លក្ខខណ្ឌ ប្រើប្រាស់សេវាធនាគារចល័ត

១. ការណែនាំទូទៅ

លក្ខខណ្ឌទាំងនេះអនុវត្តចំពោះការប្រើប្រាស់សេវាធនាគារចល័ត ដែលហៅថា “ហត្ថាប៊ែងម៉ូប៊ែល”។ លក្ខខណ្ឌដែលមានក្នុង កិច្ចព្រមព្រៀងនេះ ត្រូវអនុវត្តនិងគ្រប់គ្រងចំពោះអតិថិជនដែលបានចូលនិងប្រើប្រាស់សេវាធនាគារចល័តទាំងអស់ ដែលបានផ្តល់ឱ្យប្រើប្រាស់នាពេលបច្ចុប្បន្ន ឬអាចផ្តល់ឱ្យប្រើប្រាស់ នាពេលខាងមុខ។

លក្ខខណ្ឌទាំងនេះពិតជាសំខាន់ អតិថិជនត្រូវតែអាននិងយល់ឱ្យបានច្បាស់អំពីលក្ខខណ្ឌទាំងនេះមុនពេលប្រើប្រាស់សេវាធនាគារចល័ត អតិថិជនយល់ព្រមថាលក្ខខណ្ឌទាំងនេះ ត្រូវអនុវត្តចំពោះអតិថិជន ហើយអតិថិជនមានភារកិច្ចគោរព និងអនុវត្តទៅតាមលក្ខខណ្ឌដែលបានកំណត់។ ប្រសិនបើ អតិថិជនមិនយល់ច្បាស់នូវចំណុចណាមួយ ឬមានចម្ងល់ផ្សេងៗ សូមទំនាក់ទំនង មកផ្នែកបម្រើសេវាកម្ម ព័ត៌មាន តាមរយៈលេខ (៨៥៥) ២៣ ៩៩៩ ២៦៦, ២៣ ៩៩៤ ៣០៤ / (ឥតគិតកម្រៃសេវា) លេខ ១៨០០ ២១២ ២២២ ឬ អញ្ជើញមកកាន់ការិយាល័យសាខា ធនាគារហត្ថាណាមួយ។

អតិថិជនត្រូវអាន និងយល់ពី លក្ខខណ្ឌទាំងនេះ ដូចជា៖

១. លក្ខខណ្ឌទូទៅសម្រាប់ ប្រាក់បញ្ញើ (ប្រាក់បញ្ញើសន្សំ HYSA និងប្រាក់បញ្ញើមានកាលកំណត់)។

២. លក្ខខណ្ឌផ្ទេរប្រាក់

៣. កម្រៃសេវាផ្ទេរប្រាក់ និងកម្រៃសេវាផ្សេងៗដែលទាក់ទងការប្រើប្រាស់ផលិតផល។

២. ដែនកំណត់

លក្ខខណ្ឌទាំងនេះអនុវត្ត ចំពោះអតិថិជនរូបវន្តបុគ្គលតែប៉ុណ្ណោះ។

៣. ពាក្យគន្លឹះ

ពាក្យ និងឃ្លា ដែលបានប្រើប្រាស់ខាងក្រោម មានអត្ថន័យដូចតទៅ៖

១. សមតុល្យគណនី ៖ សមតុល្យគណនីគឺជាចំនួនប្រាក់ដែលមានវត្តមាននៅក្នុងគណនីធនាគាររបស់អតិថិជន ដូចជាគណនីសន្សំ ឬគណនីមូលប្បទានប័ត្រ នៅគ្រប់ពេលណាមួយ។ សមតុល្យគណនីគឺតែងតែជាចំនួនសុទ្ធបន្ទាប់ពីការរាប់បញ្ចូលក្នុងឥណពន្ធ និងឥណទានទាំងអស់។

២. ម្ចាស់គណនី៖ មានន័យថា បុគ្គលដែលមានគណនីជាឈ្មោះរបស់គាត់ផ្ទាល់ ឬឈ្មោះរួមគ្នាហើយ ធនាគារហត្ថា ធ្វើប្រតិបត្តិការយោងតាមការណែនាំ/បញ្ជា/ស្នើសុំ មួយ ឬច្រើន របស់អតិថិជន ។

៣. គណនី៖ មានន័យថា គណនីណាមួយរបស់អតិថិជនដែលមាននៅ ធនាគារហត្ថា និងមានការយល់ព្រមពី ធនាគារហត្ថា សម្រាប់ការប្រើប្រាស់សេវាធនាគារចល័ត។

៤. សមតុល្យដែលអាចប្រើប្រាស់៖ មានន័យថា ចំនួនសាច់ប្រាក់ដែលអាចប្រើប្រាស់បាននៅក្នុងគណនីនោះ ដែលមិនរាប់បញ្ចូល សមតុល្យអប្បបរមា ឬតម្លៃតម្កល់ក្នុងសមតុល្យ ។

៥. ជីវមាត្រ​ (Biometric)៖ មានន័យថា បច្ចេកវិទ្យាទទូលស្គាល់ស្នាមម្រាមដៃ ឬផ្ទៃមុខ មាននៅក្នុងប្រព័ន្ធរបស់ស្មាតហ្វូនដែលអនុញ្ញាតអោយអតិថិជនអាចប្រើប្រាស់ដើម្បីចូលប្រើប្រាស់កម្មវិធីហត្ថាប៊ែងម៉ូប៊ែលជំនួសលេខកូដសម្ងាត់។

៦. ថ្ងៃធ្វើការងារ៖ មានន័យថា ថ្ងៃដែលពុំមែនជាថ្ងៃចុងសប្តាហ៍ (សៅរ៍ និងអាទិត្យ) ឬថ្ងៃឈប់សម្រាកជាសាធារណៈ។

