ធនាគារ ហត្ថា និង មន្ទីរពេទ្យអន្តរជាតិ អរៀនដា បានចាប់ដៃគ្នាក្នុងការផ្តល់អត្ថប្រយោជន៍ដ៏ច្រើនសន្ធឹកសន្ធាប់ជូនអតិថិជនរបស់ខ្លួន

ភ្នំពេញ ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤៖ ធនាគារ ហត្ថា ដែលជាក្រុមហ៊ុនបុត្រសម័្ពន្ធរបស់ ធនាគារ ក្រុងស្រ៊ី ដែលជាធនាគារពាណិជ្ជធំជាងគេលំដាប់ទី៥ នៅក្នុងប្រទេសថៃ និងជាសមាជិកនៃសម្ព័ន្ធហិរញ្ញវត្ថុអន្តរជាតិ MUFG បានចុះហត្ថលេខាលើ​អនុស្សរណៈនៃការយោគយល់គ្នា ជាមួយមន្ទីរពេទ្យអន្តរជាតិ អរៀនដា ដែលជាមន្ទីរពេទ្យដ៏ធំលេចធ្លោមួយក្នុងចំណោមមន្ទីរ​ពេទ្យនានា នៅក្នុងប្រទេសកម្ពុជា។ ពិធីចុះអនុស្សរណៈនេះ បានប្រព្រឹត្តិឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់លោកឧកញ៉ា ហួត អៀងតុង ប្រធានអគ្គនាយក ធនាគារ ហត្ថា និង លោកជំទាវ ឧកញ៉ា គួន ធីតា ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​នៃ​មន្ទីរ​ពេទ្យ អរៀនដា ព្រមទាំងមានការចូលរួមពីសំណាក់គណៈគ្រប់គ្រងជាន់ខ្ពស់ និងបុគ្គលិកជាច្រើន ពីស្ថាប័នទាំងពីរ។

 

តាមរយៈអនុស្សរណៈនៃការយោគយល់គ្នានេះ ស្ថាប័នទាំងពីរនឹងធ្វើសហប្រតិបត្តិការក្នុងការបង្កើនលទ្ធភាពផ្តល់ជូននូវអត្ថប្រយោជន៍ជាច្រើនសន្ធឹកសន្ធាប់តាមរយៈការបញ្ចុះតម្លៃពិសេសពីមន្ទីរពេទ្យអន្តរជាតិ អរៀនដ ដូចជាការបញ្ចុះតម្លៃលើសេវា និងកញ្ចប់ពិនិត្យសុខភាពទូទៅ រហូតដល់៥០% ព្រមទាំងទទួលបានការបញ្ចុះតម្លៃភ្លាមៗរហូតដល់២០% សម្រាប់សេវាសម្ភព រោគស្ត្រី ជំងឺកុមារ ជំងឺទូទៅ សេវាសង្គ្រោះបន្ទាន់ក្នុង​ស្រុក ការចាក់វ៉ាក់សាំង និងសេវាសុខភាពជាច្រើនមុខទៀត សម្រាប់អតិថិជន បុគ្គលិកធនាគារ ហត្ថា និងក្រុមគ្រួសាររបស់ពួកគាត​់ ដោយគ្រាន់តែធ្វើការទូទាត់តាមរយៈហត្ថាម៉ូបាល និងប័ណ្ណហត្ថាវីសា ជាមួយនឹងមន្ទីរពេទ្យ ប៉ុណ្ណោះ។

