “អគារទីមួយក្នុងប្រទេសកម្ពុជាដែលបំពេញតាមតម្រូវការរបស់ក្រសួងបរិស្ថានយ៉ាងពេញលេញ ដោយអនុលោមតាមស្តង់ដាររោងចក្របន្សុទ្ធទឹកទំហំអង្កត់ផ្ចិត១០ (STP) ហើយត្រូវបានបញ្ជាក់ដោយ Green Mark ដែលបង្ហាញពីការប្តេជ្ញាចិត្តចំពោះនិរន្តរភាព និងការទទួលខុសត្រូវបរិស្ថាន”។ ដោយសារសុវត្ថិភាពគឺជាអាទិភាពចម្បងរបស់ CMED សម្រាប់គម្រោងទាំងអស់ លោកស្រីមានសេចក្តីសោមនស្សរីករាយក្នុងការនិយាយថា "គម្រោងនេះសម្រេចបានដោយគ្មានគ្រោះថ្នាក់ការងារទាំងអស់ ដែលជាសក្ខីភាពមួយចំពោះពិធីសារសុវត្ថិភាពដ៏តឹងរឹង និងការយកចិត្តទុកដាក់គ្រប់ជ្រុងជ្រោយនៅគ្រប់ដំណាក់កាលសាងសង់ទាំងអស់"។

ធនាគារ ហត្ថា មានការវិវត្តជាច្រើនដំណាក់កាលចាប់តាំងពីការចាប់ផ្តើមរបស់ខ្លួន ដោយបានកម្លាយខ្លួនដោយជោគជ័យពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយ ទៅជាធនាគារពាណិជ្ជឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា។ ការបញ្ចប់ការិយាល័យកណ្តាលថ្មីដ៏លេចធ្លោនេះ គឺជានិមិត្តរូបនៃការយកចិត្តទុកដាក់របស់ធនាគារ ហត្ថា ចំពោះវិបុលភាព ឧត្តមភាពសេវាកម្ម និងនវានុវត្តភាព។ វាបង្ហាញពីការប្តេជ្ញាចិត្តក្នុងការផ្តល់ជូនអតិថិជននូវសេវាកម្មប្រកបដោយបទដ្ឋានខ្ពស់បំផុត ការបង្កើត និងផ្តល់នូវបរិយាកាសការងារដ៏ប្រសើរសម្រាប់បុគ្គលិករបស់ខ្លួន បន្ថែមពីលើការរួមចំណែកក្នុងការអភិវឌ្ឍវិស័យធនាគាររបស់កម្ពុជា។

ជាមួយនឹងការិយាល័យកណ្តាលថ្មីនេះ ធនាគារ ហត្ថានឹងសម្រេចបាននូវសមិទ្ធផលកាន់តែអស្ចារ្យមួយកម្រិតទៀត និងបង្កើតនូវគុណតម្លៃយូរអង្វែងសម្រាប់អតិថិជន បុគ្គលិក ព្រមទាំងភាគទុនិករបស់ខ្លួនផងដែរ។