៧. អតិថិជន៖ មានន័យថា អ្នកដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ ដែលទាញយក និងប្រើប្រាស់សេវា “ហត្ថាប៊ែងម៉ូប៊ែល”។

៨. CIF៖ មានន័យថា លេខសម្គាល់អតិថិជន ដែលមានចំនួន ០៩ (ប្រាំបួន) ខ្ទង់។

៩. ឧបករណ៍៖ មានន័យថា ឧបករណ៍អេឡិចត្រូនិកណាមួយដែលអាចដំណើរការសេវាធនាគារអេឡិចត្រូនិក រួមមានជាអាទិ៍កុំព្យូទ័រលើតុ ឬយួរដៃ Tablet ទូរស័ព្ទ ឬឧបករណ៍អេឡិចត្រូនិកផ្សេងៗទៀត។

១០. ប្រតិបត្តិការហិរញ្ញវត្ថុ៖ មានន័យថា ព្រឹត្តិការណ៍ដែលទាក់ទងនឹងប្រតិបត្តិការសាច់ប្រាក់ចេញ ឬចូល ដែលមានដូចជាការផ្ទេរប្រាក់ ការទូទាត់ប្រាក់ ការបញ្ជូនទឹកប្រាក់ ផ្សេងៗ។

១១. ប្រធានសក្តិ៖ មានន័យថា ព្រឹត្តិការណ៍ដែលមិនអាចប៉ាន់ស្មានជាមុន កើតឡើងពីធម្មជាតិ សង្គ្រាម កុប្បកម្ម កូដកម្ម អំពើចលាចល បដិវត្ត ឬសកម្មភាពផ្ទុយច្បាប់ ដែលបំផ្លាញ សណ្តាប់ធ្នាប់សាធារណៈ ឬប្រឆាំងអាជ្ញាធរ វិវាទក្នុងវិស័យឧស្សាហកម្ម ឬការងារ ភាពរាំងស្ទះដំណើរការរដ្ឋាភិបាល ភាពវឹកវរក្នុងសង្គម កង្វះខាតថាមពល ឬការដាច់ចរន្តអគ្គិសនី ប្រព័ន្ធលែងដំណើរការភ្លាមៗ ឬព្រឹត្តិការណ៍ផ្សេងទៀត ដែលហួសពីសមត្ថភាពគ្រប់គ្រងបាន។

១២. សេវា “ហត្ថាប៊ែងម៉ូប៊ែល”៖ មានន័យថា កម្មវិធីសេវាធនាគារចល័តដែលដំណើរការតាមរយៈគណនីប្រាក់បញ្ញើសន្សំ ដែលមាននៅ ធនាគារហត្ថា។

១៣. ប្រតិបត្តិការមិនមែនហិរញ្ញវត្ថុ៖ មានន័យថា ប្រតិបត្តិការទាំងឡាយណា ដែលមិនទាក់ទងនឹងសាច់ប្រាក់ ដូចជាការត្រួតពិនិត្យសមតុល្យគណនី ពិនិត្យមើលរបាយការណ៍សង្ខេប និងប្រតិបត្តិការផ្សេងៗទៀត​។ល

១៤. One-Time Password (OTP) មានន័យថា លេខកូដសម្ងាត់ ប្រើប្រាស់សម្រាប់បញ្ជាក់ពីការធ្វើប្រតិបត្តិការជាក់លាក់មួយ ដែល មាន០៦ (ប្រាំមួយ) ខ្ទង់ ត្រូវបានផ្ញើទៅកាន់លេខទូរស័ព្ទដែលភ្ជាប់សេវាធនាគារចល័ត ហើយនឹងត្រូវផុតកំណត់ក្រោយរយៈពេល ០៣ (បី) នាទី បន្ទាប់ពីផ្ញើចេញ។

១៥. ផ្ទេរប្រាក់ទៅគណនីផ្ទាល់ខ្លួន៖ មានន័យថា សាច់ប្រាក់ដែលត្រូវបាន ផ្ទេរ រវាងគណនីផ្ទាល់ខ្លួនរបស់អតិថិជន ដែលមាននៅ ធនាគារហត្ថា និងស្ថិតក្រោមលេខសម្គាល់អតិថិជនតែមួយ (CIF)

១៦. PIN មានន័យថា លេខកូដចំនួន៦ (ប្រាំមួយ) ខ្ទង់ ដែលបង្ហាញចេញពីប្រព័ន្ធ សម្រាប់បញ្ជាក់ប្រតិបត្តិការដកប្រាក់តាមរយៈ ATM របស់ធនាគារហត្ថា។

១៧. Push Notificationមានន័យថា សារអេឡិចត្រូនិកស័្វយប្រវតិ្តដែល កម្មវិធីធនាគារចល័តបានផ្ញើរទៅកាន់អតិថិជន នៅពេលដែលគណនីមានប្រតិបត្តិការកើតឡើង ឬមានការបញ្ចូលព័ត៌មាន។

១៨. ដៃគូអាជីវកម្ម៖ មានន័យថា ក្រុមហ៊ុន ឬគ្រឹះស្ថាន/ស្ថាប័នដែលជាដៃគូអាជីវកម្មជាមួយ ធនាគារហត្ថា ដើម្បីផ្តល់សេវា ឬផលិតផលរបស់ខ្លួន ទៅកាន់អតិថិជន តាមរយៈ ធនាគារហត្ថា។

១៩. Source Accountមានន័យថា គណនីរបស់អតិថិជនដែលមាន នៅ ធនាគារហត្ថា ដែល បានត្រូវកំណត់ដោយអតិថិជនសម្រាប់ធ្វើប្រតិបត្តិការសេវាធនាគារចល័ត។