លោកឧកញ៉ា ហួត អៀងតុង ប្រធានអគ្គនាយក ធនាគារ ហត្ថា បាន​មាន​ប្រសាសន៍ថា៖ កិច្ចសហការគ្នារវាង ធនាគារ ហត្ថា និងមន្ទីរពេទ្យអន្តរជាតិ អរៀនដពិតជាមានសារៈសំខាន់ និងផ្តល់អត្ថប្រយោជន៍ជាច្រើនដល់អតិថិជន និងបុគ្គលិករបស់ធនាគារ ហត្ថាលោកឧកញ៉ា បានមានប្រសាសន៍បន្ថែមថាំណាងឱ្យធនាគារ ហត្ថា ខ្ញុំសូមសំដែងការអបអរសាទរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់គណៈគ្រប់គ្រងនៃស្ថាប័នទាំងពីរ ដែលបានខិតខំបំពេញការងារនាំមកនូវសមិទ្ធផលដ៏សំខាន់នៃកិច្ចសហប្រតិបត្តិការរបស់ស្ថាប័នទាំងពីរនៅថ្ងៃនេះ និងតាមរយៈកិច្ចចាប់ដៃគូជាយុទ្ធសាស្ត្រនេះ អតិថិជនដ៏មានតម្លៃរបស់យើង នឹងទទួលបាននូវអត្ថប្រយោជន៍ពីការបញ្ចុះដ៏ធំសម្បើមដូចជាសេវាកញ្ចប់ពិនិត្យសុខភាពទូទៅ រហូតដល់៥០%  និងសេវាព្យាបាលដទៃផ្សេងទៀតរហូតដល់២០%

លោកជំទាវ ឧកញ៉ា គួន ធីតា បានបង្ហាញថា ក្នុងនាមខ្ញុំជាប្រជាពលរដ្ឋខ្មែរ ខ្ញុំមើលឃើញថា ប្រជាពលរដ្ឋខ្មែរមានភាពលំបាក នៅពេលមានបញ្ហាសុខភាព ត្រូវចេញទៅក្រៅប្រទេស ហេតុដូច្នេះហើយបានជាខ្ញុំ បង្កើតមន្ទីរពេទ្យដ៏ទំនើប និងមានស្តង់ដារអន្តរជាតិមួយនេះ និង លោកជំទាវឧកញ៉ា បង្ហាញថា ជាមួយនឹងគោលដៅរួមចំណែកក្នុងការពង្រឹងវិស័យសុខាភិបាលក្នុងស្រុក ដើម្បីកាត់បន្ថយការចេញទៅព្យាបាលនៅស្រុកក្រៅរបស់ប្រជាពលរដ្ឋកម្ពុជា មន្ទីរពេទ្យអន្តរជាតិ អរៀនដា បានគិតគូរល្អិតល្អន់នូវ តម្លៃដ៏សមរម្យរបស់ខ្លួន ដោយប្រកាន់យកគោលការណ៍ «តម្លៃក្នុងស្រុក គុណភាពស្តង់ដារអន្តរជាតិ» ដើម្បីឱ្យប្រជាជនទូទៅគ្រប់កម្រិតនៃស្តង់ដាជីវភាព មានលទ្ធភាពមកទទួលបាននូវសេវាកម្មសុខាភិបាល ពីមន្ទីរពេទ្យអន្តរជាតិអរៀនដា។ ជាក់ស្តែងចំពោះកញ្ចប់សម្រាលដោយធម្មជាតិ មានតម្លៃត្រឹមតែ ១០៩៩ដុល្លារ អតិថិជនទទួលបាននូវកញ្ចប់សម្រាលដោយធម្មជាតិ ដ៏មានសុវត្ថិភាព គុណភាព និងផាសុកភាពដែលក្នុង ១ ករណីៗ មានវេជ្ជបណ្ឌិតឯកទេស និងគិលានុបដ្ឋាយិកាជំនាញសម្រាលកូនរហូតដល់ ០៩ នាក់ ហើយអតិថិជន ឬអ្នកជំងឺនឹងទទួលបានការថែមជូនដោយឥតគិតថ្លៃនូវ កញ្ចប់ពិនិត្យសុខភាពទូទៅ, កញ្ចប់ពិនិត្យសុខភាពកុមារ និងកញ្ចប់ប្រឹក្សាអាហារូបត្ថម្ភ ពេលដែលជាវកញ្ចប់សម្រាលនេះទៀតផង។ 

 