២០. សំណួរនិង ចម្លើយសុវត្ថិភាព៖ មានន័យថា សំណួរនិង ចម្លើយសុវត្ថិភាពសម្រាប់បន្ថែមសុវត្ថិភាពមួយកម្រិតទៀតដល់អតិថិជន។

២១. PIN មានន័យថា លេខកូដសម្គាល់ផ្ទាល់ខ្លួន សម្រាប់ចូលប្រើប្រាស់សេវាហត្ថាប៊ែងម៉ូប៊ែល​ និងបញ្ជាក់ពីការធ្វើប្រតិបត្តិការ ដែលមានលេខ ០៤ (បួន) ខ្ទង់ ជាតួលេខ។

២២. យើង-ពួកយើង-របស់យើង៖ មានន័យថា ធនាគារហត្ថា ដែលជាស្ថាប័នផ្តល់សេវាធនាគារចល័តទៅដល់អតិថិជន។

២៣. ការផ្ទេរប្រាក់តាមធនាគារ៖ មានន័យថា សាច់ប្រាក់ដែលត្រូវបានផ្ទេរ តាមរយៈគណនីប្រាក់បញ្ញើសន្សំណាមួយនៅធនាគារហត្ថា។

៤. លក្ខខណ្ឌប្រើប្រាស់

ចំពោះការប្រើប្រាស់សេវា “ហត្ថាប៊ែងម៉ូប៊ែល” អតិថិជនបញ្ជាក់អះអាងពីការយល់ព្រម លើលក្ខខណ្ឌទាំងអស់ដែលជាកិច្ចសន្យារវាងអតិថិជន និង ធនាគារហត្ថា។ សេវា “ហត្ថាប៊ែងម៉ូប៊ែល” ត្រូវនៅក្រោមការគ្រប់គ្រងដោយលក្ខខណ្ឌទាំងនេះ ហើយអាចត្រូវបានកែប្រែដោយ ធនាគារហត្ថា។ លក្ខខណ្ឌទាំងនេះជាលក្ខខណ្ឌបន្ថែម និងគ្មានផលប៉ះពាល់ទៅលើលក្ខខណ្ឌដទៃទៀតដែលពាក់ព័ន្ធទៅនឹងការប្រើប្រាស់គណនីណាមួយរបស់អតិថិជន និង/ឬ ផលិតផល ឬសេវាដែលបានផ្ដល់ដោយ ធនាគារហត្ថា លើកលែងតែករណីពិសេសណាមួយដែលបានចែងច្បាស់។

៥. ការប្រើប្រាស់

៥.១ ការចូលប្រើប្រាស់សេវា ហត្ថាប៊ែងម៉ូប៊ែល

ក) អតិថិជនអាចធ្វើការចូលប្រើប្រាស់សេវា “ហត្ថាប៊ែងម៉ូប៊ែល” ដោយខ្លួនឯង ហើយត្រូវតែជាម្ចាស់គណនី និងត្រូវប្រើប្រាស់ លេខទូរស័ព្ទ ដែលបានប្រើប្រាស់សម្រាប់បើកគណនី។

ខ) បន្ទាប់ពីអតិថិជនបានបញ្ចូលលេខគណនីនិង លេខទូរស័ព្ទភ្ជាប់ជាមួយលេខគណនីរួចរាល់ អតិថិជននឹងតម្រូវអោយបញ្ចូលនៅលេខកូដ OTP ចំនួន៦ (ប្រាំមួយ) ខ្ទង់។

គ) ក្នុងករណី OTP បានសម្រេចរួចរាល់៖

. អ្នកប្រើប្រាស់ចាស់៖ ត្រូវបញ្ចូល​លេខកូដ PIN ដើម្បីបន្ត។ បន្ទាប់មកអតិថិជនអាចមានជម្រើសក្នុងការបើកប្រើ Biometric

. អ្នកប្រើប្រាស់ថ្មី៖ ត្រូវបញ្ចូលនៅលេខកូដ PIN ថ្មីនិង លេខកូដ PIN បញ្ជាក់លើ PIN ថ្មី។ បន្ទាប់មកអតិថិជនត្រូវជ្រើសរើសនិង បញ្ចូលនៅសំណួរនិង ចម្លើយសុវត្ថិភាពដើម្បីបន្ត។ ចុងក្រោយអតិថិជននឹងមានជម្រើសក្នុងការបើកប្រើ Biometric 

៥.២ ការប្រើប្រាស់គណនី

ក) អតិថិជនអាចប្រើប្រាស់ និងធ្វើប្រតិបត្តិការ គណនីដែលមាន លេខសម្គាល់អតិថិជន (CIF) របស់ខ្លួនបានតាមរយៈសេវាធនាគារចល័ត បន្ទាប់ពីការចុះឈ្មោះប្រើប្រាស់ទទួលបានជោគជ័យ ដោយអនុលោមទៅតាមលក្ខខណ្ឌប្រើប្រាស់គណនីដូចខាងក្រោម៖

១. គណនីទោល ឬគណនីរួម (លក្ខខណ្ឌម្នាក់ណា ក៏មានសិទ្ធិ)៖ អាចប្រើប្រាស់ និងធ្វើប្រតិបត្តិការមិនមែនហិរញ្ញវត្ថុ និង/ឬហិរញ្ញវត្ថុ បានពីគ្រប់គណនីដែលមានទាំងអស់។

២. គណនីរួម (លក្ខខណ្ឌរួមគ្នាទាំងអស់មានសិទ្ធិ)៖ អាចបានតែអាន និងពិនិត្យព័ត៌មានគណនីតែប៉ុណ្ណោះ ឬអាចធ្វើប្រតិបត្តិការមិនមែនហិរញ្ញវត្ថុបាន។

ខ) សេវាធនាគារចល័តរបស់ពួកយើង ដាក់ឱ្យដំណើរការ ២៤(ម្ភៃបួន)ម៉ោងក្នុងថ្ងៃ និង០៧(ប្រាំពីរ)ថ្ងៃក្នុង ០១(មួយ)សប្តាហ៍ និង ៣៦៥(បីរយហុបសិបប្រាំ) ថ្ងៃក្នុង០១(មួយ)ឆ្នាំ លើកលែងចំពោះការថែទាំប្រព័ន្ធរួមមាន ការមិនដំណើរការរបស់កម្មវិធី Software Network សេវា ឬប្រព័ន្ធអ៊ីនធើណេត និងកម្មវិធីណាមួយដែលមានបញ្ហា ។

គ) សេវាធនាគារចល័ត អាចប្រើប្រាស់ជាមួយស្មាតហ្វូនតែមួយប៉ុណ្ណោះ។ ក្នុងករណីដែលអតិថិជនធ្វើការចូលប្រើម្តងទៀតក្នុង ស្មាតហ្វូនថ្មី នោះស្មាតហ្វូនចាស់ពុំអាចប្រើប្រាស់បានទៀតទេ លុះត្រាតែធ្វើការចូលប្រើប្រាស់ម្តងទៀតក្នុងស្មាតហ្វូនចាស់ឡើងវិញទើបអាចប្រើប្រាស់បាន។

៦. ចំនួនប្រតិបត្តិការប្រចាំថ្ងៃ

ក) ចំនួនប្រតិបត្តិការប្រចាំថ្ងៃ គឺជាចំនួនបង្គរជាអតិប្បរមា ដែលបានធ្វើ ប្រតិបត្តិការគ្រប់ប្រភេទ តាមរយៈសេវាធនាគារចល័ត ក្នុងរយៈពេល ២៤ (ម្ភៃបួន) ម៉ោង។

ខ) ធនាគារហត្ថា អាចកែប្រែ ឬ កំណត់ចំនួនប្រតិបត្តិការប្រចាំថ្ងៃថ្មី ទៅលើប្រតិបត្តិការហិរញ្ញវត្ថុតាមរយៈសេវាធនាគារចល័ត ទៅតាមការសម្រេចរបស់ ធនាគារហត្ថា ឬតាមច្បាប់កំណត់។

៧. ទំនួលខុសត្រូវនៃការប្រើប្រាស់

ក) អតិថិជនត្រូវថែរក្សា សំណួរនិង ចម្លើយសុវត្ថិភាព (Security Question)/ លេខកូដប្រតិបត្តិការ(PIN)ឱ្យមានសុវត្ថិភាពតាមវិធានផ្ទាល់ខ្លួន ចៀសវាងការស្គាល់ និងបានដឹងដោយជនទីបីណាមួយ។

ខ) អតិថិជនត្រូវទទួលខុសត្រូវលើការបាត់បង់សាច់ប្រាក់ពីប្រតិបត្តិការមិនប្រក្រតីណាមួយក្នុងគណនីរបស់អតិថិជន ដែលបានកើតឡើងមុនពេលជូនដំណឹងមកកាន់ ធនាគារហត្ថា អំពីការណ៍ដែលសំណួរនិង ចម្លើយសុវត្ថិភាព (Security Question) ឬលេខកូដប្រតិបត្តិការ (PIN) ពុំបានប្រើប្រាស់ ឬប្រើដោយជនទីបី ក្នុងករណី៖

១. អតិថិជនមិនបានថែរក្សា និងរក្សាទុកសំណួរនិង ចម្លើយសុវត្ថិភាព (Security Question)/លេខកូដប្រតិបត្តិការ (PIN) ឱ្យមានសុវត្ថិភាពស្របទៅតាម លក្ខខណ្ឌ ឬ

២. អតិថិជនគ្មានហេតុផលសមរម្យពីការខកខានជូនដំណឹងមក ធនាគារហត្ថា អំពីការណ៍ដែលសំណួរនិង ចម្លើយសុវត្ថិភាព (Security Question)/លេខកូដប្រតិបត្តិការ (PIN) មិនបានប្រើប្រាស់ បាត់បង់ ឬលួច ឬត្រូវបានដឹង/ស្គាល់ដោយជនទីបី។ ការជូនដំណឹងមក ធនាគារហត្ថា អំពីព្រឹត្តិការណ៍បាត់បង់ចន្លោះពេលណាមួយ អតិថិជនត្រូវមានហេតុផលសមរម្យ ពីបញ្ហាដែលកើតឡើង ឬ

១. អតិថិជនបានបង្ហាញសំណួរនិង ចម្លើយសុវត្ថិភាព (Security Question)/លេខកូដប្រតិបត្តិការ (PIN) របស់ខ្លួន ឬរក្សាទុក និងលាក់បាំងសំណួរនិង ចម្លើយសុវត្ថិភាព (Security Question)/លេខកូដប្រតិបត្តិការ (PIN) បានត្រឹមត្រូវ ប៉ុន្តែពុំបានការពារ សុវត្ថិភាពគ្រប់គ្រាន់។

២. អតិថិជន ប្រគល់សិទ្ធិឱ្យជនណាម្នាក់ប្រើប្រាស់ សំណួរនិង ចម្លើយសុវត្ថិភាព (Security Question)/លេខកូដប្រតិបត្តិការ (PIN) ដើម្បីធ្វើប្រតិបត្តិការណាមួយ អតិថិជនត្រូវទទួលខុសត្រូវរាល់ទង្វើរដែលបានកើតឡើងពីជននោះ។