អំពី ធនាគារ ហត្ថា

ធនាគារ ហត្ថា ជាធនាគារពាណិជ្ជដែលមានវត្តមាននៅក្នុងព្រះរាជាណាចក្រកម្ពុជាអស់រយៈកាល៣០ឆ្នាំមកហើយ   ផ្តល់ជូនសេវាហិរញ្ញវត្ថុយ៉ាងទូលំទូលាយដល់អតិថិជនរបស់ខ្លួន។ គិតត្រឹមត្រីមាសទី៤ ឆ្នាំ២០២៣ ធនាគារ ហត្ថា កំពុងកាន់កាប់តំណែងជាធនាគារពាណិជ្ជធំជាងគេលំដាប់ទី៤ផ្អែកលើការិយាល័យប្រតិបត្តិការរបស់ខ្លួន។ ធនាគារ ហត្ថា ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ ធនាគារ​​ ក្រុងស្រ៊ី ដែលជាសម្ព័ន្ធហិរញ្ញវត្ថុធំបំផុតលំដាប់ទី៥ នៅក្នុងព្រះរាជាណាចក្រថៃឡង់ដ៍ ដែលមានអាយុកាលអាជីវកម្មរយៈពេល ៧៨ឆ្នាំ។ ធនាគារ ក្រុងស៊្រី ជាសមាជិកយុទ្ធសាស្ត្រនៃសម្ព័ន្ធហិរញ្ញវត្ថុអន្តរជាតិ MUFG Financial Group ដែលជាសម្ព័ន្ធហិរញ្ញវត្ថុធំជាងគេនៅក្នុងប្រទេសជប៉ុន និងធំបំផុតមួយនៅក្នុងពិភពលោក។

អំពី មន្ទីរពេទ្យអន្តរជាតិ អរៀនដា

មន្ទីរពេទ្យអន្តរជាតិ អរៀនដា គឺជាមន្ទីរពេទ្យទូទៅ ដែលក្នុងនោះមានសេវាកម្មចម្បងដូចជា៖ ផ្នែកជំងឺលំបាកមានកូន ផ្នែកសម្ភព ផ្នែករោគស្ត្រី ផ្នែកជម្ងឺកុមារ ផ្នែកជម្ងឺទូទៅ ផ្នែកព្យាបាលជំងឺធ្ងន់(ICU) និងផ្នែកសង្គ្រោះបន្ទាន់ ២៤ ម៉ោង ព្រមទាំងមានផ្នែកជាច្រើនទៀតសម្រាប់បំពេញរាល់តម្រូវការបញ្ហាសុខភាពរបស់អ្នកជម្ងឺដែលមានដូចជា ផ្នែកជំងឺទឹកនោមផ្អែម ផ្នែកជំងឺសើស្បែក ផ្នែកជំងឺធ្ងន់ទារក ផ្នែកថតឆ្លុះរូបភាពវេជ្ជសាស្ត្រ ផ្នែកមន្ទីរពិសោធន៌ សេវាសង្គ្រោះបន្ទាន់តាមយន្តហោះពិសេស និងផ្នែកប្រឆាំងភាពចាស់។ ការជឿជាក់ និងទំនុកចិត្តរបស់អ្នកជំងឺមកលើយើងខ្ញុំ គឺដោយសារមន្ទីរពេទ្យអន្តរជាតិអរៀនដាផ្តល់អាទិភាពជាចម្បងលើសុខភាព និងអាយុជីវិតរបស់អ្នកជំងឺដោយពុះពារ ប្រឹងប្រែងធ្វើការព្យាបាលនូវករណីដែលស្មុគ្រស្មាញ ជំងឺធ្ងន់ធ្ងរ និងកាចសាហាវបំផុត ដោយបានសង្គ្រោះអាយុជីវិតទារក កុមារ ស្រ្តី និងជនទូទៅគួរជាទីមោទនភាព។ ភាពជោគជ័យនៃបេសកកម្មដ៏សំខាន់នេះគឺអាស្រ័យដោយការចូលរួមពីសំណាក់ក្រុមវេជ្ជបណ្ឌិត និងសមាជិកដទៃទៀតនៃមន្ទីរពេទ្យអន្តរជាតិអរៀនដា ដែលពោរពេញដោយបទពិសោធន៍ខ្ពស់ ជំនាញច្បាស់លាស់ មានការតាំងចិត្តមោះមុត បំពេញការងារប្រកបដោយការទទួលខុសត្រូវវិជ្ជាជីវៈ រួមផ្សំជាមួយឧបករណ៍ និងប្រព័ន្ធបច្ចេកវិទ្យាវេជ្ជសាស្រ្តទំនើប។