គ) អតិថិជនត្រូវទទួលខុសត្រូវ និងយល់ព្រម បង់សងសំណងជូន ធនាគារហត្ថា ចំពោះការបាត់បង់ ឬការខូចខាតដែល កើតឡើង ដោយសារតែអតិថិជនមិនបានគោរព/អនុវត្តកាតព្វកិច្ចទៅតាមលក្ខខណ្ឌទាំងអស់នេះ ឬការធ្វេសប្រហែស ឬការលួចបន្លំនៅពេលប្រើប្រាស់សេវា។

ឃ) អតិថិជនយល់ព្រមថា ធនាគារហត្ថា មិនទទួលខុសត្រូវចំពោះ ការសងសំណង ការបាត់បង់ ការខូចខាត រួមទាំងចំណាយផ្លូវច្បាប់ ផ្សេងៗ ទោះបីជាមាន/គ្មានហេតុផលសមរម្យ ឬទោះបីជាកើតឡើងដោយផ្ទាល់/ប្រយោល ដែលបណ្ដាលមកពីកំហុសឆ្គង (Error) ការពន្យាពេល ការខាកខានអនុវត្តកាតព្វកិច្ច សេវាធនាគារចល័តពុំអាចប្រើប្រាស់ ឬ បញ្ហាកើតឡើងហួសពីសមត្ថភាព គ្រប់គ្រងរបស់ ធនាគារហត្ថា ដូចដែលមានចែងក្នុងប្រការ ៣ ចំណុច ៩ (ប្រធានសក្តិ)។

ង) ធនាគារហត្ថា នឹងមិនទទួលខុសត្រូវ ចំពោះប្រតិបត្តិការ ជាមួយគណនី គ្មានទឹកប្រាក់គ្រប់គ្រាន់ ឬ បិទ ឬផ្អាកដំណើរការ ឬអសកម្ម (Dormant)

ច) ធនាគារហត្ថា នឹងមិនទទួលខុសត្រូវ ចំពោះប្រតិបត្តិការដែលអតិថិជនមិនបញ្ជាក់ប្រាប់ ធនាគារហត្ថា ឱ្យបានត្រឹមត្រូវ ឬទឹកប្រាក់នៅក្នុងគណនីស្ថិតក្រោមដំណើរការត្រួតពិនិត្យ តាមផ្លូវច្បាប់ ឬមានការទប់ស្កាត់ផ្សេងៗ ដូចជា ការចំណាយ/ទូទាត់ ឬការផ្ទេរប្រាក់...។

ឆ) ធនាគារហត្ថា នឹងមិនទទួលខុសត្រូវ ចំពោះប្រតិបត្តិការដែលអតិថិជនផ្ទាល់ ឬជនណាម្នាក់ទទួលបានសិទ្ធិប្រើប្រាស់សំណួរនិង ចម្លើយសុវត្ថិភាព (Security Question)/លេខកូដប្រតិបត្តិការ (PIN) ប្រព្រឹត្ត ការលួចបន្លំ ឬប្រព្រឹត្តផ្ទុយពីច្បាប់ ឬបទប្បញ្ញតិ្តនានា។

ជ) ធនាគារហត្ថា រក្សាសិទ្ធិក្នុងការកែប្រែ ការលុបចោល ឬបញ្ចប់លក្ខខណ្ឌនៃការប្រើប្រាស់សេវាធនាគារចល័ត។ ធនាគារហត្ថា រក្សាសិទ្ធិ ផ្លាស់ប្តូរ និង/ឬធ្វើបច្ចុប្បន្នភាពសេវាធនាគារចល័តបានគ្រប់ពេល ដោយគ្រាន់តែជូនដំណឹងអំពីការផ្លាស់ប្តូរនេះ តាមរយៈមធ្យោបាយណាមួយ ដូចខាងក្រោម៖

១. តាមរយៈអ៊ីម៉ែល ដែលបានចុះឈ្មោះជាមួយ ធនាគារហត្ថា/សេវាធនាគារចល័ត ឬ

២. តាមរយៈការបិទផ្សាយព័ត៌មាននៅតាមការិយាល័យសាខា តាមវេបសាយ ឬតាមបណ្តាញទំនាក់ទំនងសង្គម នៃធនាគារហត្ថា ឬ

៣. តាមរយៈសារទូរស័ព្ទទៅលេខដែលបានចុះឈ្មោះ

ឈ) ដើម្បីប្រើប្រាស់សេវាកម្មទៅតាមការកែប្រែ ឬផ្លាស់ប្ដូរ អតិថិជនគ្រាន់តែយល់ព្រមទទួល ការកែប្រែ ឬផ្លាស់ប្ដូរចំពោះលក្ខខណ្ឌ នោះអតិថិជននឹងទទួលបានដំណឹងអំពី ការកែប្រែ ឬផ្លាស់ប្តូរ។

៨. សុវត្ថិភាពនៃការប្រើប្រាស់

ក) សំណួរនិង ចម្លើយសុវត្ថិភាព (Security Question) និង លេខកូដប្រតិបត្តិការ (PIN) គឺជាមធ្យោបាយ ចូលប្រើប្រាស់ គណនីរបស់ខ្លួន និងមានសារៈសំខាន់បំផុត ដែលមិនត្រូវបង្ហាញទៅជនទីបី។

ខ) អតិថិជនត្រូវអនុវត្តទៅតាមការណែនាំដូចខាងក្រោម ដើម្បីការពារសំណួរនិង ចម្លើយសុវត្ថិភាព (Security Question)/លេខកូដប្រតិបត្តិការ (PIN) របស់ខ្លួន៖

១. ជូនដំណឹងមក ធនាគារហត្ថា ភ្លាមៗ តាមរយៈមធ្យោបាយទាក់ទងដូចមានក្នុងប្រការ១២ នៃលក្ខខណ្ឌនេះ ប្រសិនបើអតិថិជនសង្ស័យថាសំណួរនិង ចម្លើយសុវត្ថិភាព (Security Question)/លេខកូដប្រតិបត្តិការ (PIN) របស់ខ្លួន ត្រូវបានដឹងដោយជនណាម្នាក់។

២. ផ្លាស់ប្តូរសំណួរនិង ចម្លើយសុវត្ថិភាព (Security Question)/លេខកូដប្រតិបត្តិការ (PIN) ឱ្យបានញឹកញាប់ ទៅតាមការណែនាំរបស់ ធនាគារហត្ថា ឬដោយសារករណីសង្ស័យផ្សេងៗ។

៣. ប្រើប្រាស់សំណួរនិង ចម្លើយសុវត្ថិភាព (Security Question)/លេខកូដប្រតិបត្តិការ(PIN) នៃសេវាធនាគារចល័តឱ្យខុសគ្នាពីសំណួរនិង ចម្លើយសុវត្ថិភាព (Security Question) ផ្សេងទៀត។

៤. ប្រសិនបើអតិថិជនមានតម្រូវការផ្លាស់ប្តូរដំណើរការសេវាធនាគារចល័ត សូមធ្វើការទំនាក់ទំនងតាមលេខទូរស័ព្ទប្រការ១២ នៃលក្ខខណ្ឌនេះ ឬបុគ្គលិកនៅតាមបណ្ដាការិយាល័យសាខា។

៥. សូមកុំប្រើប្រាស់ថ្ងៃខែឆ្នាំកំណើត លេខទូរស័ព្ទ ឬអ្វីផ្សេងទៀតដែលមានភាពងាយស្រួលចំណាំ ឬបានដឹងដោយក្រុមគ្រួសារ មិត្តភ័ក្ត ឬជនណាម្នាក់ ដើម្បីបង្កើតសំណួរនិង ចម្លើយសុវត្ថិភាព (Security Question)/លេខកូដប្រតិបត្តិការ (PIN)

៦. ធ្វើការចាកចេញឱ្យលឿនពីសេវាធនាគារចល័ត (Log Out) នៅពេលបញ្ឈប់ការប្រើប្រាស់។

៧. អតិថិជនយល់ព្រមថានឹងមិនបង្ហាញ ឬផ្តល់លេខសម្ងាត់ (Password)/លេខកូដប្រតិបត្តិការ (PIN) ទៅជនទីបីនោះទេ។

៩. កម្រៃសេវា

ក) អតិថិជនយល់ព្រមធ្វើការបង់កម្រៃសេវាលើការប្រើប្រាស់សេវាធនាគារចល័ត។ កម្រៃសេវានេះនឹងកាត់ចេញពីគណនីរបស់អតិថិជនដែលបានកំណត់ដោយអតិថិជន ឬកំណត់ដោយ ធនាគារហត្ថា ករណីអតិថិជនមិនបានកំណត់។ ក្នុងករណីគណនីកំណត់មានទឹកប្រាក់មិនគ្រប់គ្រាន់ អតិថិជនយល់ព្រមឱ្យ ធនាគារហត្ថា ធ្វើការកាត់កម្រៃសេវាចេញពីគណនីផ្សេងរបស់អតិថិជន ដែលមានទឹកប្រាក់គ្រប់គ្រាន់ មាននៅ ធនាគារហត្ថា។

ខ) អតិថិជនទទួលខុសត្រូវលើការចំណាយគ្រប់កម្រៃសេវា ហើយត្រូវបង់សេវានៅពេលធ្វើប្រតិបត្តិការ ក្នុងករណីសមតុល្យគណនីមិនមានគ្រប់គ្រាន់សម្រាប់បង់កម្រៃសេវា ប្រតិបត្តិការនោះនឹងមិនទទួលបានជោគជ័យនោះទេ។

១០. ការបញ្ឈប់សេវា ឬផ្អាក

ក) អតិថិជនអាចបញ្ឈប់ការប្រើប្រាស់សេវាធនាគារចល័តបានគ្រប់ពេលវេលា ដោយតម្រូវឱ្យអញ្ជើញមកការិយាល័យសាខា ធនាគារហត្ថា ដើម្បីអនុវត្តទៅតាមនីតិវិធីដែលកំណត់។

ខ) ធនាគារហត្ថា អាចធ្វើការបញ្ឈប់ ឬផ្អាកការប្រើប្រាស់សេវាធនាគារចល័ត ដោយពុំចាំបាច់មាន ការព្រមព្រៀងពីអតិថិជនជាមុន នៅពេលដែលយើងមានព័ត៌មានគ្រប់គ្រាន់ និងអាចជឿជាក់បានថា ប្រតិបត្តិការនោះ គួរត្រូវបញ្ឈប់ ឬផ្អាក ដើម្បីការពារសុវត្ថិភាព និងបញ្ជៀសពីហានិភ័យ លួចបន្លំផ្សេងៗ។

១១. ការប្រឆាំងការលាងសម្អាតប្រាក់ ឬហិរញ្ញប្បទានភេវរកម្ម

ក) អតិថិជនទទួលស្គាល់ថា ធនាគារហត្ថា មានភារៈកិច្ច អនុវត្តនីតិវិធីប្រឆាំងការលាងសម្អាតប្រាក់ និងហិរញ្ញប្បទានភេវរកម្ម ដែលតម្រូវឱ្យ ធនាគារហត្ថា មិនត្រូវផ្តល់ ឬទទួលប្រតិបត្តិការហិរញ្ញវត្ថុណាមួយដែលទាក់ទងនឹងសកម្មភាព ឬបុគ្គលខាងលើ។

ខ) យោងទៅតាមច្បាប់នៃប្រទេសកម្ពុជា ឬប្រទេសដទៃផ្សេងទៀត ធនាគារហត្ថា មានកាតព្វកិច្ចដូចខាងក្រោម៖

១. ធនាគារហត្ថា អាចតម្រូវឱ្យអតិថិជនផ្តល់ព័ត៌មានបន្ថែមមួយចំនួន ដែលជាតម្រូវការក្នុងការអនុវត្តកាតព្វកិច្ច ឬដែលជាតម្រូវការច្បាប់។

២. ធនាគារហត្ថា រក្សាសិទ្ធិក្នុងការបង្ហាញ/ផ្ដល់ព័ត៌មានរបស់អតិថិជន នៅពេលមានតម្រូវការ ច្បាប់ ឬអាជ្ញាធរមានសមត្ថកិច្ច។

៣. ប្រតិបត្តិការរបស់អតិថិជនអាចនឹងត្រូវពន្យាពេល បង្ខាំង ឬបង្កក ប្រសិនបើ យើងមានព័ត៌មានសមរម្យដែលថាការប្រតិបត្តិការផ្ទេរប្រាក់ ឬទូទាត់នោះអាចមានភាព ផ្ទុយពីច្បាប់ណាមួយ។

៤. ធនាគារហត្ថា នឹងមិនទទួលខុសត្រូវចំពោះអតិថិជននោះទេ ក្នុងករណីដែល ធនាគារហត្ថា បានពន្យាពេល ឬបង្ខាំង ប្រតិបត្តិការណាមួយ និងបដិសេធបង់សងការចំណាយ ផ្សេងៗ ដែលជាប្រតិបត្តិការ ផ្ទុយពីច្បាប់។

គ) ធនាគារហត្ថា រក្សាសិទ្ធិក្នុងការប្រមូលព័ត៌មានអតិថិជនបន្ថែម និងអតិថិជនយល់ព្រមផ្តល់នូវព័ត៌មានទាំងនោះមក ធនាគារហត្ថា ដើម្បី៖

១. ជំនួយក្នុងការផ្តល់ព័ត៌មានអំពីសេវាកម្ម និងផលិតផល។

២. ពិចារណាលើការស្នើសុំរបស់អតិថិជនទៅលើសេវាកម្ម និងផលិតផល។

៣. អនុញ្ញាតឱ្យ ធនាគារហត្ថា ផ្តល់នូវសេវាកម្ម និងផលិតផល។

៤. ផ្តល់នូវសេវាកម្ម និងផលិតផលថ្មី ដែលអាចមានផលប្រយោជន៍ចំពោះអតិថិជន។

៥. ជំនួយក្នុងការរៀបចំក្នុងក្រុមហ៊ុន (ដូចជា បុត្រសម្ព័ន្ធ) សម្រាប់ជាការផ្សព្វផ្សាយ និងបប្បញ្ញតិ្តរបស់ នៃសេវាកម្ម និងផលិតផល។

៦. អនុវត្តការងាររដ្ឋបាល និងប្រតិបត្តិការផ្សេងៗ (រួមមានការគ្រប់គ្រងហានិភ័យ ការអភិវឌ្ឍន៍ប្រព័ន្ធនិងធ្វើតេស្ត ការដាក់ពិន្ទុឥណទាន ការបណ្តុះបណ្តាលបុគ្គលិក និងការស្រាវជ្រាវផ្នែកទីផ្សារ ឬការបំពេញតាមតម្រូវការរបស់អតិថិជន)។

៧. ការពារ ឬស៊ើបអង្កេតរាល់ការលួចបន្លំ ឬបទល្មើសណាមួយ ដែលតម្រូវដោយច្បាប់ ឬបទបញ្ញត្តិ និងប្រព័ន្ធទូទាត់ ក្នុងនិងក្រៅប្រទេសកម្ពុជា។

ឃ) ធនាគារហត្ថា រក្សាសិទ្ធិក្នុងការប្រើប្រាស់ព័ត៌មានអតិថិជន ដើម្បីការអភិវឌ្ឍន៍សេវាកម្ម និងផលិតផល ដើម្បីឱ្យមានភាពប្រសើរឡើងសម្រាប់អតិថិជន ស្របគោលបំណងទីផ្សារ វិភាគអាជីវកម្មឱ្យស្របទៅតាមតម្រូវការអតិថិជន និងចែករំលែកជាមួយក្រុមហ៊ុនមេរបស់ធនាគារហត្ថា (រួមមាន MUFG Bank, Mitsubishi UFJ financial Group, Inc “MUFG” និង Bank of Ayudhya Public Company Limited) ធនាគារជាតិនៃកម្ពុជា អាជ្ញាធរមានសមត្ថកិច្ច និងភ្នាក់ងាររបស់ធនាគារហត្ថា ដៃគូអាជីវកម្ម និងភាគីពាក់ព័ន្ធផ្សេងទៀតដែលកំណត់ដោយច្បាប់ បទប្បញ្ញត្តិជាធរមានរបស់ ព្រះរាជាណាចក្រកម្ពុជា និងបទប្បញ្ញត្តិនៃប្រទេសផ្សេងទៀត ដែលគ្រប់គ្រងទៅលើ ក្រុមហ៊ុនមេរបស់ធនាគារហត្ថា។ ធនាគារហត្ថា នឹងថែរក្សាជាសម្ងាត់ រាល់ព័ត៌មានរបស់អតិថិជន ដោយមិនត្រូវបានចែករំលែកទៅភាគីទីបី ដែលមិនស្ថិតក្នុងការកំណត់ខាងលើ ដោយមិនមានការយល់ព្រមពីអតិថិជនឡើយ។

១២. ព័ត៌មាន​ឯកជន

ក) ខណៈពេលដែលកំពុងប្រើប្រាស់សេវាកម្មធនាគារ ចល័ត  ធនាគារ ហត្ថា អាចស្នើសុំឱ្យអតិថិជនផ្តល់នូវព័ត៌មានដែលអាចកំណត់អត្តសញ្ញាណផ្ទាល់ខ្លួនជាក់លាក់ដែលអាចត្រូវបានប្រើដើម្បីទាក់ទង ឬកំណត់អត្តសញ្ញាណរបស់អតិថិជន។ ព័ត៌មានដែលអាចកំណត់អត្តសញ្ញាណផ្ទាល់ខ្លួនបានរួមបញ្ចូល ប៉ុន្តែមិនត្រូវបានកំណត់ចំពោះ៖

១. អាស័យ​ដ្ឋាន​អ៊ី​ម៉េ​ល

២. នាមខ្លួន និងនាមត្រកូល

៣. លេខសម្គាល់អតិថិជន (CIF) និងលេខគណនីរបស់អ្នក

៤. លេខទូរស័ព្ទ

៥. លេខកូដប្រៃសណីយ៍ អាសយដ្ឋាន ខេត្ត ទីក្រុង

៦. ទិន្នន័យប្រើប្រាស់

នៅពេលអ្នកចូលប្រើសេវាកម្ម តាមរយៈឧបករណ៍ចល័ត ធនាគារ ហត្ថា អាចប្រមូលព័ត៌មានមួយចំនួនដោយស្វ័យប្រវត្តិ រួមទាំង ប៉ុន្តែមិនកំណត់ចំពោះប្រភេទឧបករណ៍ចល័តដែលអ្នកប្រើដូចជា លេខសម្គាល់ឧបករណ៍ចល័តរបស់អ្នក អាសយដ្ឋាន IP នៃឧបករណ៍ចល័តរបស់អ្នក ប្រភេទទូរស័ព្ទរបស់អ្នក ប្រព័ន្ធប្រតិបត្តិការ ឧបករណ៍កំណត់អត្តសញ្ញាណតែមួយគត់ (unique device identifiers) និងទិន្នន័យវិភាគផ្សេងទៀត។

) ធនាគារ ហត្ថា អាចប្រើប្រាស់ទិន្នន័យផ្ទាល់ខ្លួនរបស់អតិថិជនសម្រាប់គោលបំណងដូចខាងក្រោម៖

១. ដើម្បីផ្តល់ និងថែរក្សាសេវាកម្មរបស់ធនាគារ ហត្ថា ។

២. ដើម្បីគ្រប់គ្រងគណនីរបស់អ្នក។

៣. ដើម្បីគាំទ្រដល់កាតព្វកិច្ចអនុលោមតាមច្បាប់ ឬបទប្បញ្ញត្តិជាធរមាន ឬជួយក្នុងការអនុវត្តច្បាប់ និងការស៊ើបអង្កេតដែលធ្វើឡើងដោយរដ្ឋាភិបាល និង/ឬអាជ្ញាធរណាមួយ។

៤. ដើម្បីទាក់ទងអ្នក។

) សុវត្ថិភាពនៃទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកមានសារៈសំខាន់ចំពោះធនាគារ ហត្ថា ប៉ុន្តែត្រូវចាំថា គ្មានវិធីសាស្រ្តនៃការបញ្ជូនតាមអ៊ីនធឺណិត ឬវិធីសាស្រ្តនៃការផ្ទុកក្នុងអង់ចងចាំរបស់ស្មាតហ្វួនមានសុវត្ថិភាព ១០០% នោះទេ។ ខណៈពេលដែលធនាគារ ហត្ថា ព្យាយាមប្រើមធ្យោបាយដែលអាចទទួលយកបានដើម្បីការពារទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក ប៉ុន្តែធនាគារ ហត្ថា មិនអាចធានាសុវត្ថិភាពទាំងស្រុងរបស់វាបានទេ។

១៣. ការដោះស្រាយវិវាទ

ក) ប្រសិនបើអតិថិជនមានចម្ងល់ទាក់ទងនឹងការចុះឈ្មោះប្រើប្រាស់ បណ្ដឹងតវ៉ា ឬ បញ្ហាផ្សេងៗ សូមធ្វើការទំនាក់ទំនងមកការិយាល័យសាខាណាមួយ ឬតាមរយៈអ៊ីម៉ែល ដែលមានក្នុងវេបសាយ www.hatthabank.com  ឬទូរសព្ទលេខ (+៨៥៥) ២៣ ៩៩៩ ២៦៦, ២៣ ៩៩៤ ៣០៤ ឬទូរសព្ទមិនគិតថ្លៃ លេខ ១៨០០ ២១២ ២២២។

ខ) យើងនឹងធ្វើការឆ្លើយសំណួររបស់អ្នក ឬដោះស្រាយបណ្តឹងតវ៉ា ដោយយោងទៅតាមនីតិវិធីរបស់ធនាគារហត្ថា។ ប្រសិនបើការស៊ើបអង្កេតនៅមិនទាន់បិទបញ្ចប់ក្នុងរយៈពេលនេះ ធនាគារហត្ថា នឹងធ្វើការជូនដំណឹងទៅលោកអ្នក។

១៤. ច្បាប់គ្រប់គ្រង

លក្ខខណ្ឌទាំងនេះស្ថិតក្រោមការគ្រប់គ្រង និងបកស្រាយស្របតាមច្បាប់ និងបទប្បញ្ញត្តិរបស់ធនាគារជាតិនៃកម្ពុជា (NBC) ច្បាប់ជាធរមានរបស់ប្រទេសកម្ពុជា និងបទប្បញ្ញតិ្តអន្តរជាតិដែលអាចអនុវត្តបានចំពោះប្រទេសកម្ពុជា។